(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ បានចំអកដល់ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលនិយាយពីការត្រៀមចូលកាន់អំណាច ខណៈដែលអ្នកគាំទ្រ និងសកម្មជនរបស់ខ្លួនជាច្រើន បានដើរចេញពីគណបក្សប្រឆាំងមួយនេះ។

លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គួរឲ្យចម្លែកណាស់ ក្នុងពេលដែលមានអ្នកធ្លាប់គាំទ្រ និងធ្លាប់បានបោះឆ្នោតឲ្យ កាលពីឆ្នាំ ២០១៣ បានចាកចេញអស់ពីគណបក្សសាង្គ្រោះជាតិ បែរជាមេដឹកនាំគណបក្សប្រឆាំង ត្រៀមឡើងកាន់អំណាច មុនចេញលទ្ធផលបោះឆ្នោតទៅទៀត។ នេះបញ្ជាក់ឲ្យឃើញថា មេដឹកនាំបក្សប្រឆាំងល្មោភអំណាចដល់ម្លឹង។ ក្នុងខណៈដែលកម្លាំងកំពុងថមថយ បែរជាមកត្រៀមលក្ខណៈចូលកាន់តំណែង ទាំងមិនទាន់ដឹងលទ្ធផលបោះឆ្នោត ។ នេះបានចំជាឃ្លានមែន»

កាលពីម្សិលមិញ នៅក្នុងអង្គសមាជដើម្បីបោះឆ្នោតលើការកែប្រែលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ ស្តីពីការជ្រើសរើស អនុប្រធាននោះ លោក កឹម សុខា បានអះអាងថា បក្សប្រឆាំងមួយនេះអាចនឹងទទួលបានការគាំទ្រ និងឈានទៅគ្រប់គ្រង ឃុំ-សង្កាត់ក្នុងពេលខាងមុខជំនួសបក្សកាន់អំណាច។ លោកបានបន្ថែមថា «គណបក្សសង្គ្រោះជាតិ មានភារកិច្ចមួយត្រូវទទួលខុសត្រូវ ដ៏ធ្ងន់ធ្ងរ គឺការពារសន្លឹកឆ្នោតជូនប្រជាពលរដ្ឋ។ ការការពារសន្លឹកឆ្នោតជូនប្រជាពលរដ្ឋនេះហើយ ជាភារកិច្ចសំខាន់បំផុត»។

ទោះជាយ៉ាងនេះក្តី នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានសេចក្តីរាយការណ៍ថា សកម្មជន និងអ្នកគាំទ្រជាច្រើនរបស់គណបក្ស សង្រ្គោះជាតិ បានប្រកាសចាកចេញពីបក្ស នេះជាបន្តបន្ទាប់។ ប្រធានក្រុមប្រឹក្សាយុវជនគណបក្សសង្គ្រោះជាតិ និងជាបេក្ខជនពេញសិទ្ធិ លេខរៀងទី៧ ប្រចាំនៅឃុំកាត់ភ្លុក ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ លោក វួក ធួន ដែលបានប្រកាសចាកចេញពីគណបក្សសង្រ្គោះជាតិ នៅសប្តាហ៍នេះ បានរិះគន់គណបក្សរបស់លោកថា មានការប្រកាន់បក្ខពួក និងប្រព្រឹត្តអំពើពុករលួយ ក្នុងការរៀបចំបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។

ដោយឡែកកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ លោក ហាស់ សុធានី សមាជិកក្រុមប្រឹក្សារបស់គណបក្សសង្រ្គោះជាតិ នៅខណ្ឌច្បារអំពៅ ក៏បានប្រកាសលាឈប់ពីគណបក្សសង្រ្គោះជាតិ បន្ទាប់ពីលោកទទួលរងនូវភាពអយុត្តិធម៌ ក្នុងការទម្លាក់ លេខរៀងឈរឈ្មោះជាបេក្ខជននេះដែរ។

អ្នកវិភាគនយោបាយមួយចំនួនបាននិយាយថា ការគាំទ្រទៅលើគណបក្សប្រឆាំងពេលនេះ មិនដូចការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត កាលពីឆ្នាំ២០១៣ឡើយ។ កម្លាំងរបស់គណបក្សសង្រ្គោះជាតិ ដែលរួមបញ្ចូលគ្នាដោយក្រុមអ្នកនយោបាយនោះត្រូវបានបែកស្ទើតែអស់ ទៅហើយ។ ជាក់ស្តែងដូចជា កម្លាំងរបស់លោក សួន សេរីរដ្ឋា បានទៅបង្កើតគណបក្សអំណាចខ្មែរ កម្លាំង លោក ម៉ម សូណង់ដូរ ទៅបង្កើតគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ កម្លាំងរបស់អង្គការសង្គមស៊ីវិល ដែលធ្លាប់គាំទ្រ ទៅបង្កើតគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន។ ក្រៅពីនោះគណបក្សនេះ នៅតែមានភាពរកាំរកុសជាបន្តបន្ទាប់រវាងបក្ខពួក លោក កឹម សុខា និងលោក សម រង្ស៊ី ផងដែរ៕