(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋ​ជាម្ចាស់ដីស្របច្បាប់ជាង១០គ្រួសារ ដែលរស់នៅតាំងពីក្រោយឆ្នាំ១៩៧៩មក គ្រោងដាក់ពាក្យបណ្ដឹងទៅក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយ ACU ដើម្បីឲ្យជួយអន្ដរាគមន៍ ក្រោយអាជ្ញាធរខេត្តកំពង់ឆ្នាំង មិនទាន់ដោះស្រាយជម្លោះនេះជាង២ឆ្នាំមកហើយ​។

ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនេះ គឺកើតចេញពី ឈ្មោះ អៀ គុយម៉ុង ហៅក្ដាន់ ដែលត្រូវបានគេដឹងថា មានលោកឧត្តមសេនីយ៍​ឯកម្នាក់ នៅកាងពីក្រោយ បានក្លែងបន្លំឯកសារ យកដីរបស់ពលរដ្ឋដែលរស់នៅស្របច្បាប់តាំងពីក្រោយឆ្នាំ១៩៧៩ ទៅពុះឡូត៍លក់ឲ្យប្រជាពលរដ្ឋប្រមាណជាង៤០គ្រួសារទៀត ទើបកើតចេញជាជម្លោះនេះឡើង រយៈពេលជាង២ឆ្នាំមកហើយ ប៉ុន្ដែមកទល់ពេលនេះ ពលរដ្ឋរងគ្រោះមិនទាន់បានទទួលយុត្តិធម៌នៅឡើយទេ។

ជាក់ស្ដែងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ម្សិលមិញនេះ អាជ្ញាធរខេត្តបានចុះទៅវាស់វែងដីដែលមានជម្លោះនេះ ទៅពលរដ្ឋជាង37គ្រួសារទៅវិញ ខណៈដែលពលរដ្ឋម្ចាស់ដីស្របច្បាប់មិនទាន់ដឹងដំណឹងអ្វីទាំងអស់។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា ការចុះទៅវាស់វែងនេះចេញជាលទ្ធផលយ៉ាងណាឡើយ។

តាមការសាកសួរព័ត៌មាន ពីជម្លោះដីធ្លីនេះ​ដំបូងឡើយឈ្មោះ ជៀម ហៃ ជាម្ចាស់កម្មសិទ្ធិ ក្នុងផ្ទៃដី ៥.៥ហិចតា បន្ទាប់មកឈ្មោះនេះ បានលក់ទៅឲ្យឈ្មោះ លីផេងដោយមានឈ្មោះសាយ សូ ជាតំណាង បន្ទាប់មកឈ្មោះ សាយ សូ ក៏បានចាត់តាំងតំណាងរបស់ខ្លួន ឈ្មោះអៀគុយម៉ុងហៅក្ដាន់ជាតំណាងលោក លី ផេង យកលុយទៅប្រគល់ឲ្យ ឈ្មោះ ជៀម ហៃ ជាង១៤ម៉ឺនដុល្លារ។ សម្រាប់លុយទិញដីទាំងនេះ ឈ្មោះ សាយ សូ គឺបានយកលុយពីឈ្មោះ លីផេងអោយទៅអៀ គុយប៉ុង យកទៅកក់ទើបក្រោយមកទៀត ឈ្មោះ អៀ គុយប៉ុង ក៏បានពុះឡូត៍ដីខាងលើ លក់ទៅឲ្យប្រជាពលរដ្ឋបច្ចុប្បន្ន ប្រមាណ៤០គ្រួសារ ហើយព្យាយាមមិនអោយឈ្មោះលីផេង​​ដែលទទួលទិញដីពីម្ចាស់កាន់កាប់ពិតប្រាកដជាង10គ្រួសារដែលតំណាងគឺឈ្មោះជៀមហៃ.មិនបានដឹង។

ក៏មានរឿងក្ដីក្ដាំផ្លូវតុលាការមិនត្រឹមតែមិនទាន់ទទួលបានពន្លឺយុត្តិធម៌ សំណុំ​រឿងនេះ ឈ្មោះ ជៀម ហៃ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ បានសុំអន្ដរាគមន៍ទៅរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍនា ដោយ​សុំ​ផ្ទេរ​សមត្ថកិច្ចនៃសំណុំរឿងព្រហ្មទណ្ឌ ទៅកាន់សាលា​ដំបូងរាជធានីភ្នំពេញ។
លិខិតសុំអន្ដរាគមន៍នេះ ត្រូវបានលោករដ្ឋមន្ដ្រីក្រសួង​យុត្តិធម៌សម្រេចឯកភាព កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦​ផងដែរ​។

ជុំវិញទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋ15គ្រួសារ នៅភូមិ៧ សង្កាត់ស្ខាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ភាគីដើមបណ្ដឹងលោក ជាម ហៃ ដែលជាម្ចាស់ដីពិតប្រាដក ធ្លាប់បានចេញមុខមកបកស្រាយ និងអះអាងថា ខ្លួនមិនបានប្ដឹងជាមួយពលរដ្ឋ៤០គ្រួសារនោះទេ ពោលគឺខ្លួនប្ដឹងឈ្មោះ អៀ គុយម៉ុង ហៅក្ដាន់ ដែលបានយកដីរបស់ខ្លួនទៅពុះឡូត៍លក់ឲ្យប្រជាពលរដ្ឋ ដោយយោងទៅលើលិខិតទិញ និងលក់ដី របស់ប្រជាពលរដ្ឋក្នុងតំណាងអោយឈ្មោះលីផេង ។

ជាថ្មីម្ដងទៀត ប្រជាពលរដ្ឋជាង១០គ្រួសារ កំពុងអំពាវនាវរកជំនួយអន្ដរាគមន៍ ពីថ្នាក់ដឹកនាំ ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ព្រោះថាគាត់​មកកាន់កាប់ដីនេះ តាំងពីក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩មកម្ល៉េះ ហើយក៏មានកម្មសិទ្ធិស្របច្បាប់ ដូចប្រជាពលរដ្ឋដ៏ទៃៗទៀតដែរ តែអកុសលមានដីលក់បន្តិចបន្ទួចហើយបែជាជួបបញ្ហាចឹងទៅវិញ៕