(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន និង យុវនីតិសម្បទា បានឲ្យដឹងថា ជនពិការជិត២០០នាក់ លើកម្រាមដៃ១០ ថ្លែងអំណរគុណប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានលះបង់នូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយដល់ពួកគាត់ ដែលកន្លងមកបានដើរប្រគុំនៅតាមទីសាធារណៈ។

លោកបន្តថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងផ្តល់ក្តីស្រឡាញ់និងការយកចិត្ត ទុកដាក់ស្រឡាញ់លើកកម្ពស់ជីវភាពរស់នៅរបស់ជនពិការ បានសម្រេចផ្តល់អំណោយថវិកា១៥ម៉ឺនដុល្លារ ដើម្បីទិញឧបករណ៍ទំនើបៗជូនជនពិការ។ ក្រុមជនពិការទាំងអស់បានមើលឃើញថា នេះជាកាយវិការដ៏ល្អ និងបានសរបញ្ជាក់យ៉ាងច្បាស់ថា ទីណាមានទុក្ខលំបាកនៅទីនោះមានសម្តេចជាអ្នកជួយដោះស្រាយ។

ជាមួយគ្នានោះក្រុមជនពិការ ក៏បានរួមគ្នាថ្លែងអំណរគុណដល់លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងជាប្រធានក្រុមប្រឹក្សា សកម្មភាពជនពិការ ដែលបានជួយជ្រោមជ្រែងនិងសហការ និងរៀបចំការងារទិញឧបករណ៍ និងផ្តល់ទីតាំងជូនជនពិការឲ្យដំណើរការទៅដោយរលូន។

ការលើកឡើងរបស់លោក ឯម ច័ន្ទមករា បានធ្វើឡើងនៅក្នុងពិធីប្រគល់ ឧបករណ៍ទំនើបៗជូនដល់ក្រុមតន្រ្តីជនពិការចំនួនជិត២០០នាក់ ដើម្បីជាការជួយ ដោះស្រាយជីវភាពរស់នៅសម្រាលនូវទុក្ខលំបាក ដែលបងប្អូនក្រុមតន្រ្តីជនពិការខ្វះខាត នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ។

លោក ឯម ច័ន្ទមករា បានបន្ថែមថា ឧបករណ៍ប្រគុំតន្រ្តីដែលបានប្រគល់ជូននាពេលនេះសុទ្ធតែជាឧបករណ៍ទំនើបៗ និងស៊េរីថ្មីចេញពីរោងចក្រត្រូវបានកម៉្មង់ ពីបរទេស ដែលបានផលិតចេញពីរោងចក្រអង់គ្លេស អាល្លឺម៉ង់ និងប្រទេសជប៉ុនជាដើម។

ការបញ្ជាទិញឧបករណ៍ទំនើបៗទាំងអស់នេះ បានធ្វើឡើងស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលចង់ឃើញក្រុមតន្រ្តីជនពិការកម្ពុជា មានឧបករណ៍ភ្លេងលេងទំនើបៗ ក្នុងនោះរួមមាន៖ ឧបករណ៍ស្គរ ហ្គីតាសូឡូ ហ្គីតាបាស អ័ក គ្រឿងបំពងសម្លេង មេក្រូ អំភ្លី និងឧបករណ៍ភ្លេងទំនើបៗជាច្រើនមុខទៀត។

គួរបញ្ជាក់ថា បញ្ហាជនពិការភាព គឺជាការងារពហុវិស័យ បច្ចុប្បន្នកម្ពុជាមានជនពិការប្រមាណជាង៥ម៉ឺននាក់ ស្មើនឹង៤ភាគរយ នៃប្រជាជនសរុប។ សព្វថ្ងៃនេះជនពិការត្រូវការចាំបាច់ឲ្យមាន ការជួយសម្របសម្រូលទាំងផ្នែកហេដ្ឋា រចនាសម្ព័ន្ធរូបរ័ន្ត ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ ការសិក្សាអប់រំ ការព្យាបាល ការផ្តល់ការងារ ការផ្តល់គោលនយោបាយ​ឧបត្ថម្ភជាដើម៕