(កណ្តាល)៖ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាល លោក ញឹម វណ្ណឌិន ប្រធានគណបក្សប្រជាជនស្រុកស្អាង បាននាំអំណោយជាគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ចែកជូនដល់ពលរដ្ឋ១៩គ្រួសារ ដែលកំពុងជួបការខ្វះខាត និងជនចាស់ជរាគ្មានទីពឹង នៅឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

អំណោយទាំងនោះ គឺបានមកពីការគៀងគរសប្បុរសជននានា ដែលបានចូលរួមបរិច្ចាគទ្រព្យផ្ទាល់ខ្លួន និងមានការចូលពីក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំព្រែកគយផងដែរ។

ពិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ដែលមានចូលរួមពីលោក សន វី ប្រធានក្រុមការងារចុះជួយឃុំព្រែកគយ និងសមាជិកនៃក្រុមការងារជាច្រើនរូបទៀត។

លោក ញឹម វណ្ណឌិន បានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាទុក្ខលំបាករបស់លោកនោះដែរ ដូច្នេះ លោកមិនព្រងើយកន្តើយទុកឲ្យប្រជាពលរដ្ឋមួយគ្រួសារណា រស់នៅដាច់ដោយឡែកពីគេនោះទេ ព្រោះគណបក្សប្រជាជនត្រូវតែរួមសុខរួមទុក ជាមួយប្រជាជន និងបម្រើប្រជាជនធ្វើយ៉ាងណា ឲ្យពលរដ្ឋទទួលបានទំនុកចិត្តខ្ពស់ និងរស់នៅប្រកបដោយថ្លៃថ្នូរ។

លោកបានបន្តថា អ្វីដែលចំពោះមុខដែលត្រូវដោះស្រាយនោះ គឺទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយការជួយនេះ គឺមិនប្រកាន់ពណ៌សម្បុរ និងនិន្នាការនយោបាយឡើង ឲ្យតែពលរដ្ឋនៅក្នុងមូលដ្ឋានជួបការលំបាក នឹងចុះជួយជាបន្ទាន់។

លោកបានបន្តទៀតថា ប្រជាពលរដ្ឋដែលត្រូវទទួលអំណោយ នាពេលនេះ គឺមានចំនួន១៩គ្រួសារ មកពីភូមិផ្សេងៗក្នុងឃុំព្រែកគយ ដោយ១គ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម និងថវិកា១០ម៉ឺនរៀល។

ពួកគាត់បានលើកឡើងថា ពេលពួកគាត់ជួបទុកលំបាកនោះ អាជ្ញាធរស្រុកតែងតែចុះមកសួរសុខពួកគាត់ និងជួយដល់គាត់គ្រប់ពេលវេលាសាកសម ជាថ្នាក់ដឹកនាំមូលដ្ឋានដ៏ប៉ិនប្រសព្វ និងចេះយល់ពីទុក្ខធុរៈប្រជាពលរដ្ឋ៕