(ឧត្តរមានជ័យ)៖ ​នាព្រឹកថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ២០១៧ នៅសាលាខេត្តឧត្តរមានជ័យ ​រៀបចំកម្មវិធីអបអរសាទរខួបទី​១៥៤ ទិវាពិភពលោកកាកបាទក្រហម និ​ង​អឌ្ឍចន្ទ័ក្រហម ៨ឧសភា ឆ្នាំ​២០១៧ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា»។

ពិធីនេះ ត្រូវបានប្រារព្ធឡើងក្រោម ​អធិបតីភាពលោក ស ថាវី អភិបាលខេត្ត និង​ជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា សាខាខេត្តឧត្តរមានជ័យ និងសមាជិក សមាជីការ មន្ត្រីរាជការជាច្រើនរូបទៀតផងដែរ។

ជាកិច្ចចាប់ផ្តើម លោកស្រី ឯក សុវណ្ណភារៈ ​ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ ថ្លែងសុន្ទរកថា សា្វគមន៍ចំពោះវត្តមានគណៈអធិបតី ភ្ញៀវកិត្តិយស អំពីដើមចមដែលធ្វើឲ្យមានកម្មវិធីនេះឡើង ដោយផ្អែកតាមការដឹកនាំ​របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុន​សែន ប្រធានកាកបាទក្រហមកម្ពុជា​។

លោក តូច គន្ធា ហិរញ្ញឹកគណៈកម្មាធិការសាខា បានធ្វើរបាយការណ៍សកម្មភាព និង​របាយការណ៍ហិញ្ញវត្ថុអំពីចំណូល​-​ចំណាយជូន​ប្រធានកិត្តិយសសាខាកាកបាទក្រហមចាប់ពីខែ​ឧសភា ឆ្នាំ​២០១៦ ដល់​ខែ​មីនា​ ឆ្នាំ​២០១៧ និងប្រវត្តិសាខាកាកបាទក្រហមខេត្តឧឧត្តរមានជ័យ បានចាប់ផ្តើមដំណើរការពីថ្ងៃទី​២៣ ខែមីនា ឆ្នាំ ២០០០ តាមសេចក្តីសម្រេចប្រកាសតែងតាំងលេខ​០៩៦ កក្រករចុះ​ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ២០០០​។

ជាមួយគ្នានោះ លោក ស ថាវី ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាសាខាខេត្តឧត្តរមានជ័យ បានលើកឡើងថា ​សព្វថ្ងៃនេះកំពុងអនុវត្ត​ការងារទៅតាមទស្សនៈវិស័យរបស់កាកបាទក្រហមកម្ពុជា ​ចូលរួមពន្លឿនកាត់បន្ថយភាពក្រីក្រ និង​លើកតម្កើងតម្លៃមនុស្សធម៌ និង​កំពុងអនុវត្ត​ការងារស្នូលទាំង៤ របស់កាកបាទក្រហមកម្ពុជា។

លោកប្រធានកិត្តិយសរូបនេះ បញ្ជាក់ថា ការងារស្នួលរួមមាន ទី១៖ការតៀមបង្ការ និង​ឆ្លើយតបគ្រោះមហន្តរាយ, ទី២៖ការលើកកំពស់សុខភាព និង​ការថែទាំសុខភាព របស់ប្រជាពលរដ្ឋនៅតាមសហគមន៍, ទី៣៖ការលើកកំពស់តម្លៃមនុស្សធម៌, ទី៤៖ការអភិវឌ្ឍន៍ស្ថាប័ន និង​អភិវឌ្ឍន៍ធនធាន។

បើតាមលោក ស ថាវី សាខាកាកបាទក្រហមខេត្តឧត្តរមានជ័យ កំពុងអនុវត្តការងារដោយផ្អែកលើគោលការណ៍គ្រឹះទាំង៧ គឺមនុស្សធម៌, ភាពមិនលំអៀង, អព្យាក្រឹត្យភាព, ឯករាជ្យភាព, សេវាកម្មស្មគ្រ័ចិត្ត, ឯកភាព, និងសកលភាព។ ​ចំពោះការងារហិរញ្ញវត្ថុ គិតចាប់ពីខែ​ឧសភា ឆ្នាំ​​២០១៦ ដល់​ខែមេសា ឆ្នាំ​២០១៧ គឺ​មានថវិកាចំនួន​១៤៣,៦២៥.៨១ដុល្លារ ចំណាយថវិកាសរុបគឺ​៦៦,២៩១.៣៤​ដុល្លារ សល់ជាក់ស្តែង​​៧៧,៣៣៤.៤៧ដុល្លារ​៕