(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី២៦ខែមេសា ឆ្នាំ២០១៧នេះ បានប្រកាសផ្តល់ផ្លូវបេតុង១ខ្សែ ជូនពលរដ្ឋ៦ភូមិ ក្នុងសង្កាត់ទួលសង្កែ ដើម្បីសម្រូលទាំងការធ្វើដំណើរចេញចូល និងជួយសម្រួលទាំងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក ​​ជា ​​ពិសី ​​លើកឡើង​​បែបនេះ​​នៅក្នុង​​ពិធី​​អបអរសាទរ ​​ដើម្បី​​បើក​​ការដ្ឋាន​​ជួសជុល​​ផ្លូវ​​បេតុង​​ឆ្អឹង​​ដែក ​​ក្នុង​​គម្រោង​​មូលនិធិ​​អភិវឌ្ឍន៍​​សម្រាប់​​ឆ្នាំ២០១៧ ​​របស់​​រដ្ឋបាល​​ខណ្ឌឫស្សីកែវ ​​ដោយ​​ជួសជុល​​ផ្លូវ​​បេតុង១ខ្សែ​​ប្រវែង១៨៧ម៉ែត្រ ​​និង​​ទទឹង១០ម៉ែត្រ​ ​​ស្ថិត​​ក្នុង​​ភូមិ​​ទួលសង្កែ ​​សង្កាត់​​ទួលសង្កែ ​​ខណ្ឌឫស្សីកែវ ​​រាជធានី​​ភ្នំពេញ​​។

ពិធី​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​ខាងលើ​នេះ ​មានការ​ចូលរួម ​ពី​លោក ​លីន ​ញ៉​ក់ ​អភិបាលរង​ខណ្ឌ ​និង​លោក ​សយ ​កុសល​ចៅសង្កាត់​ទួលសង្កែ ​ព្រមទាំង​វត្តមាន​លោក​-​លោកស្រី ​ជាម​ន្ត្រី​សាលា​ខណ្ឌ ​និង ​សមាជិក ​សមាជិកា​ក្រុមប្រឹក្សា​សង្កាត់ ​រួម​ជាមួយ​ប្រជាពលរដ្ឋ​មក​ពី៦ភូមិ​ចំនួន៣០០នាក់​ផង​ដែរ​។

នៅក្នុង​ពិធី​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​បេតុង១ខ្សែ ​ជូន​ប្រជាពលរដ្ឋ ​ដើម្បី​មាន​ភាព​ងាយស្រួល​ធ្វើដំណើរ ​មុន​បោះឆ្នោត​ឃុំ​-​សង្កាត់ ​ខាងលើ​នេះ​ដែរ ​លោក ​ជា ​ពិសី ​អភិបាលខណ្ឌ​ឫស្សីកែវ ​បាន​ថ្លែង​ថា ​«​ខ្ញុំ​ពិតជា​មាន​សេចក្ដីសោមនស្ស​រីករាយ​ក្រៃលែង ​ដោយ​បាន​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​ពិធី​បើក​ការដ្ឋាន ​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​ខណ្ឌ​សម្រាប់​ឆ្នាំ២០១៧ ​ក្នុង​ការ​ជួសជុល​ផ្លូវ ​បេតុង​ឆ្អឹង​ដែក​ចំនួន១ខ្សែ​បន្ថែម ​នា​ពេលនេះ ​ដោយ​ស្របតាម​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ ​តំណា​ក់​កាល​ទី៣ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​និ​តិ​កាល​ទី៥ដែល​មាន​សម្ដេច​អគ្គមហាសេនា​បតី​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ​គឺ​យើង​មាន​សន្តិភាព ​មានការ​អភិវឌ្ឍ ​ឥត​ឈប់ឈរ​នូវ​ទូទាំង​ប្រទេស​»​

លោក ជា ពិសី បន្តថា សម្រាប់មូលដ្ឋានខណ្ឌឫស្សីកែវ ក៍មានការអភិវឌ្ឍន៍គ្រប់សង្កាត់ ដូចជាស្ថាបនាផ្លូវបេតុងខ្វាត់ខ្វែង ជារៀងរាល់ឆ្នាំ មានលូរំដោះទឹក ដោយប្រើប្រាស់កញ្ចប់ថវិការបស់សង្កាត់ និងរដ្ឋបាលខណ្ឌ ដើម្បីបញ្ជៀសការលិចលង់ រួមនិងសម្រួលចរាចរណ៍ របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរបានងាយស្រួល។

