(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៣លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់ របួសធ្ងន់ចំនួនម្នាក់ និងស្រាលម្នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍០៣លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន២គ្រឿង រថយន្ដធុនតូចចំនួន១គ្រឿង និងរថយន្តធំ១គ្រឿង គោយន្ដ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានប្រជែង១លើក, បត់គ្រោះថ្នាក់១លើក និងងងុយដេក១លើក។

សូមបញ្ជាក់ថា រយៈពេល២៦ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួ​ន៣៣២លើក បណ្ដាលឲ្យមនុស្សស្លាប់១៦០នាក់ របួសធ្ងន់៣៤៤នាក់ និងរងរបួសស្រាល២៦០នាក់៕