(ប៉ៃលិន)៖ ពលករខ្មែរប្រុស-ស្រី ចំនួន៥៧នាក់ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ ត្រូវបានអាជ្ញាធរខេត្តប៉ៃលិន ធ្វើការឃាត់ខ្លួន និងអប់រំ អំពីបញ្ហាលួចឆ្លងដែនខុសច្បាប់ ទាំងប្រថុយប្រថាន ទៅប្រទេសថៃ ដែលអាចនឹង​ប្រឈមនូវគ្រោះថ្នាក់។

តាមសេចក្ដីរាយការណ៍ពីអាជ្ញាធរខេត្តប៉ៃលិន បានឲ្យដឹងថា ពលករខ្មែរប្រុស-ស្រីទាំង៥៧នាក់ខាងលើ បានបម្រុងឆ្លងដែន​ដោយខុសច្បាប់ តាមច្រករបៀងរវាងព្រំដែនខេត្តប៉ៃលិន ជាប់ព្រំប្រទល់ខេត្តចន្ទបុរី ប្រទេសថៃ ដើម្បីទៅធ្វើការនៅប្រទេសថៃ តែត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចខេត្តប៉ៃលិន បាននាំយកមកធ្វើការអប់រំណែនាំ អំពីបញ្ហាឆ្លងដែនដោយខុសច្បាប់ ។

អាជ្ញាធរខេត្តប៉ៃលិនដដែលរូបនេះ បានបន្តទៀតថា ការឃាត់ខ្លួន និងអប់រំ អំពីបញ្ហាលួចឆ្លងដែនខុសច្បាប់នេះ បានធ្វើឡើងនៅក្នុង បរិវេណនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។ ស្របជាមួយគ្នានោះ អាជ្ញាធរ និងសមត្ថកិច្ចខេត្តប៉ៃលិន ក៏បានទិញបាយនិងទឹក ចែកជូនពួកគាត់ហូបផងដែរ។

ក្រោយពីបានធ្វើការអប់រំរួចរាល់ហើយ លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បានចាត់ឲ្យកម្លាំង​នគរបាលក្រោមឱវាទ យករថយន្តនគរបាលមួយចំនួនទៅដឹកបញ្ជូនពលករ​ទាំងនោះ ឲ្យត្រឡប់ទៅគេហដ្ឋានវិញរៀងៗខ្លួន។

ជាមួយគ្នានេះដែរ ពលករដែលត្រូវបានអាជ្ញាធរឃាត់ខ្លួន និងបានអប់រំ ខាងលើនេះ បានអះអាំងថា កត្តាដែលពួកសម្រេច​ចិត្តនាំគ្នា ចំណាកស្រុក ទៅរកការងារធ្វើនៅប្រទេសថៃ គឺដោយសារតែជីវភាពគ្រួសារ និងបានចាញ់បោកក្រុមមេខ្យល់​ញោះញង់ ដោយយកលុយក្នុងម្នាក់ តម្លៃ៣សែនរៀល ហើយបានធានាថា ទៅដល់ប្រទេសថៃ គឺមានការងារច្រើន ទទួលកម្រៃក្នុង១ថ្ងៃ ៣០០បាត ទៅ៤០០បាត ឯណោះ៕