លោកក៏បានថ្លែងបន្តថា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា និងសាលារាជធានីភ្នំពេញ ដែលបានផ្ដល់ កញ្ចប់ថវិកា មូលនិធិអភិវឌ្ឍន៍ខណ្ឌ ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍន៍តាមផែនការមូលដ្ឋាន ដែលបានលើកឡើងតាមឆ្នាំនិមួយៗ ក្នុងរាជធានីភ្នំពេញ។

លើសពីនេះ លោក ជា ពិសី ក៍សូមអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូននាៗ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្ទាប់ពីផ្លូវបេតុងនេះ ត្រូវបានស្ថាបនារួចរាល់ និងបើកឲ្យប្រើប្រាស់ សូមឲ្យជួយថែរក្សាសមទ្ធិផលនេះ ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

ជាមួយគ្នានោះ លោក ជា ពិសី ក៍បានបញ្ជាក់ឲ្យដឹងផងដែរថា «សូមឲ្យប្រជាពលរដ្ឋទាំងអស់ជួយបោះឆ្នោតឲ្យចៅសង្កាត់ទួលសង្កែលោក សយ កុសល ព្រោះជាចៅសង្កាត់ដែលខ្លាំង ក្នុងចំណោមអ្នកខ្លាំងនូវទូទាំងប្រទេស និងមិនយូរទេ ប្រាកដដល់ពេលដែលគេឃោសនាហើយ
«ដែលហៅថាឃោសនាញ៉ុះញ៉ុង ឃោសនាប្រជាពិឃត»ហើយចាប់ផ្ដើមឃោសនាតែដើមអាណត្តិទេ គឺមិនដែលឃោសនា ចុងអាណត្តិឡើយ ពិសេសពូកែសន្យា ដោយចាស់ៗជរា ក្នុងមួយខែ៤ម៉ឺនរៀល ដើម្បីឲ្យបោះឆ្នោតឲ្យគេ។

លោក​បាន​បញ្ជាក់ឲ្យដឹង​ទៀត​ថា ​សូមឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​បោះឆ្នោត​ជូន​លោក ​សយ ​កុសល ​ដែល​ជា​ចៅ​សង្កា​ត់ដ៍​ខ្លាំង​ម្នាក់ ​ក្នុងចំណោម​អ្នក​ខ្លាំង​នូវ​ទូទាំង​ប្រទេស ​ហើយ​ខ្លាំង​នេះ ​គឺ​ខ្លាំង​ក្នុង​ការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ​និង​ខ្លាំង​ផ្នែក​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន ​ហើយ​សូម​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ​អាណត្តិ​ទី៤ឲ្យ​បាន​គ្រប់​ៗ​គ្នា ​នៅ​ថ្ងៃទី៤ ​ខែមិថុនា ​ឆ្នាំ២០១៧ខាងមុខ ​ហើយ​ត្រូវ​សម្រេចចិត្ត​បោះឆ្នោត​ជ្រើសរើស ​ឲ្យបាន​ច្បាស់លាស់ ​ត្រឹមត្រូវ​ផង ​ដើម្បី​ជៀសវាង ​ការ​បោះ​ជ្រើសរើស​ខុស ​ធ្វើឲ្យ​យើង​វិលត្រឡប់​ទៅ​រក​សង្គ្រាម​វិញ ​ដោយ​ជួប​សោ​ទវិ​នា​សកម្ម ​បណ្ដាលឲ្យ​បែកបាក់​ទាំង​បងប្អូន ​ក្រុម​គ្រួសារ​។

លោក ជា ពិសី បានបញ្ជាក់ថា សូមឲ្យប្រជាពលរដ្ឋសម្រេចចិត្តបោះឆ្នោតជ្រើសរើសយកនូវសុខសន្តិភាពមានទាំងការ អភិវឌ្ឍន៍ឥត ឈប់ឈរដូចបច្ចុប្បន្ន ដែលស្ថិតក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយគ្នានោះ លោក ជា ពិសី ក៍បានផ្ដល់ សារ៉ុងចំនួន៣០០ ជូនដល់ប្រជាពលរដ្ឋចំនួន៣០០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានសារ៉ុង១ ដើម្បីទុកជាអនុស្សាវរីយ៍ផងដែរ រវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ហើយសម្រេចបើកការដ្ឋានដើម្បី ជួសជុលផ្លូវបេតុង ចាប់ពីព្រឹកថ្ងៃនេះ តទៅតែម្ដង ក្នុងការជួលសម្រួលការធ្វើដំណើរចេញចូល និងសម្រួលបានទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