(ភ្នំុពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានរៀបចំពិធីបិទវគ្គបណ្តុះ​បណ្តាលបំប៉ន​បន្ថែម​អំពីវិស័យសារព័ត៌មាន ក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

នៅក្នុងពិធីបិទវគ្គនេះ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ស.ស.ស.ក លោក ហ៊ុយ វណ្ណៈ បានធ្វើរបាយការណ៍​ជូនរដ្ឋមន្រ្តីក្រសួង​ព័ត៌មានថា វគ្គបណ្ដុះបណ្ដាលរយៈពេល៣ថ្ងៃ​កន្លងមកនេះ មានសិក្ខាកាមចូលរួមសរុបចំនួន៩៦រូប ដែលក្នុងនោះមានសិក្ខាកាម​មកពីស្ថាប័ន​ទូរទស្សន៍ វិទ្យុ សារព័ត៌មានអនឡាញ និងមន្ត្រីមកពីស្ថាប័នរដ្ឋនិងឯកជនផងដែរ។

លោក ហ៊ុយ វណ្ណៈ បញ្ជាក់ថា រយៈពេលនៃការសិក្សា៣ថ្ងៃកន្លងមកនេះ សិក្ខាកាមទាំងអស់បានទទួលនូវចំណេះដឹងមូលដ្ឋានចំនួន៤ ក្នុងនោះមានវិស័យសារព័ត៌មាន ការដឹកនាំគ្រប់គ្រងការងារសារព័ត៌មាន កិច្ចការអ្នកនាំពាក្យ និងការងារបោះឆ្នោត។

បើតាមប្រធាន ស.ស.ស.ក កិច្ចការបណ្ដុះបណ្ដាលនេះ គឺអនុវត្តតាមលំអាន​របស់ក្រសួងព័ត៌មាន ដែលមានលោក ខៀវ កាញារីទ្ធ ជាអ្នកដឹកនាំផ្ទាល់ ក្នុងនោះលោក ហ៊ុយ វណ្ណៈ ក៏បានលើកឡើងថា ជោគជ័យទាំងពេលចាប់ផ្ដើម រហូតមកទល់ពេលនេះរបស់ ស.ស.ស.ក គឺមិនអាចកាត់ផ្ដាច់​ចេញបានពីការគាំទ្ររបស់រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងមហាផ្ទៃ វិស័យឯកជន និងក្រសួងព័ត៌មានបានឡើយ។

ក្នុងពិធីបិទវគ្គនេះដែរ លោក ហ៊ុយ វណ្ណៈ ក៏បានប្រកាសពីគោលដៅបន្តរបស់ស.ស.ស.ក ដែលនឹងត្រូវពង្រីកការបណ្ដុះបណ្ដាលសារព័ត៌មាន​នៅតាមបណ្ដាខេត្តផ្សេងៗទៀតផងដែរ។ ប្រធាន ស.ស.ស.ក ក៏បានសុំការគាំទ្របន្តទៀតពីក្រសួងព័ត៌មានចំពោះគោលដៅបន្តនេះរបស់ ស.ស.ស.ក។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ​សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលបានរៀបចំនូវវគ្គបណ្តុះបណ្តាល​បំប៉នបន្ថែមអំពីវិស័យ​សារព័ត៌មាននេះឡើង។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រកាសនូវការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់លោក ហ៊ុយ វណ្ណៈ សម្រាប់គម្រោងបណ្ដុះបណ្ដាល​សារព័ត៌មាននៅតាមបណ្ដាខេត្តផ្សេងៗ។

លោករដ្ឋមន្រ្តីថា គម្រោងនេះ នឹងជួយឲ្យធនធានមនុស្សផ្នែកព័ត៌មាន​របស់កម្ពុជាកាន់តែមានគុណភាព។

ទោះជាយ៉ាងណាលោក ខៀវ កាញារីទ្ធ ក៏បានអំពាវនាវឲ្យសិក្ខាកាម​ដែលទើបបញ្ចប់វគ្គបណ្ដុះបណ្ដាល និយាយដោយឡែក និងនិយាយជារួមសម្រាប់​អ្នកសារព័ត៌មានទាំងអស់ សូមធ្វើកិច្ចការផ្នែកព័ត៌មាន​ប្រកបដោយក្រមសីលធម៌ និងគោរពច្បាប់។

នៅចុងបញ្ចប់ សិក្ខាកាមទាំង៩៦រូប ក៏បានទទួលនូវវិញ្ញាបនប័ត្របញ្ជាក់ការសិក្សា​ពីសំណាក់លោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រកបដោយភាពរីករាយ និងស្និទស្នាល៕