(ម៉ានីឡា-ហ្វីលីពីន)៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ អ្នកឧកញ៉ា គិត ម៉េង បានដឹកនាំគណៈប្រតិភូ សភា​ពាណិជ្ជកម្មកម្ពុជាចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ធុរៈកិច្ចអាស៊ានលើកទី៧០ នៅឯប្រទេសហ្វីលីពីន ដោយមានការចូលរួមវិស័យឯកជនទូទាំងតំបន់អាស៊ាន។ កិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ នឹងធ្វើជា​របាយការណ៍​សង្ខេបជាក់លាក់ដាក់ស្នើសុំទៅកាន់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល​អាស៊ានដើម្បី​ជួយអន្តរាគមន៍​ដោះស្រាយ។

របៀបវារៈសំខាន់នៅក្នុងកិច្ចក្រុមប្រឹក្សាពិគ្រោះយោបល់ធុរៈកិច្ចអាស៊ានលើកទី៧០នាពេលនេះ គឺក្រុមធុរៈកិច្ចមកពីប្រទេស​ក្នុងតំបន់អាស៊ានបានពិភាក្សាផ្លាស់ប្តូរយោបល់ និងលើកឡើងអំពីបញ្ហាប្រឈមនានា​ដែលជួបប្រទៈ​ក្នុងតំបន់​ទាក់ទងនឹងការវិនិយោគ និងពាណិជ្ជកម្ម ជាពិសេសកិច្ចការងារ​ទាក់ទិនការសម្របសម្រួល​ពាណិជ្ជកម្មនៅតាម​ព្រំដែនជាដើម។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរៈកិច្ចអាស៊ាន គឺបើកកិច្ចប្រជុំជាទៀងទាត់ជារៀងរាល់ឆ្នាំ ដោយផ្លាស់ប្តូរវេនគ្នា​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ ដែលផ្តោតលើ៖ ការវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលវិស័យឯកនៅតាមបណ្តាប្រទេស​អាស៊ានខិតខំប្រឹងប្រែងចូលរួមជាមួយប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិកអាស៊ាន។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា និងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ានលើកទី៣០ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួន​នៅប្រទេស្វីលីពីនចាប់ពីថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០១៧។ កិច្ចប្រជុំនេះមានប្រធានបទ៖ រួមគ្នាជាដៃគូដើម្បីធ្វើការផ្លាស់ប្តូរ រួមចំណែកជាមួយពិភពលោក។

នៅពេលនោះ ថ្នាក់ដឹកនាំអាស៊ានក៏នឹងធ្វើការពិភាក្សាបញ្ហាជាសារវ័ន្តនានាដែលអាស៊ាន និងពិភពលោកកំពុងប្រឈមមុខ ដើម្បីលើកតម្កើង សន្តិភាព សន្តិសុខ និងវិបុលភាពថែមទៀតសម្រាប់តំបន់ និងពិភពលោក៕