(កំពង់ស្ពឺ)៖ លោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការកងរាជអាវុធហត្ថស្រុកឱរ៉ាល់ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះ បានដឹកនាំកម្លាំងអាវុធហត្ថប្រជុំផ្សព្វផ្សាយ ពីផែនការការពារការិយាល័យបោះឆ្នោតតាមមូលដ្ឋាន និងចែកសម្ភារការពារសន្តិសុខ ដល់កម្លាំងអាវុធហត្ថមូលដ្ឋានផងដែរ ខណៈយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កំពុងខិតជិតមកដល់។

លោកវរសេនីយ៍ទោ សោម ពុទ្ធតារា បានពាំនាំនូវណែនាំរបស់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រើនរំលឹកដល់កម្លាំងអាវុធហត្ថនាឱកាសនោះផងដែរ ពីបញ្ហាសុខភាព អនាម័យខ្លួនប្រាណ។

លោកវរសេនីន៍ទោ បានលើកឡើងថា កម្លាំងការពារតាមគោលដៅរបស់ការិយាល័យបោះឆ្នោត ត្រូវមានឥរិយាបថ រឹងមាំ ស្វាហាប់ រៀបសារ ថ្លៃថ្នូរ ការពាររាល់ការប៉ុនប៉ងអុកឡុករំខាន ដល់ការបោះឆ្នោត មើលការពារសុវត្ថិភាពប្រជាពលរដ្ឋ ដែលអញ្ជើញទៅបោះឆ្នោត និងអប់រំប្រជាពលរដ្ឋ ឲ្យបានយល់ច្បាស់ពីគោលការសំខាន់ៗ នៃច្បាប់បោះឆ្នោត ស្វែងយល់អំពីសុខទុក្ខ ការពារទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក្នុងពេលយុទ្ធនាការបោះឆ្នោត។

លោកមេបញ្ជាការស្រុកឱរ៉ាល់ បានចែកជូននូវអំណោយមួយចំនួន មានអង្ករ៥០គីឡុក្រាម អង្រឹង១ ប្រាក់៥ម៉ឺនរៀល ក្រម៉ា២ សារ៉ុង១ ដល់កងរាជអាវុធហត្ថចំនួន ១២នាក់ ដែលចំណាយអស់ ២,៣៩៥,០០០រៀល សម្រាប់ការអន្តរាគមន៍ក្នុងពេលបោះឆ្នោតខាងមុខ ដែលជាទឹកចិត្តជ្រះថ្លារបស់ក្រុមគ្រួសារលោក សោម ពុទ្ធតារា និងលោកស្រី មូល ថាវី ផ្ទាល់។

សូមជម្រាបថា  គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ នៅសល់រយៈពេល៣៩ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា​ឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នឹងចូលមកដល់ ពោលគឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ៕