(កំពត)៖ អង្គការភ្លែនអន្តរជាតិកម្ពុជា នៅតែបន្ដចូលរួមលើកកម្ពស់អនាម័យ និងបញ្ជ្រាបការយល់ដឹងពីសុខភាព​ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតាមជនបទដើម្បីឲ្យប្រជាពលរដ្ឋ​ទាំងអស់យល់ដឹងក្នុងការថែទាំសុខភាព និងការរក្សាអនាម័យ។ ហើយនាថ្ងៃទី​២៦ ខែមេសា​ ឆ្នាំ២០១៧នេះផងដែរ អង្គការភ្លែនបានបន្ដរៀបចំសិក្ខាសាលាមួយស្តីពី «ការលើកកម្ពស់អនាម័យជនបទនៅកម្ពុជាជំហ៊ានទី២» ដោយមានការចូលរួមពីសំណាក់លោក ថោង ពោជ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក នៃ គង់ អភិបាលរងនៃគណៈអភិបាលខេត្តកំពត លោក Jan Jaap នាយកអង្គការភ្លែនអន្តរជាតិកម្ពុជា ដោយសិក្ខាសាលានេះប្រព្រឹត្តិឡើងនៅខេត្តកំពត។

សិក្ខាសាលានេះបង្កើតឡើងដើម្បីបង្ហាញពីគោលដៅ ស្វែងរកការគាំទ្រលើការអនុវត្តន៍កម្មវិធីនៅថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន ការកសាងទំនាក់ទំនងរវាងអង្គការភ្លែនអន្តរជាតិ ដៃគូអនុវត្តគម្រោង និងអង្គភាពរដ្ឋាភិបាលដែលពាក់ព័ន្ធរួម ទាំងអាជ្ញាធរមូលដ្ឋាន និងអង្គការដែលធ្វើការលើវិស័យទឹកស្អាត និងអនាម័យនៅក្នុងខេត្ត។

លោក ថោង ពោជ ថ្លែងឲ្យដឹងថា សិក្ខាសាលានេះធ្វើឡើងដើម្បីធ្វើឲ្យប្រសើរនូវការរក្សាអនាម័យ និងលើកកម្ពស់ ការអនុវត្ត​សុខភាព តាមសហគមន៍ជនបទនៅកម្ពុជា ហើយសិក្ខាសាលានេះនឹងលើកទឹកចិត្តប្រជាពលរដ្ឋទាំងអស់ឲ្យប្រើប្រាស់
បង្គន់អនាម័យជាប្រចាំ ការលាងដៃនឹងសាប៊ូ  និងពិសាទឹកមានសុវត្ថិភាព ព្រមទាំងបានពង្រឹងសមត្ថភាព ដល់ស្ថាប័នរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងការលើកកម្ពស់អនាម័យ និងសុខភាព។

លោកបានបញ្ជាក់ទៀតថា សម្រាប់សិក្ខាសាលាថ្ងៃនេះ សូមផ្តល់ជូននូវសារសំខាន់ៗចំនួនបីរួមមាន៖

ទី១៖ សូមឲ្យភាគីដែលពាក់ព័ន្ធ ក្នុងនោះមានមន្ទីរ និងអាជ្ញាធរមូលដ្ឋានចូលរួមសហការនិងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋ សាងសង់បង្គន់អនាម័យ​ដោយផ្តោតលើ ការផ្លាស់ប្តូរឥរិយាបថរបស់ពួកគាត់ ជាជាងការផ្តល់ការឧបត្ថមធនដែលមិនមាន​និរន្តរភាពដូច ការដែលសង់ និងប្រើប្រាស់បង្គន់ចេញពីឥរិយាបថ ផ្ទាល់របស់ពួកគាត់។

