(កំពង់ធំ)៖ ក្រោយពីព្រមានចាត់វិធានការក្ដៅចំពោះមន្រ្តីណា ដែលនៅតែបន្តយកកម្រៃពីប្រជាពលរដ្ឋទៀតនោះ លោក សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ បានហាមហើយហាមទៀតដល់ មន្រ្តីរាជការ ដាច់ខាតមិនត្រូវយកកម្រៃលើសេវាសាធារណៈ ពីប្រជាពលរដ្ឋឡើយ ផ្ទុយទៅវិញ អ្នករាជការទាំងអស់ ត្រូវសហការគ្នាបម្រើប្រជាពលរដ្ឋឲ្យដិតដល់ និងឆាប់រហ័សទាន់ពេល ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

លោក សុខ លូ បញ្ជាក់ជាថ្មីបែបនេះ ក្នុងឱកាសនាំយកថវិការបស់លោកបណ្ឌិត ងួន ញ៉ិល ប្រធានក្រុមការងារចុះជួយខេត្តកំពង់ធំ ទៅប្រគល់ជូនដល់បេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៤ មានចំនួន៦៨៤នាក់ ក្នុងនោះបេក្ខជនពេញសិទ្ធិ ២៦២នាក់ និងបេក្ខជនបម្រុង ៤២២នាក់ ដែលមកពី៥ក្រុង-ស្រុក មានក្រុងស្ទឹងសែន ១១៣នាក់ ស្រុកប្រាសាទសំបូរ ៨៨នាក់ ស្រុកកំពង់ស្វាយ ២៦២នាក់ ស្រុកសណ្តាន់ ១១៩នាក់ និងស្រុកប្រាសាទបល្ល័ង្ក ១០២នាក់ ដោយក្នុងម្នាក់ទទួលបានថវិកាចំនួន ២០ម៉ឺនរៀល និងគណបក្សស្រុកក្នុងមួយស្រុកទទួលថវិកា ១០លានរៀល។

លោកថ្លែងយ៉ាងដូច្នេះថា «មន្រ្តីរាជការត្រូវពង្រឹងប្រសិទ្ធភាព ក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ជូនដល់ប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស និងមិនត្រូវយកកម្រៃអ្វីទាំងអស់ ពីការធ្វើលិខិតស្នាមផ្សេងៗ ជូនដល់ប្រជាពលរដ្ឋដែលរាជរដ្ឋាភិបាល បានសម្រេចរួចហើយ មានសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព»។

ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ជាប់ជាប្រចាំអំពីសុខទុក្ខ និងការលំបាកខ្វះខាតរបស់ប្រជាជន នៅទូទាំងប្រទេស។

លោកក៏បានណែនាំឲ្យបេក្ខជនឈរឈ្មោះទាំងអស់ មិនត្រូវជឿល្បិចកលរបស់គណបក្សនយោបាយមួយចំនួន ដែលបានបង្កឲ្យមានភាពអសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងសង្គមជាតិ។ សមាជិកនៅគ្រប់មូលដ្ឋានត្រូវពង្រឹងស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុងគណបក្ស និងចុះជាប់ជិតស្និទ្ធជាមួយមហាជន ប្រជាជន ដឹងពីសុខទុក្ខលំបាករបស់ប្រជាជន ព្រោះជាតួនាទីភារកិច្ចរបស់សមាជិកក្រុមការងារ ក្នុងការប្រមូលផ្តុំកម្លាំងប្រជាជាតិទាំងមូល ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីពង្រឹងដំណើរកិច្ចអភិវឌ្ឍន៍របស់ជាតិ និងធានាជោគជ័យ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ខាងមុខនេះ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ នៅសល់រយៈពេល៣៩ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា​ឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នឹងចូលមកដល់ ពោលគឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ៕