(ភ្នំពេញ)៖ ផែនការថ្មីនៃកម្មវិធីជំនួយរបស់រដ្ឋបាលអាមេរិក ដឹកនាំដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ ត្រូវបានបង្ហាញសម្រាប់ឆ្នាំ២០១៨ខាងមុខនេះ ដោយក្នុងជំនួយទៅលើ​វិស័យមួយចំនួនទៅកាន់បណ្តាប្រទេស និងអង្គការថ្នាក់តំបន់ជាច្រើនទូទាំងពិភពលោក នឹងត្រូវកាត់ស្ទើរ១០០% និងខ្លះទៀត​ត្រូវកាត់ផ្តាច់ ១០០%តែម្តង ដែលភាគច្រើនគឺទៅលើប្រទេសនៅតំបន់អាស៊ីតែម្តង, រួមមាន៖ ចិន ឡាវ ថៃ ហ្វីលីពីន មីយ៉ាន់ម៉ា និងកម្ពុជា ព្រមទាំងបណ្តាប្រទេសជាច្រើនទៀត ជាពិសេសនៅប្រទេសនៅទ្វីបអាហ្រ្វិក។ ហើយការកាត់ជំនួយនេះ វាគឺជាគោលនយោបាយថ្មីរបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ មិនមែនជាការគៀបសង្កត់ ទៅលើប្រទេសណានោះទេ។

​សំណើបង្កើនកញ្ចប់ថវិកាសារពើពន្ធប្រចាំឆ្នាំ២០១៨ ខាងលើរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បង្កឱ្យមានការកាត់បន្ថយកញ្ចប់ថវិកាសម្រាប់ទីភ្នាក់ងារ អន្តរជាតិ ដើម្បីការអភិវឌ្ឍរបស់​សហរដ្ឋអាមេរិក នៃក្រសួង​ការបរទេស ហើយដែលនេះបានជម្រុញ​ឱ្យលោក ត្រាំ សម្រេចចិត្តកាត់​បន្ថយការផ្ដល់ជំនួយ ដល់បណ្ដា​ប្រទេសកំពុងអភិវឌ្ឍន៍នានាជាច្រើន។ នេះបើតាមវែបសាយបរទេស​ និងឯកសាររបស់សហរដ្ឋអាមេរិកចំនួន១៥ទំព័រ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០១៧

រដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចចិត្ត​កាត់បន្ថយកញ្ចប់ថវិកាជំនួយបរទេស ៣០.៨ភាគរយ ដោយក្នុងនោះជំនួយ ដែលនឹងត្រូវកាត់បន្ថយគឺទៅលើ វិស័យសុខាភិបាល សេដ្ឋកិច្ច និងការអភិវឌ្ឍ នៅតាមបណ្ដាប្រទេសជាច្រើន នៅក្នុងតំបន់អឺរ៉ុប អឺរ៉ុប-អាស៊ី អាស៊ីខាងកើត និងតំបន់ប៉ាស៊ីហ្វិក ដែលនឹងប្រឈមមុខ​ការកាត់ជំនួយ ៥៧.៤ភាគរយ និង ៤១.១ភាគរយ ខណៈតំបន់អាហ្រ្វិក ១៣ភាគរយ និង ៧.២ភាគរយសម្រាប់តំបន់មជ្ឈិមបូព៌ា។

គួរបញ្ជាក់ថា យោងតាមឯកសារ​ខាងលើដដែល ​បណ្ដាប្រទេសដែលសហរដ្ឋអាមេរិក កាត់បន្ថយជំនួយមិនមែន​មានតែកម្ពុជា​ឡើយ ពោលគឺ​ក៏មានប្រទេស នីហ្សេ សៀរ៉ាឡេអូន ឡាវ ថៃ វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ប៉ូឡូញ គុយបា វ៉េណេស៊ុយអេឡា រួមទំាងបណ្ដាប្រទេសអឺរ៉ុប ផងដែរ។ ទោះបីជាយ៉ាងណា ក្រសួងការបរទេស​អាមេរិកបានបញ្ជាក់ដែរថា​ ការសម្រេចចិត្តកាត់បន្ថយ​ជំនួយនេះមិនមាន​ជាប់ពាក់ព័ន្ធនឹង​ស្ថានភាពនយោបាយ​របស់ ប្រទេសណាមួយ​នោះទេ។

តាមការវិវឌ្ឍន៍ស្ថានការណ៍កន្លងមក រដ្ឋបាលអាមេរិកថ្មីដឹកនាំ​ដោយលោក ដូណាល់ ត្រាំ ធ្លាប់បានបញ្ជាក់តាំងពីដើមមកថា ខ្លួននឹងធ្វើការសន្សំសំចៃថវិកាជាតិឲ្យបានច្រើន ប៉ុន្តែនឹងបង្កើន​កញ្ចប់ថវិកាជាតិទៅលើវិស័យយោធា ដើម្បីធ្វើឲ្យ​អាមេរិក្លាយជាប្រទេស​ដែលមានភាព​អស្ចារ្យដូចមុន។ ហេតុដូច្នេះ វាមិនមែន​ជារឿងអ្វីដែល​ចម្លែកនោះទេ ដែលរដ្ឋបាលអាមេរិក​រៀបចំផែនការ​កាត់បន្ថយជំនួយ ទៅកាន់ប្រទេស​នានានៅថ្ងៃមុខ។

ខាងក្រោមនេះ ឯកសារអាមេរិករៀបចំផែនការកាត់ផ្តាច់ជំនួយសំខាន់ៗ ទៅកាន់បណ្តាប្រទេសមួយចំនួន៖