(ភ្នំពេញ)៖ ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានចាកចេញពីប្រទេសកម្ពុជា នៅម៉ោង១២៖៣០នាទីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីទៅបំពេញទស្សនកិច្ចទៅសហរដ្ឋអាមេរិកមួយរយៈ។ នេះបើយោងតាមមន្ត្រីព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

នៅលើ Facebook លោក កឹម សុខា បានបញ្ជាក់ថា «រសៀលនេះ ខ្ញុំចេញដំណើរទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ ទស្សនកិច្ចនេះ ខ្ញុំនឹងមានជំនួបជាមួយមន្ត្រីសំខាន់ៗនៃរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ និងសមាជិករដ្ឋសភា ព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតុនឌីស៊ី»

លោក កឹម សុខា បានបន្ថែមថា «ជាពិសេសទៅទៀត ដោយមានការអញ្ជើញពីសាខាគណបក្សសង្គ្រោះជាតិសហរដ្ឋអាមេរិក ក្នុងឱកាសទស្សនកិច្ចនោះដែរ ខ្ញុំនឹងទៅជូបជាមួយបងប្អូនខ្មែរនៅតាមរដ្ឋនានាក្នុងសហរដ្ឋអាមេរិកចំនួន១០រដ្ឋផងដែរ»

សូមបញ្ជាក់ថា ទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកនេះ ធ្វើឡើងបន្ទាប់ពី ប្រធានគណបក្សសង្រ្គោះជាតិរូបនេះ បានទៅទស្សនកិច្ចនៅប្រទេសញូហ្សេឡែន និងប្រទេសអូស្រ្តាលី រយៈពេល២សប្តាហ៍ កាលពីដើមខែមេសា៕