(ភ្នំពេញ)៖ ស្រប​ពេល​ដែល​ផែនការ​ផ្តាច់​ជំនួយ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​នានា ​របស់​សហរដ្ឋអាមេរិក ​ត្រូវ​បាន​បែកធ្លាយ​នោះ ​អ្នកនាំពាក្យ​​គណបក្ស​​ប្រជាជន​កម្ពុជា ​បាន​ចាត់ទុកថា ​ករណីនេះ​បង្ហាញ​ឱ្យ​ឃើញថា ​ការ​ជ្រៀតជ្រែក ​ឬ​លូកដៃ​ផ្ទៃក្នុង​ប្រទេស​ដទៃ ​របស់​សហរដ្ឋអាមេរិក ​តាមរយៈ​ការ​ផ្តល់​​ជំនួយ​នោះ ​មិនសូវ​មានប្រយោជន៍ ​ដូចមុន​ទេ ​ដែល​ជាហេតុ​នាំ​ឱ្យ​សហរដ្ឋអាមេរិក​ផ្លាស់​ប្តូរ​គោលនយោបាយ​។

​​លោក ​សួស ​យ៉ា​រ៉ា ​អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា ​បាន​លើកឡើង​ថា ​នៅពេល​ប្រទេស​ឯក​រា​ជ្យ​តូច​ៗ​បាន​យល់ ​និង​បានឃើញ​បាតុភូត​នៃ​​វិបត្តិសេដ្ឋកិច្ច​ពិភពលោក ​វិបត្តិ​នៃ​ការ​ផ្លាស់​ប្តូរ​របបនយោបាយ ​វិបត្តិ​នៃ​បដិវត្ត​ពណ៌​ការ​កើនឡើង​នៃ​ប្រជា​កល​និយម ​ប្រទេស​ទាំងនោះ​ចាប់ផ្តើម​​ពង្រឹង​អធិបតេយ្យ​ខ្លួន​ឡើងវិញ​។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ ​«​ជា​លទ្ធផល​គឺ​ប្រជាធិបតេយ្យ​នេះ​ហើយ ​ធ្វើ​ឱ្យ​ការ​ជ្រៀតជ្រែក​ក្នុង​នយោបាយ​ផ្ទៃក្នុង​មានការ​លំបាក​ជាង​មុន​។ ​ដូច្នេះ​មធ្យោបាយ​លូកដៃ ​តាមរយៈ​ការ​ផ្តល់​ជំនួយ ​ដើម្បី​ពង្រឹង​លិទ្ធិ​ប្រជាធិបតេយ្យ ​ឬ​តាម​រូបភាព​សុខភាព​សាធារណៈ ​និង​អប់រំ​តាម​មូលដ្ឋាន ​មិនសូវ​មានប្រយោជន៍​ដូច​ពេលមុន​ទេ​»​។​

​លោក ​សួស ​យ៉ា​រ៉ា ​បាន​បន្ថែម​ថា ​ករណីនេះ​ក៏​ទាក់ទង​ដោយ​ផ្ទាល់​នឹង​ជំនួយ​ម្ហូបអាហារ ​និង​សម្លៀកបំពាក់ ​ឬ​ថ្នាំសង្កូវ ​គ្រាប់រំសេវ​មួយចំនួន​ដែល​​សហ​​រដ្ឋ​អាមេរិក ​ធ្លាប់​ជួយ​កម្ពុជា ​ពេល​សង្គ្រាម​ឆ្នាំ ​១៩៧០​-​១៩៧៥ ​ហើយ​ក្រោយមក​ក្លាយជា​បំណុល ​និង​ការប្រាក់​។ ​ដូច្នេះ​ជំនួយ​មួយចំនួន​តាមរយៈ ​USAID ​ក៏បាន​ជា ​ប្រយោជន៍​ដល់​ប្រជាជន ​និង​ជំនួយ​មួយចំនួន​ក៏​មិនបាន​បម្រើ​ផលប្រយោជន៍​ប្រទេស​អាមេរិក​ផង​ដែរ ​ក្នុង​ដំណាក់កាល​រដ្ឋាភិបាល​​របស់​គេ​កំពុង ​តែ​ទាមទារ​សងបំណុល ​សង្គ្រាម​នោះ​។

លោក​បញ្ជាក់៖ ​«​លទ្ធភាព​នេះ​បញ្ជាក់​ថា ​ការ​កាត់​ជំនួយ ​ឬ​បន្ត​ជំនួយ​ផ្ទាល់​មួយចំនួន​តាមរយៈ​រដ្ឋាភិបាល ​គឺជា​រឿង​ចាស់ ​និង​នយោបាយ​ដដែល​​សម្រាប់​សហរដ្ឋអាមេរិក ​នៅពេល​មានការ​ផ្លាស់​ប្តូរ​គោលដៅ​អាទិភាព​ពី​អាស៊ី​អគ្នេយ៍ ​និង​បង្វែរ​ការចាប់អារម្មណ៍​ខ្លាំង​​ជាអាទិភាព​ទៅ​អាស៊ី​ខាងកើត​​វិញ​នោះ​។ ​តែ​យើង​នៅ​មាន​សុទិដ្ឋិនិយម​នៅឡើយ​ថា ​រដ្ឋាភិបាល​លោក ​Donald ​Trump ​នៅតែ​មិន​បោះបង់​អាស៊ី​អាគ្នេយ៍ ​ហើយក៏​មិន​ចង់​​ទុក​កេរ្តិ៍ឈ្មោះ​​នៃ​បំណុល​កខ្វក់​នៅ​ប្រទេស​កម្ពុជា​ទេ ​ក្នុងនាម​ជា​ប្រទេស​មហាអំណាច​មួយ ​ពិសេស​លោក ​Henry ​Kissinger ​ក៏​ចង់ឱ្យ​ព្រលឹង​​មនុស្ស​ខ្មែរ​​ដែល​រង​គ្រាប់បែក​អាមេរិក​អស់ចិត្ត ​និង​លើកលែងទោស​ជូន​គាត់​ដែរ​»​។​

