(កំពង់ស្ពឺ)៖ ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល នៅសាលានគរបាលភូមិភាគ៣ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ឯក ឯក មនោសែន​ អនុប្រធានបណ្ឌិត្យសភា​នគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋាន​បណ្ដុះបណ្ដាល បានលើកឡើងថា សិស្សនាយនគរបាល នាយនគរបាលរងទាំងអស់ ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ ដោយស័្វយប្រវត្តិសិក្សា និងទ្រីស្តី និងការអនុវត្តជាក់ស្តែង។

លោកឧត្តមសេនីយ៍​ឯក បញ្ជាក់ថា សិស្សនគរបាល ត្រូវមានវត្តមាន​គ្រប់ពេលសិក្សា និងពេលប្រជុំជួរ និងគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន និងហាមដាច់ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានា ពិសេសត្រូវគោរពឲ្យបានដាច់ខាត នូវរាល់បទបញ្ញត្តិដែលបានចែង ក្នុងបទបញ្ជាផ្ទៃក្នុង​ ហើយត្រូវប្រកាន់ខ្ជាប់ នូវទស្សនៈ រៀនឲ្យចេះ មិនមែនរៀនឲ្យចប់ គុណភាពមិនអាចសម្របសម្រួល​បានឡើយ​​។

អនុប្រធានបណ្ឌិត្យសភានគរបាលរូបនេះ ​សង្ឃឹមថា​ សិស្សនគរបាលដែលបានបញ្ចប់ការសិក្សា ត្រឡប់ទៅបម្រើការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបថការងារថ្មី ​ជាមន្ត្រីនគរបាល ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសីលធម៌ល្អ មានការទទួលខុសត្រូវ លើការងារ មានភាពស្មោះត្រង់ ដើម្បីឲ្យថ្នាក់នាំផ្ដល់ជំនឿទុកចិត្ត មកលើខ្លួន​៕