(ម៉ានីល)៖ ក្រុមទាហាន​ ប៉ូលិស និងមន្ត្រីជំនាញជាង៤ម៉ឺននាក់ ត្រូវបានដាក់ពង្រាយ នៅក្នុងរដ្ឋធានីម៉ានីល របស់ហ្វីលីពីន ខណៈទីក្រុងមួយនេះ ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ កំពូលអាស៊ាន ដែលនឹងប្រារព្ធឡើងនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ។

កិច្ចប្រជុំត្រៀមមុន បានចាប់ផ្តើមដោយមានការចូលរួមពីក្រុមរដ្ឋមន្ត្រីអាស៊ាន និងមន្ត្រីជាន់ខ្ពស់ នៅថ្ងៃពុធនេះ។

ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំតំបន់អាស៊ាន លោកស្រី Elizabeth Buensuceso បានដឹកនាំកិច្ចប្រជុំតំណាងគណៈកម្មាធិការអចិន្ត្រៃយ៍ (CPR) ប្រចាំតំបន់អាស៊ាន ដែលជាការចាប់ផ្តើមកិច្ចប្រជុំផ្លូវការជាបន្តបន្ទាប់ ហើយនឹងបញ្ចប់ជាមួយកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣០ ដែលនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៩ ខែមេសាខាងមុខ។

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នឹងដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០នេះ ដោយមានការចូលរួមពីក្រុមមេដឹកនាំប្រទេសអាស៊ាន ដែលមកពីប្រទេសប៊្រុយណេ, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, សិង្ហបុរី, វៀតណាម, ថៃ និងកម្ពុជាផងដែរ។

ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi នឹងតំណាងឲ្យមីយ៉ាន់ម៉ា ខណៈប្រធានាធិបតីរបស់ខ្លួន មិនអាចចូលរួមកិច្ចប្រជុំកំពូលនេះបាន។​

សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រារព្ធឡើងនៅថ្ងៃសៅរ៍ខាងមុខនេះ គឺជាកិច្ចប្រជុំលើកទីមួយ ក្នុងចំណោមកិច្ចប្រជុំកំពូល២ របស់មេដឹកនាំអាស៊ាន ដែលហ្វីលីពីន នឹងធ្វើជាម្ចាស់ផ្ទះ នៅក្នុងឆ្នាំនេះក្នុងនាមជាប្រធានអាស៊ាន។ ក្រុមមេដឹកនាំអាស៊ាន នឹងប្រារព្ធកិច្ចប្រជុំកំពូល ជាលើកទី៣១ ដែលជាលើកទី២ សម្រាប់ប្រទេសហ្វីលីពីន ដែលនឹងធ្វើជាម្ចាស់ផ្ទះ នាខែវិច្ចិកាខាងមុខ៕