សូម​បញ្ជាក់​ថា ​ផែនការ​ថ្មី​នៃ​កម្មវិធី​ជំនួយ​របស់​រដ្ឋបាល​អាមេរិក ​ដឹកនាំ​ដោយ​ប្រធានាធិបតី​លោក ​ដូ​ណាល់ ​ត្រាំ ​សម្រាប់​ឆ្នាំ២០១៨ខាងមុខនេះ ​បង្ហាញថា ​ជំនួយ​ទៅលើ​វិស័យ​មួយចំនួន​ទៅកាន់​បណ្តា​ប្រទេស ​និង​អង្គការ​ថ្នាក់​តំបន់​ជាច្រើន​ទូទាំង​ពិភពលោក ​នឹង​ត្រូវ​កាត់​ស្ទើរ១០០​% ​និង​ខ្លះទៀត​ត្រូវ​កាត់​ផ្តាច់ ​១០០​%​តែម្តង ​ដែល​ភាគច្រើន​គឺ​ទៅលើ​ប្រទេស​នៅ​តំបន់​អាស៊ី ​រួមមាន៖ ​ចិន ​ឡាវ ​ថៃ ​ហ្វីលីពីន ​មីយ៉ាន់ម៉ា ​និង​កម្ពុជា ​ព្រមទាំង​បណ្តា​ប្រទេស​ជាច្រើន​ទៀត ​ជាពិសេស​នៅ​ប្រទេស​នៅ​ទ្វីប​អាហ្រ្វិក ​ហើយ​ការ​កាត់​ជំនួយ​នេះ ​វា​គឺជា​គោលនយោបាយ​ថ្មី​របស់​​សហរដ្ឋអាមេរិក​តែប៉ុណ្ណោះ ​មិនមែន​ជា​ការ​គៀប​សង្កត់ ​ទៅលើ​ប្រទេស​ណា​នោះ​ទេ​។​

សំណើ​បង្កើន​កញ្ចប់​ថវិកា​សារពើពន្ធ​ប្រចាំឆ្នាំ២០១៨ ​ខាងលើ​របស់​ប្រធានាធិបតី​អាមេរិក ​លោក ​ដូ​ណាល់ ​ត្រាំ ​បង្ក​ឱ្យ​មានការ​កាត់បន្ថយ​​កញ្ចប់​ថវិកា​​សម្រាប់​ទីភ្នាក់ងារ ​អន្តរជាតិ ​ដើម្បី​ការ​អភិវឌ្ឍ​របស់​សហរដ្ឋអាមេរិក ​នៃ​ក្រសួង​ការបរទេស ​ហើយដែល​នេះ​បាន​ជ​ម្រុ​ញ​ឱ្យ​លោក ​ត្រាំ ​សម្រេចចិត្ត​កាត់​​បន្ថយ​ការ​ផ្ដល់​ជំនួយ ​ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា​ជាច្រើន​។

​រដ្ឋបាល​លោក ​ដូ​ណាល់ ​ត្រាំ ​បានសម្រេច​ចិត្ត​កាត់បន្ថយ​កញ្ចប់​ថវិកា​ជំនួយបរទេស ​៣០.៨ភាគរយ ​ដោយ​ក្នុង​នោះ​ជំនួយ ​ដែល​នឹង​ត្រូវ​កាត់បន្ថយ​​គឺ​ទៅលើ ​វិស័យ​សុខាភិបាល ​សេដ្ឋកិច្ច ​និង​ការ​អភិវឌ្ឍ ​នៅ​តាម​បណ្ដា​ប្រទេស​ជាច្រើន ​នៅក្នុង​តំបន់​អឺរ៉ុប ​អឺរ៉ុប​-​អាស៊ី ​អាស៊ី​ខាងកើត ​និង​តំបន់​​ប៉ាស៊ីហ្វិក ​ដែល​នឹង​ប្រឈមមុខ​ការ​កាត់​ជំនួយ ​៥៧.៤ភាគរយ ​និង ​៤១.១ភាគរយ ​ខណៈ​តំបន់​អាហ្រ្វិក ​១៣ភាគរយ ​និង ​៧.២ភាគរយ​សម្រាប់​​តំបន់​មជ្ឈិមបូព៌ា​៕

ខាងក្រោមនេះ ឯកសារអាមេរិករៀបចំផែនការកាត់ផ្តាច់ជំនួយសំខាន់ៗ ទៅកាន់បណ្តាប្រទេសមួយចំនួន៖