(មូស្គូ)៖ រដ្ឋមន្រ្តីការ​បទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយនៅ​បន្ទាប់ពីជំនួបជាមួយសមភាគី​ អារ៉ាប៊ី សាអូឌីត ក្នុងទីក្រុងម៉ូស្គូថា ការលូកដៃ​របស់អ៊ីរ៉ង់នៅក្នុងសង្រ្គាមស៊ីរី បានបង្កឱ្យមានការ​ខ្វែងគំនិត​គ្នាបន្តិចបន្តួចរវាងរុស្ស៊ី និង អារ៉ាប៊ី សាអូឌីត។ ទោះបីជាបែបនេះក្តីនរណា​ក៏ដឹងដែរថា ទីក្រុងរីយ៉ាត គឺជាសម្ព័ន្ធមិត្ត​របស់សហរដ្ឋអាមេរិក ដែលសុទ្ធតែ​ចង់ឱ្យលោក បាស្សា អាល់ អាស្សាដ ចុះចេញពី​តំណែង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today​ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០១៧។

ថ្លែងនាឱកាសនោះដែរ​រដ្ឋមន្ត្រីការបរទេស​ អារ៉ាប៊ី សាអូឌីត លោក Adel Jubeir ​បានសម្ដែងការជំទាស់ ទៅនឹងការជ្រៀតជ្រែក​ពីសំណាក់ទីក្រុងតេហេរ៉ង់ និងក្រុមឧទ្ទាម​ហេសប៊ូលឡា នៅក្នុង​សង្រ្គាមស៊ីរី។ លោក Adel Jubeir លើកឡើងយ៉ាងដូច្នេះថា «យើងជឿជាក់ថា ពួកគេនឹងគ្មានកន្លែង​ឈរជើងនៅស៊ីរី និងនៅទូទំាង​ពិភពលោក ខណៈពួកគេបាន​និងកំពុងពង្រីក​ឥទ្ធិពល និងបង្កឱ្យស្ថានភាព​កាន់តែស្មុគស្មាញ​នៅក្នុងប្រទេស​អ៊ីរ៉ាក់ ស៊ីរី លីបង់ និងយ៉េមែន។ ជាងនេះទៅ​ទៀត អ្វីដែលគេ​មិនអាច​ប្រកែកបាន នោះគឺក្រុម​ឧទ្ទាមហេសប៊ូលឡា កំពុងធ្វើសកម្មភាព​នៅក្នុងតំបន់​មជ្ឈិមបូព៌ា តាមការបង្គាប់​បញ្ជារបស់អ៊ីរ៉ង់ ហើយយើងពិតជាចង់​បញ្ចប់ការជ្រៀតជ្រែក​បែបនេះ​នៅក្នុងតំបន់»

បន្ថែមពីនេះទៀត លោក Sergey Lavrov នៅតែអះអាងថា ការធ្វើសកម្មភាព​របស់អ៊ីរ៉ង់ និងក្រុម​ហេសប៊ូលឡា ធ្វើឡើងតបតាមសំណើនៃរដ្ឋាភិបាលស៊ីរី​តែប៉ុណ្ណោះ។ «យើងមិនបានមើល​ឃើញឡើយថា ហេសប៊ូលឡា ជាក្រុមអង្គការ​ភេរវករ ហើយការធ្វើ​សកម្មភាព​របស់អ៊ីរ៉ង់ និងហេសប៊ូលឡា រួមទំាងរុស្ស៊ី​នៅស៊ីរី គឺធ្វើឡើងតបតាមសំណើនៃ រដ្ឋាភិបាលស្រប​ច្បាប់ស៊ីរី»។ នេះបើតាមសម្ដី​លោក Lavrov។

គួរបញ្ជាក់ថា សង្រ្គាមស៊ីរីបច្ចុប្បន្ន​មិនមែនត្រឹមតែជា​សង្រ្គាមរវាង​ក្រុមប្រឆាំងស៊ីរី និងកងកម្លាំង​រដ្ឋាភិបាលស៊ីរី​ទៀតនោះទេ ប៉ុន្តែស៊ីរី​នៅពេលនេះ បានក្លាយជា​សមរភូមិពង្រីក​ឥទ្ធិពលរបស់​មហាអំណាច ដែលគាំទ្រពី​ភាគីជម្លោះរៀងៗ​ខ្លួន ជាក់ស្ដែងរុស្ស៊ី អ៊ីរ៉ង់ និងហេសប៊ូលឡា គំាទ្ររបបស៊ីរី​របស់លោក អាស្សាដ រីឯសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត​លោកខាងលិច នៅពីក្រោយ​ក្រុមប្រឆាំងស៊ីរី និងតែងតែ​ទាមទារឱ្យលោក អាស្សាដ ចុះចេញពីតំណែង៕