(ភ្នំពេញ)៖ តាមរបាយការណ៍ លទ្ធផលនៃការសង្កេតដោយសង្ខេប ស្ដីពីការឃ្លាំមើលយេនឌ័ ផ្នែកនយោបាយ សភា និងតំណាងរាស្រ្ដស្ដ្រី ក្នុងដំណើរការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦ បានបង្ហាញថា ភាគរយនៃចំនួនតំណាងរាស្ដ្រស្ដ្រី បានចុះមូលដ្នាន ច្រើនជាងតំណាងរាស្ដ្របុរស ក្នុងឆ្នាំ២០១៦។

របាយការណ៍នេះ បានបង្ហាញនៅក្នុងពិធី សន្និសីទសារព័ត៌មាន ស្ដីពី «របាយការណ៍ ឃ្លាំមើលយេនឌ័រផ្នែកនយោបាយ៖ សភា និងតំណារាស្រ្ដស្ដ្រី និងក្រុមពិសេសចូលរួម ក្នុងការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦ និងការដាក់ពង្រាយអ្នកសង្កេតការណ៍ស្រ្ដី» ដែលបានរៀបចំឡើងនៅក្នុងទីស្នាក់ របស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌កម្ពុជា ហៅកាត់ថាខុមហ្វ្រែល នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ។

ក្នុងរបាយការណ៍ឃ្លាំមើលរបស់យេនឌ័រ បានឲ្យដឹងថា មានតំណាងរាស្រ្ដចំនួន៩៨ (ស្រ្ដី២០នាក់ និងបុរស ៧៨នាក់) ក្នុងនោះ ៥៤នាក់ មកពីគណបក្សប្រជាជនកម្ពុជា មានស្រ្ដី១៧នាក់ និង៤៤នាក់ មកពីគណបក្សសង្គ្រោះជាតិ មានស្រ្ដី៣នាក់ ក្នុងចំណោមតំណាងរាស្ដ្រសរុប១២៣នាក់ បានចុះមូលដ្ឋានសរុបចំនួន១៦៦៥លើក ក្នុងឆ្នាំ២០១៦ (គណបក្សប្រជាជនកម្ពុជាចំនួន៥៦៤លើក ស្មើនឹង ៣៣.៨៧% និងគណបក្សសង្គ្រោះជាតិចំនួន១១០១លើក ស្មើនឹង៦១.១៣% )។ ចំនួននេះ បានកើនឡើងចំនួន៥៥៨លើក គឺពី១១០៧ លើកឆ្នាំ២០១៥ មកដល់ ១៦៦៥លើក ឆ្នាំ២០១៦។

ក្នុងរបាយការណ៍បានបញ្ជាក់ថា «ភាគរយសរុបរបស់អ្នកតំណាងរាស្ដ្រស្ដ្រីចុះមូលដ្ឋានច្រើនជាង ភាគរយសរុបរបស់អ្នកតំណាងរាស្រ្ដបុរស ដែលបានចុះមូលដ្ឋាន គឺ៨៣.៣៣% ស្មើនិងចំនួន៧៨.៧៩% ស្មើនឹង២០នាក់ ក្នុងចំណោមសមាជិកសភាស្រ្តី ២៤នាក់ ដែលច្រើនជាង ភាគរយតំណាងរាស្រ្តបុរសចំនួន ៧៨.៧៩ភាគរយ ស្មើរនឹង៧៨នាក់ ក្នុងចំណោមសមាជិកសភាបុរស ៩៩នាក់»។

ក្នុងរបាយការណ៍បានបន្ថែមទៀតថា «បើប្រៀបធៀបនឹងឆ្នាំ២០១៥ ភាគរយអ្នកតំណាងរាស្រ្តស្ត្រី ចុះបំពេញបេសកកម្មបានកើនឡើងពី ៧០.៨៣ភាគរយ ក្នុងឆ្នាំ២០១៥ ទៅ ៨៣.៣៣ភាគរយ នៅឆ្នាំ២០១៦ ខណៈដែលអ្នកតំណាងរាស្ត្របុរស ចុះបំពេញបេសកកម្ម ក៏មានការកើនឡើងដែរ គឺពី ៧៧.៧៧%ភាគរយ ក្នុងឆ្នាំ២០១៥ ទៅ ៧៨.៧៩ភាគរយ នៅឆ្នាំ២០១៦»

ក្នុងរបាយការណ៍ដដែលបានឲ្យដឹងទៀតថា អ្នកតំណាងរាស្ត្រស្ត្រីទាំង២០នាក់ នៃគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភា បានធ្វើសកម្មភាព នៅតាមមូលដ្ឋានសរុបចំនួន៣៣៩លើក មានការកើនឡើងចំនួន៨៩លើក ពី២៥០លើក ក្នុងឆ្នាំ២០១៥ ទៅ៣៣៩លើក ឆ្នាំ២០១៦៕