(សៀមរាប)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងថា ឆ្លងតាមរបាយការណ៍ លទ្ធផលការអនុវត្តការងារឆ្នាំ២០១៦ និងត្រីមាសទី១ ឆ្នាំ២០១៧ របស់បេឡាជាតិអតីតយុទ្ធជន បានរៀបចំផែនការ យុទ្ធនាការ ចុះត្រួតពិនិត្យអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលអវត្តមានមិនមកបង្ហាញមុខធ្វើបច្ចុប្បន្នភាព រយៈពេល០៣ខែ បានចំនួន ៥,៩០២ នាក់ និងលុបចេញពីបញ្ជីបើកប្រាក់ប្រចាំខែ ចំនួន ៤,៦៧១ នាក់ ធ្វើឲ្យចំណេញថវិកាជាតិប្រមាណជាង ៧០ ម៉ឺន ដុល្លារអាមេរិក។

រដ្ឋមន្រ្តីបានបន្ថែមទៀតថា របាយការណ៍ដដែល បានបង្ហាញទៀតថា បេឡាជាតិអតីតយុទ្ធជន បានជំរុញការបើកប្រាក់ គោលនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យដល់មូលដ្ឋានរស់នៅផ្ទាល់របស់គ្រួសារសព, ការអនុវត្តសេវាប្រើប្រាស់ កាត អេធីអ៊ឹម (ATM) ជូនអតីតយុទ្ធជនជានិវត្តជនជនបាត់បង់សមត្ថភាពការងារ និងជនពិការ ដោយពុំមានបង់ថ្លៃសេវា អាចប្រើប្រាស់ប័ណ្ណគណនីបៀវត្ស/ប័ណ្ណព័ត៌មានគណនី ជំនួសគ្នាបាន ក្នុងការបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែ និងមានកិច្ចសហការល្អ ជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសមាគមអតីតយុទ្ធជនកម្ពុជា ថ្នាក់រាជធានី-ខេត្តជាដើម។

រដ្ឋមន្រ្តី វង សូត បានថ្លែងបែបនេះ ខណៈលោកចូលរួមនៅក្នុង ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦
ត្រីមាសទី១ ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្ត របស់បេឡាជាតិអតីតយុទ្ធជន នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅខេត្តសៀមរាប។

លើសពីនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចំនួន៥ម៉ឺនរៀល និងបាន ដាក់ឲ្យដំណើរការប្រើប្រាស់សេវាកាតអេធីអ៊ឹម (ATM) ចាប់ពីខែមេសា ឆ្នាំ២០១៧ នេះតទៅ ដើម្បីសម្រួលដល់ការ បើកប្រាក់ របបសន្តិសុខសង្គមប្រចាំខែ សម្រាប់អតីតយុទ្ធជន ។

លោក វង សូត បានបន្ថែមថា រាជរដ្ឋាភិបាល បាននិងកំពុងជំរុញអនុវត្តយ៉ាងសកម្មនូវគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ ដើម្បីជំរុញ និងធានាឲ្យបាននូវសន្តិសុខប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា។

ជាក់ស្តែង ក្រសួងបាន និងកំពុងជំរុញការអនុវត្តច្បាប់ ស្តីពីយុត្តិធម៌អនីតិជន ដោយបានដាក់ចេញឲ្យប្រើប្រាស់ កាលពី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ រួមទាំងគោលនយោបាយចំពោះជនពិការក្រីក្រតាមសហគមន៍ និងការបង្កើត សមាគមមនុស្សចាស់ ជាដើម ។

ក្រសួងបានរៀបចំប្រព័ន្ធសន្តិសុខសង្គមជាជំហានៗ ស្របតាមកំណើនសេដ្ឋកិច្ចជាតិ ដែលមានបេឡាជាតិអតីតយុទ្ធជន បាននឹងកំពុងដើរតួនាទីគ្រប់គ្រងទិន្នន័យអតីតយុទ្ធជនតាមប្រព័ន្ធព័ត៌មានវិទ្យា និងធានាដល់ការផ្តល់សេវាលើរបបសន្តិសុខសង្គម ជូនដល់បងប្អូនអតីតយុទ្ធជន នៅទូទាំង ២៥ រាជធានី-ខេត្ត តាមប្រព័ន្ធធនាគារដៃគូរ សរុបចំនួន ៨៦,៤៤២ នាក់ និង អ្នកនៅក្នុងបន្ទុក សរុបចំនួន ១៣៤,៥០៤ នាក់ ដែលប្រើប្រាស់ថវិការដ្ឋប្រមាណជាង ៨០លានដុល្លាអាមេរិក ក្នុងមួយឆ្នាំ តាមគោលការណ៍អភិបាលកិច្ចល្អ តម្លាភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ ដោយឡែក ការបើកផ្តល់ប្រាក់គោលនយោបាយរបស់រាជរដ្ឋាភិបាល ជូនគ្រួសារនៃសពអតីតយុទ្ធជនដែលទទួលមរណៈ សរុបចំនួន ២,៤៤៤ សព ស្មើនឹងទឹកប្រាក់ប្រមាណជិត ៤ លានដុល្លាអាមេរិក ។ ចំពោះខេត្តសៀមរាប មានស្ថិតិអតីតយុទ្ធជន ចំនួន ៧,៧៧២ នាក់ និងអ្នកនៅក្នុងបន្ទុក ចំនួន ១២,៨១៩ នាក់ ប្រើប្រាស់ថវិការដ្ឋប្រមាណជាង ២,៣០០ លានរៀល ក្នុងមួយខែ ។

ជាមួយគ្នានោះ រដ្ឋមន្រ្តី វង សូត បានស្នើឲ្យក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃបេឡាជាតិអតីត យុទ្ធជន ក៏ដូចជាធនាគារដៃគូពិសេស ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ខេត្ត ទាំងអស់ ត្រូវចូលរួមសហការបន្តខិតខំអនុវត្តតាមគោលការណ៍ និងបទប្បញ្ញតិ្តដែលមានស្រាប់ បំពេញភារកិច្ចរបស់ខ្លួនដោយ ស្មារតី ទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងបុព្វហេតុលើកស្ទួយឧត្តមប្រយោជន៍បងប្អូនអតីតយុទ្ធជន ក៏ដូចជាគ្រួសារ អតីតយុទ្ធជនជាដើម៕