(សៀមរាប)៖ កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគយអាស៊ានទី២៦ ដែលបានប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ​ក្រោមអធិបតីភាពលោក គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា និងជាប្រធានកិច្ចប្រជុំអគ្គនាយកគយអាស៊ាន ដែលមានការចូលរួមពីរដ្ឋបាលគយអាស៊ានទាំង១០ និងរដ្ឋបាលគយចិន, រដ្ឋបាលគយជប៉ុន, រដ្ឋបាលគយកូរ៉េ, រដ្ឋបាលគយអូស្រ្តាលី, ក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ាន-អាមេរិក និងក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ាន-អឺរ៉ុប។

លោក គុណ ញឹម បានបញ្ជាក់ថា នេះជាកិត្តិយសរបស់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនេះ និងបានថ្លែងអបអរសាទរខួប៥០ឆ្នាំ នៃការបង្កើតសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន ព្រមទាំងលើកឡើងពី ជោគជ័យរបស់ប្រទេសអាស៊ានចាប់តាំងពីការបង្កើតនៅឆ្នាំ១៩៦៧ រហូតដល់ឆ្នាំ២០១៧ ក្នុងការជំរុញកំណើនទំហំពាណិជ្ជកម្ម និងការលើកកម្ពស់ឧត្តមភាព ប្រកួតប្រជែងសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ដែលធ្វើឲ្យអាស៊ានបានក្លាយជាតំបន់សេដ្ឋកិច្ចលំដាប់ទី៦ ក្នុងពិភពលោក ហើយកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងភាពជោគជ័យរបស់អាស៊ាននេះ។

​កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគយអាស៊ានទី២៦នេះ ដែលដឹកនាំដោយលោក នួន ច័ន្ទរិទ្ធ អគ្គនាយករងគយ និងរដ្ឋាករកម្ពុជា បានបញ្ចប់ដោយរលូន និងជោគជ័យតាមការគ្រោងទុក។

ទន្ទឹមនេះ កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគយអាស៊ានទី២៦ គណៈកម្មាធិការសម្របសម្រួលគយអាស៊ានទី២៦ ក៏បានប្រជុំពិគ្រោះយោបល់ ជាមួយគណៈប្រតិភូរដ្ឋបាលគយចិន ជប៉ុន កូរ៉េ និងអូស្រ្តាលី ដើម្បីពិនិត្យវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ និងពិភាក្សាយុទ្ធសាស្ត្រ ក្នុងការលើកកម្ពស់កម្រិតកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការងារគយ ហើយបានពិគ្រោះយោបល់ ជាមួយតំណាងវិស័យឯកជនសំខាន់ៗ ចំនួនពីររួមមាន ទី១៖ ក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ាន-អាមេរិក និងទី២៖ ក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ាន-អឺរ៉ុប ក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងកិច្ចសហការរវាងរដ្ឋបាលគយ និងវិស័យឯកជន ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម។

សូមបញ្ជាក់ថា ​កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគយអាស៊ានទី២៦​នេះ បានសម្រេច និងឯកភាពលើការងារមួយចំនួនដូចខាងក្រោម​៖

ទី១៖ ពិនិត្យវឌ្ឍនភាពការងារ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍគយ​២០១៦-២០២០ ដែលអនុវត្តដោយក្រុមការងារកិច្ចសម្រួលពាណិជ្ជកម្ម និងនីតិវិធីគយ, ក្រុមការងារអនុវត្តច្បាប់គយ និងអនុលោមភាព និងក្រុមការងារកសាងសមត្ថភាពចំណេះដឹងគយ។

ទី២៖ ជំរុញឲ្យប្រទេសអាស៊ាន ដែលនៅសេសសល់ ពន្លឿនរៀបចំនីតិវិធីផ្ទៃក្នុង ដើម្បីអនុវត្តតារាងនាមវលីពន្ធគយអាស៊ានឆ្នាំ២០១៧ ដែលមាន៩៧ជំពូក នាពេលដ៏ខ្លីសមស្របខាងមុខ។ សូមបញ្ជាក់ថា កម្ពុជា និងប្រទេសសមាជិកអាស៊ានចំនួន​៤ បាននិងកំពុងអនុវត្តតារាងនាមវលីពន្ធគយអាស៊ានឆ្នាំ២០១៧។

ទី៣៖ ជំរុញឲ្យប្រទេសសមាជិកអាស៊ាន ដែលមិនទាន់បានចុះហត្ថលេខាលើពិធីសារទី២ ស្តីពីការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់ (Protocol 2 on Designation of FrontierPosts) ពន្លឿននីតិវិធីផ្ទៃក្នុង សម្រាប់ចុះហត្ថលេខាដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ខ្លួន ក្នុងពេលសមស្របខាងមុខ។ ពិធីសារទី២ ស្តីពីការកំណត់ច្រកទ្វារព្រំដែន ឆ្លងកាត់ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានចំនួន​៧​ប្រទេស រួចហើយក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានលើកទី២១ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។

ទី៤៖ ជំរុញឲ្យប្រទេសជាសមាជិកអាស៊ាន ពន្លឿននីតិវិធីផ្ទៃក្នុងរបស់ខ្លួន ក្នុងការផ្តល់សច្ចាប័នលើពិធីសារទី៧ ស្តីពីប្រព័ន្ធដឹកជញ្ជូនឆ្លងកាត់៕