(កោះកុង)៖ ក្រុមប្រឹក្សាខេត្តកោះកុង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ​រៀបចំបើកពិធីសន្និបាតបូកសរុបសមិទ្ធផលការងារ របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣(២០១២-២០១៦)​។ ពិធីបើកសន្និបាតបូកសរុបសមិទ្ធផលនេះ ត្រូវបានធ្វើឡើងក្រោម អធិបតីភាព លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្រ្តីរាជការគ្រប់បណ្តាអង្គភាព ក្រុមប្រឹក្សាតាមបណ្តាមូលដ្ឋានសរុបជិត២០០នាក់។

លោក កាយ សំរួម បានសម្ដែងនូវការ កោតសសើរដោយសោះចំពោះក្រុមប្រឹក្សាឃុំ-សង្កាត់ រួមទាំងអាជ្ងាធរគ្រប់ លំថ្នាក់ទាំងក្នុងទីរួមខេត្ត និងតាមមូលដ្ឋាន គ្រប់បណ្តាស្រុក និងអ្នក​ពាក់ព័ន្ធនានាដែលបានខិតខំប្រឹងប្រែង ចូលរួម សហការណ៍ អនុវត្ត​ច្បាប់ និងខិតខំបទដ្ឋានគតិយុទ្ធនានា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បី​សម្រេចបាននូវសមិទ្ធិផល នានាជាច្រើន ជូនជាតិមាតុភូមិ​។

លោកបានបន្តថា  «យើងបានធ្វើការកត់សម្គាល់សមិទ្ធិផលសំខាន់ដែលក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៣ សម្រេចបាន ក្នុងឆ្នាំ២០១២ ដល់ឆ្នាំ២០១៦កន្លងមកនេះ ហើយសមិទ្ធិផលសុទ្ធតែមានការចូលរួមចំណែកយ៉ាងសកម្ម ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃខេត្តកោះកុង និងអ្នកពាកព័ន្ធនានាដែលបានចូលរួមសហការ បានដោយជោគជ័យក្នុងការអភិវឌ្ឍរយ:ពេល៥ឆ្នាំកន្លងមក ហើយយើងត្រូវចូលរួមបន្តទៅទៀតដើម្បីប្រទេសជាតិ និងប្រជាពលរដ្ឋបើកកាលណាយើងអភិវឌ្ឍបានច្រើន ប្រជាពលរដ្ឋបានកាត់បន្ថយពីភាពក្រីក្របានមួយកំរិតទៀត»

ប្រធានក្រុមប្រឹក្សាខេត្តរូបនេះ បញ្ជាក់ថា ក្នុងកិច្ចដំណើរសន្និបាតរយៈពេលមួយថ្ងៃនេះ ក្រុមប្រឹក្សាឃុំ-សង្កាត់ និងតំណាងមន្ទីរអង្គភាពពាក់ព័ន្ធនានា អង្កការសង្គមស៊ីវិល ដែលចូលរួមសន្និបាតចូលរួមពិភាក្សាផ្តល់យោបល់គ្នាទៅវិញទៅ​មក លើបញ្ហាដែលប្រឈមនានា ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ​បញ្ហាទាំងអស់ ​ហើយក្រុមប្រឹក្សាមន្រ្តីរាជការ ត្រូវខិតខំយកចិត្តទុកដាក់ទៅលើការត្រូវចេះរួមដៃគ្នា ដើម្បីប្រទេសជាតិ​ និងប្រជាពលរដ្ឋ​ទាំងអស់គ្នា៕