(ព្រះសីហនុ)៖ អភិបាលរងខេត្តព្រះសីហនុមួយរូបដែលគេស្គាល់ឈ្មោះផៃ ប៊ុនវណ្ណះ បានធ្វើការចោទប្រកាន់ ទៅលើបុរស​ម្នាក់​ដែលអះអាងថាខ្លួនជា មន្ត្រីពន្ធដារនៅភ្នំពេញ ចង់ទៅកាងជនខិលខូចដែលមានជំលោះដីធ្លីជាមួយជំទាវហុង ស៊ួន ភរិយាឧកញ៉ាគង់ ទ្រីវ ដែលក្រោយមកគេដឹងថា មន្ត្រីពន្ធ ដាររូបនោះមានឈ្មោះហេង ណារិទ្ធ មានតួនាទីជាអនុប្រធាន​នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ។

យោងតាមខ្លឹមសារដែលលោកផៃ ប៊ុនវណ្ណះ អភិបាលរងខេត្តព្រះសីហនុ សរសេរបង្ហោះនៅលើបណ្ដាញ ទំនាក់ទំនង​សង្គមហ្វេសប៊ុករបស់លោក ឈ្មោះ Phay bunvannak មានខ្លឹមសារថា៖ «នៅព្រឹកថ្ងែទី២៤ ខែមេសា ឆ្នាំ២០១៧ នៅលើទីតាំង​ដីរបស់លោកជំទាវហុង ស៊ួន គង់ទ្រីវ ភ ៦ ស ៤ ក្រុង និងខេត្តព្រះសីហនុ មានបុរសម្នាក់ ជិះរថយន្តទំនើប ផ្លាកលេខរដ្ឋ 10 2-0555 ប្រាប់ខ្លួនឈ្មោះ ហេង ណារិទ្ធ ធ្វើជាមន្ត្រីពន្ធដារ ភ្នំពេញ មកសុំអោយ ក្រុមការងារខេត្ត និងតំណាងក្រុមហ៊ុន​បង្ហាញឯកសារ​ពាក់ព័ន្ធដីខាងលើ បុរសរូបនេះបែប ចង់កាងជនខិលខូចចំនួន៨គ្រួសារ ដែលមកតាំងទីលំនៅ លើដីកម្មសិទិ្ធ​ស្របច្បាប់របស់​លោកជំទាវហុង ស៊ួន[ ប្លង់ប្រព័ន្ធ ]។ ខ្ញុំសូមបញ្ជាក់ថា ដីខាងលើនេះ មានប័ណ្ណកម្មសិទិ្ធត្រឹមត្រូវ តែត្រូវបានប្រជាជន ប្រមាណ៨០គ្រួសារមករំលោភតាំងទីលំនៅដោយខុសច្បាប់ ..... ឥឡូវក្រុមហ៊ុនត្រូវការអភិវឌ្ឍន៍លើដីនេះ ...តាមរយៈសំណូមពររដ្ឋបាលខេត្ត លោកជំទាវហុង ស៊ួន យល់ព្រមដោះស្រាយគោលនយោបាយជូនប្រជាជន ពួកគាត់យល់ព្រមទទួលយកចំនួន៧២គ្រួសារ ...នៅសល់៨គ្រួសារ មិនព្រមទទួលយកគោលការណ៍ដោះស្រាយ ឈ្នះ ឈ្នះនេះទេ ដោយជឿពួកក្រុមប្រឆាំង ចោទថាម្ចាស់ដីរំលោភសិទិ្ធពួកគាត់ទៅវិញ។សូមបងប្អូន ឈប់ជឿគេឃោសនា កុហកបែបនេះទៀតទៅ វិលទៅសុំគោលនយោបាយអនុគ្រោះពីលោកជំទាវហុង ស៊ួន វិញទើបប្រសើរ ។ ក្នុងនាមរដ្ឋបាល ខេត្តព្រះសីហនុ ខ្ញុំសុំអោយក្រសួងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពន្ធដារ ត្រួតពិនិត្យបុរសរូបនេះ ថាតើគាត់ជាមន្ត្រីពន្ធដារមែនឬទេ???? គាត់អោយលេខទូរស័ព្ឌ ០៨៩៦៦៨៨៩៩ មកក្រុមការងារ ប៉ុន្តែតេមិនចូល តាមព័ត៌មានពីប្រជាពលរដ្ឋថា បុរសរូបនេះ ជាកូនប្រសារ របស់ អៀម ផៃ ជាគ្រួសារ១ក្នុងចំណោម៨គ្រួសារ»

ពាក់ព័ន្ធការអះអាងចោទប្រកាន់របស់លោកអភិបាលរងខេត្តព្រះសីហនុខាងលើ កាលពីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ម្សិលមិញនេះ អង្គភាព ព័ត៌មាន Fresh News បានទូរស័ព្ឌទៅកាន់លេខទូរស័ព្ឌ​ដែលលោកអភិបាលរង​ខេត្តបង្ហោះ​នៅលើហ្វេសប៊ុក​ ដើម្បីសុំការបំភ្លឺ ខណៈលើកទូរស័ព្ឌនិយាយ អ្នកនិយាយតបបានអះអាងថាកំពុងជាប់រវល់ ចាំទំនេរ ចាំមកជួបផ្ទាល់ ហើយក៏បិទទូរស័ព្ឌវិញទៅ៕

លោកហេង ណារិទ្ធ ពេលទៅសួរនាំមន្ត្រីអាជ្ញាធរកាលពីថ្ងៃទី២៤ មេសា