ទី២៖ លើកកម្ពស់អនាម័យជនបទនេះពុំមានការឧបត្ថមធន និងទី៣៖ សូមឲ្យឃុំសង្កាត់ ធ្វើផែនការ និងចែករំលែកថវិកា សម្រាប់ចុះផ្សព្វផ្សាយពីអនាម័យ ត្រួតពិនិត្យតាមដានការផ្លាស់ប្តូរឥរិយាបថក្នុងការអនុវត្តអនាម័យ ពិសេសចំពោះប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។

ជាមួយគ្នានេះដែរលោក Jan Jaap Kleinrensink បានថ្លែងឲ្យដឹងថា ដើម្បីលើកកម្ពស់អនាម័យនិងការអនុវត្តសុខភាព​នៅជនបទក្នុងប្រទេសកម្ពុជា នៅក្នុងខេត្តចំនួន៥ គឺ កំពង់ចាម កំពង់ស្ពឺ តាកែវ ស្វាយរៀង និងកណ្តាល គណកម្មការ​សម្របសម្រួលកម្មវិធីលើកកម្ពស់អនាម័យជនបទនៅកម្ពុជា ដែលរួមមាន តំណាងស្ថាប័នរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍​សំខាន់ត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវការដឹកនាំដ៏សកម្ម និងដើម្បីជំរុញការសហការនិងការរួម​បញ្ចូលគ្នារវាងភាគី​ពាក់ព័ន្ធនានា។

លោកបានបន្ដថា សិក្ខាសាលានេះធ្វើឡើងក្នុងការលើកកម្ពស់ការអនុវត្ត សុខភាព ការរក្សាអនាម័យ នៅតាមសហគមន៍​ជនបទ។ហើយ កម្មវិធីលើកកម្ពស់ អនាម័យ ជនបទនៅក្នុងប្រទេសកម្ពុជានេះបាន ចាប់ផ្តើមសកម្មភាពតាំងពីឆ្នាំ ២០១១មក ដោយបានចែក​ចេញជាពីរជំហ៊ាន ដោយជំហ៊ានទី១៖ ទទួលបានជោគជ័យខ្លាំង  ជាលទ្ធផលប្រជាជនជាង៥៣០,០០០នាក់ បានចាប់ផ្តើមប្រើបង្គន់ហើយភូមិចំនួន ៧៥៦ បានប្រកាសបញ្ឃប់ ការបន្ទោរបង់ពាស់វាល ពាស់កាលដោយរួមមានខេត្ត  កំពង់ចាម កណ្តាល ស្វាយរៀង ត្បូងឃ្មុំ តាកែវ និងខេត្តកំពង់ស្ពឺ។ ជំហ៊ានទី២៖ កំពុងត្រូវបានអនុវត្តនៅក្នុងភូមិចំនួន១,៤៩៤ ឃុំចំនួន១៦០ ស្រុកចំនួន ៤៣ នៅក្នុងខេត្តព្រៃវែង កំពត កំពង់ចាម, កំពង់ធំ និងខេត្តក្រចេះ និងមានភូមិគោលដៅចំនួន ៨៩៦ បានក្លាយជាភូមិបញ្ឈប់ការបន្ទោរបង់ពាស់វាលពាស់កាល។

សូមបញ្ជាក់ថា អង្គការភ្លែនអន្តរជាតិ គឺទីភ្នាក់ងារអន្តរជាតិដើម្បីអភិវឌ្ឍន៍ ដ៏ចំណាស់ និងដ៏ធំមួយ ដែលកំពុងធ្វើការនៅក្នុង​ប្រទេសចំនួន៦៩ ជុំវិញពិភពលោក។ នៅកម្ពុជា អង្គការភ្លែនអន្តរជាតិបានចាប់ផ្តើមប្រតិបតិ្តការនៅឆ្នាំ២០០២ និងកំពុង​អនុវត្តន៍​គម្រោងរបស់ខ្លួននៅក្នុងខេត្តដូចជា សៀមរាប ត្បូងឃ្មុំ ស្ទឹងត្រែង និងរតនគីរី ដែលមានការិយាល័យប្រចាំ​ប្រទេសនៅភ្នំពេញ៕