(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះឃាត់ខ្លួនបុរសជនជាតិអង់គ្លេសម្នាក់ ក្រោយទទួលបណ្ដឹង ពាក់ព័ន្ធការរំលោភបំពានផ្លូវភេទលើក្មេងស្រី។

ប្រតិបត្តិការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើង នៅក្នុងហាងកាហ្វេមួយកន្លែង ហើយបន្ដឆែកឆេរក្នុងខុនដូរមួយឈ្មោះ «ឌីអឹម» តាមបណ្ដោយ១០៩ ស្ថិតនៅសង្កាត់ទួលទំពូង២ ខណ្ឌចំការមន។

មន្ដ្រីនគរបាលដែលចូលរួមប្រតិបត្តិការនេះ បានបញ្ជាក់ថា ការឃាត់ខ្លួននេះ បន្ទាប់ពីកម្លាំងជំនាញទទួលបានពាក្យបណ្ដឹងពីម្ដាយក្មេងស្រីរងគ្រោះ៤នាក់ ដែលបានប្ដឹងជនបរទេសនេះថា បានបំពានផ្លូវភេទលើកូនរបស់ខ្លួន។

បច្ចុប្បន្នជនបរទេសរូបនេះ កម្លាំងជំនាញកំពុងសួរនាំ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