(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះ មាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយ​​ស្នងការដ្ឋាន​រាជធានីភ្នំពេញ អធិការដ្ឋានចំការមន​ ​និងប៉ុស្តិ៍ផ្សាដើមថ្កូវ​​​ នៅថ្ងៃទី២៧ ខែមេសា​ ឆ្នាំ២០១៧​នេះ បានចុះឃាត់ខ្លួនជនអន្តោប្រវេសន៍ចំនួន១២នាក់ ក្នុងនោះមានវៀតណាម១៥នាក់ និងចិន២នាក់ ​ក្នុងសិប្បកម្មឈើ​ធ្វើតុ​ ទូ សង្កាត់ផ្សាដើម​ថ្កូវ ខណ្ឌចំការមន ពាក់ព័ន្ធករណីលួចស្នាក់នៅ​ធ្វើការខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីលា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះចូលរួមដឹកនាំដោយ លោក ​លឹម ​ស៊ាង​ហៃ​ ក្រឡាបញ្ជី និងលោក សៀង សុខ ព្រះរាជអាជ្ញារង​អមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ។

លោកឧត្តមសេនីយ៍ទោបន្តថា ក្រោយពីធ្វើការសាកសួររួចហើយ កម្លាំងនគរបាលអន្តោប្រវេសន៍បានបញ្ជូនជនបរទេស​ទាំង១៧នាក់ខាងលើ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។

សូមជម្រាបថា កម្លាំងនគរបាលអន្តោប្រវេសន៍ កាលពីពេលកន្លងទៅ បានបណ្តេញជនជាតិវៀតណាម ចិន នីហ្សេរីយ៉ា ជនជាតិម៉ូណាកូ និងជនជាតិដទៃទៀត ចេញកម្ពុជាជាបន្តបន្ទាប់រួចមកហើយ៕