(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅរសៀលថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៧ បានផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន២៧គ្រួសារ ដែលរស់នៅក្នុងសហគមន៍ក្រីក្រ ស្ថិតនៅក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

 លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ និងបានផ្តាំផ្ញើដល់ពួកគាត់ឲ្យមានការប្រុងប្រយ័ត្នជានិច្ចចំពោះ ខ្យល់កន្ត្រាក់ ខ្យល់ព្យុះ និងភ្លើងឆេះផ្ទះ ជាពិសេស សូមគិតគូរពីបញ្ហាសុខភាពជាចំបង គឺត្រូវមានអនាម័យ ដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។

ក្រោយពីទទួលបាននូវគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនរួចមក ប្រជាពលរដ្ឋទាំងអស់ មានក្តីរំភើប សប្បាយរីករាយឥតឧបមា និងបានថ្លែងអំណរគុណចំពោះ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែជួយសម្រាលការលំបាកដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានោះដែរ ក្រុមការងារកាកបាទក្រហមកម្ពុជា បានបន្តដំណើរ​នាំយកគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ជូនដល់គ្រួសារកុមារីកំព្រាឪពុកម្តាយឈ្មោះ រ៉េត ស្រីមួយ អាយុ ១១ឆ្នាំ រស់នៅក្នុងភូមិខាងលើ ដែលទទួលរងគ្រោះថ្នាក់ ធ្លាក់ពីលើដើមអំពិល ខណៈពេលឡើងដើមអំពិល ដើម្បីបេះត្រួយអំពិលយកទៅលក់ជាមួយជីតាសម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ៕