(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ បានចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យមើល​គម្រោងស្ថាបនាផ្លូវបេតុងមួយខ្សែ ស្ថិតក្នុងភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ដែលផ្លូវបេតុងថ្មីដែលគ្រោងនឹងស្ថាបនានេះ ស្ថិតក្នុងគម្រោងថវិការបស់រដ្ឋបាលខណ្ឌដង្កោ ឆ្នាំ២០១៧ មានប្រវែង ២២៤ម៉ែត្រ ទទឹង៤ម៉ែត្រ។

លោកអភិបាលខណ្ឌ បានលើកឡើងប្រាប់ប្រជាពលរដ្ឋផងដែរ ពីការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ នៅទូទាំងប្រទេស ក៏ដូចជាក្នុងមូលដ្ឋាន ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាក់ស្តែង ផ្លូវបេតុងថ្មី​មួយខ្សែទៀត ដែលជាគម្រោងស្ថាបនា ឆ្នាំ២០១៧នេះ ជាស​មិទ្ធផលថ្មីបន្ថែមទៀត ជូនដល់ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន។

លោកអភិបាល ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយោគយល់អធ្យាស្រ័យ ចំពោះផលប៉ះពាល់តិចតួច ដែលបណ្តាលមកពីការស្ថាបនាផ្លូវថ្មីនេះ ដែលផ្លូវថ្មនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរប្រកបរបរចិញ្ចឹមជីវិត និងធ្វើឲ្យមានផាសុកភាពសម្រាប់ការរស់នៅប្រចាំថ្ងៃ៕