(ភ្នំពេញ)៖ ពិតជាព្រៃផ្សៃណាស់ ជនសង្ស័យដែលពុំស្គាល់ពីអត្តសញ្ញាណបានយកក្រម៉ាទៅចងរឹតក ខ្ទប់មាត់និងច្រមុះ​យុវតីវ័យ១៦ឆ្នាំ​ម្នាក់​ជាសិស្ស បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម៌ ហើយយកទាំងគ្រឿងអលង្ការ រួមនិងទូរស័ព្ទ គេចខ្លួនបាត់ស្រមោល សមត្ថកិច្ចកំពុងដុតដៃ ដុតជើង ធ្វើស្រាវជ្រាវតាមចាប់ជនដៃដល់ជាឃាតុករ។

ករណីឃាតកម្មខាងលើនេះ បានកើតឡើងនៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងរោងគោ តាមបណ្ដោយផ្លូវទន្លេសាប ស្ថិតក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

លោក ឯក សេរីវុធ អធិការរងខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ាន ស្រីមុំ អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅជាមួយ​ឪពុក​ឈ្មោះ ទូ ល័សមាន និងម្ដាយឈ្មោះ ជីត ម៉ ជាខ្មែរឥស្លាម មានមុខរបរលក់សាច់គោ ស្នាក់នៅផ្ទះគ្មានលេខ ស្ថិតតាមបណ្ដោយផ្លូវទន្លេសាប ក្នុងក្រុមទី៦ ភូមិដើគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោក ​ឯក ​សេរី​វុធ ​បាន​ឲ្យដឹង​ទៀត​ថា ​បើ​តាម​បុរស​ជា​ឪពុក ​និង​ស្ត្រីជា​ម្ដាយ ​បាន​ប្រាប់​សមត្ថកិច្ច​ថា ​មុន​កើតហេតុ ​នៅ​វេលា​ម៉ោង​ប្រហែល៧ ​ថ្ងៃទី២៥ ​ខែមេសា ​ឆ្នាំ២០១៧ថ្មី​ៗ​នេះ ​គាត់​បាន​ចេញពីផ្ទះ ​ដើម្បី​ទៅ​លក់​សាច់គោ​ដូចសព្វដង ​ហើយ​ទុក​កូន ​«​សព​» ​ឲ្យ​នៅចាំ​ផ្ទះ ​សម្រាក​ក្នុង​រោង​ទំលាក់​គោ​តែម្នាក់ឯង ​ហើយក៍​ព្រោះតែ​ជាប់រវល់​រៀន​ផង ​ខណៈ​ដល់ម៉ោង​ប្រហែល១២​ ​«​បុរស​ជា​ឪពុក​និង​ម្ដាយ​» ​បាន​ខល​ទូរស័ព្ទ០១៦ ​៤៥៣ ​៤១៩ ​មករ​កកូន​ស្រី ​«​សព​» ​ដើម្បីឲ្យ​ចាំ​យក​លុយ​ចំនួន១៩០០០០០រៀល ​ឲ្យ​ទៅ​ឈ្មោះ ​យឿន ​ថ្លៃ​គោ ​រួច​ក៍​បិទ​ទូរស័ព្ទ​តែម្ដង​។

បុរស​ជា​ឪពុកម្ដាយ ​បាន​ប្រាប់​សមត្ថកិច្ច​ទៀត​ថា ​រហូតដល់​ម៉ោង១៧ល្ងាច ​គាត់​បាន​តេ​ទូរស័ព្ទ​មក​កូនស្រី​ម្ដងទៀត ​និង​តេ​ជាច្រើនលើក ​តែ​ខល​មិន​ចូល​ឡើយ ​ទើប​មានការ​សង្ស័យ​ខ្លាចក្រែង​កូនស្រី ​«​សព​» ​កើត​ខ្យល់ ​ក៍​បបួល​ប្ដី​ត្រឡប់​មក​រោងគោ​វិញ​។ ​លុះដល់​ម៉ោង​ប្រហែលជា១៨ជាង​ព្រលប់ ​នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល ​គាត់ ​«​ប្ដី​ប្រពន្ធ​» ​ឃើញ​នៅ​រោងគោ ​មាន​ភាព​ងងិត​ភ្លើង ​ហើយ​មានការ​សង្ស័យ ​ក៍​ឡើង​ទៅ​មើលក្នុង​រោង​សម្រាក ​ស្រាប់តែ​ឃើញ​កូនស្រី​របស់​ខ្លួន ​«​សព​» ​ដេកផ្កាប់មុខ​និង​ពូក ​ក្នុង​សំលៀកបំពាក់​ធម្មតា ​ហើយ​ឃើញ​មាន​ក្រ​ម៉ា​ខ្មៅ​ចង​រុំ​បិទមាត់ ​ក៍​សម្រេច​លើក​កូនស្រី​«​សព​»​ផ្ងារ​ឡើង ​និង​ស្រាយ​ក្រ​ម៉ា​ចេញ ​ឃើញ​មាន​ឈាម​ហូរចេញ​ពី​មាត់ ​និង​មានស្នាម​រយះ​លើ​ផ្ទៃមុខ ​ទើប​ដឹង​ថា​កូនស្រី​«​សព​»​បាន​ស្លាប់​បាត់បង់ជីវិត​យ៉ាង​អាណោចអាធម៌​បាត់​ទៅ​ហើយ​។

លោក ​ឯក ​សេរី​វុធ ​បាន​ឲ្យដឹង​ទៀត​ថា ​បន្ទាប់ពី​កើតហេតុ ​ទាំង​កម្លាំង​នគរបាល​ខណ្ឌ ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​បច្ចេកទេស​ចក្ខុ​កោសល្យ​វិ​ច្ច័​យ ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​បាន​សហការ​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ​លើ​សាកសព ​និង​សន្និដ្ឋាន​វាយតម្លៃ​ថា ​ជា​ករណី​ឃាតកម្ម ​ដោយ​ជនរងគ្រោះ ​«​សព​» ​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ ​បាន​យក​ក្រ​ម៉ា​មក​ចង​រិត​ក ​ខ្ទប់មាត់ ​និង​ច្រមុះ ​បណ្ដាលឲ្យ​ស្លាប់​បាត់បង់ជីវិត​នៅ​និង​កន្លែង​ពិតប្រាកដ​មែន ​រួម​ទាំង​បាត់បង់​ទាំង​កងដៃ​ស្លា​ក​ទី​ន​មួយ​ឈុត ​«​៤​» ​និង​ទូរស័ព្ទ​ដៃ​ម៉ា ​iPhone៥ ​មួយ​គ្រឿង​ផង​ដែរ​។

បច្ចុប្បន្ន សពរងគ្រោះ ក្រោយពីមានការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ចជំនាញដែលពាក់ព័ន្ធ ក៍ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ព្រមទាំងបន្តស៉ើបអង្កេត ដើម្បីស្វែងរកឃាតុករដៃដល់ ដែលបានសម្លាប់ជនរងគ្រោះ ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ផងដែរ៕