(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​រ៉ានី​ហ៊ុនសែន ជាប្រធាន បានចុះសួរសុខទុក្ខលោកតាស៊ូ​សាវាង (ហៅ​តា ហ្វុយហ្សូ)ជាតារាកំប្លែងជើងចាស់​ ដែលមានជំងឺរលាកថ្លើមធ្ងន់ធ្ងរ​ ហើយបច្ចុប្បន្ន​កំពុងសម្រាកព្យាបាលនៅសាលសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យកាល់ម៉ែត នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ ។

ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកតា ហ្វុយ ហ្សូ និងសូមជូនពរឲ្យលោកតា ឆាប់បានជាសះស្បើយពីជំងឺ ក្រោមការយកចិត្តទុកដាក់ព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ។

ដើម្បីជួយសម្រាលជីវភាពខ្វះខាតរបស់លោកតា ហ្វុយ ហ្សូ ក្នុងពេលកំពុងសម្រាកព្យាបាលនេះ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ជូនរួមមាន៖ ទឹកដោះគោឆៅ ២ឡូ ទឹកដោះគោខាប់ ២កំប៉ុង ទឹកមាត់ត្រចៀកកាំ ២យួរ  ស្ករស ២គីឡូក្រាម និងថវិកាមួយចំនួនផងដែរ៕