(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសម្តែងការរំពឹងទុកថា បងប្អូន ជនពិការទាំងអស់ នឹងអាចបញ្ឈប់ការច្រៀងតាមភ្លើងស្តប និងទីសាធារណៈចាប់ពីថ្ងៃនេះតទៅ។ ការរំពឹងទុករបស់ លោក រដ្ឋមន្រ្តីបានធ្វើឡើង ក្រោយពីក្រសួងសង្គមកិច្ច បានរៀបចំពិធីប្រគល់ឧបករណ៍ភ្លេចថ្មីទំនើបចំនួន៥វង់ ជូនមន្រ្តីជនពិការចំនួន៥ក្រុម ដែលជាអំណោយរបស់សម្តេច តេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការនិងសម្តេចកិត្តិបណ្ឌិត នៅ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ នាទីស្តីការក្រសួងសង្គមកិច្ច។

លោក វង សូត បានបន្ថែមថា អំណោយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលចំណាយអស់១០ម៉ឺនដុល្លារ បានរទិញ ឧបករណ៍ភ្លេង ជូនជនពិការ គឺដើម្បីឲ្យបងប្អូនពិការអាចប្រើប្រាស់ ក្នុងការប្រគុំស្វែងរកថវិកាទ្រទ្រង់ជីវភាព នៅតាមទីតាំងចំនួន៣ ដែលសាលារាជធានីភ្នំពេញ បានកំណត់រួមមាន រមណិយដ្ឋានវត្តភ្នំ អតីតសួនទីលានប្រជាធិបេតយ្យ និងសួនវត្តបទុមវត្តី។

នៅថ្ងៃដដែលនោះ ក៏ជាពិធីអបអរសាទរទិវាជនពិការអូទីស្សឹម និងដោនសាំងដ្រូមជាតិ និងអន្តរជាតិឆ្នាំ២០១៧ ក្រោមប្រធានបទ «ឆ្ពោះទៅរកឯករាជ្យភាព និងការសម្រេចចិត្តដោយខ្លួនឯង» រដ្ឋមន្រ្តីវង សូត ក៏បានថ្លែងជំរុញឲ្យ
ក្រសួងលើកកម្ពស់ជនពិការក្រីក្រ តាមរយៈគោលនយោបាយ លិខិតបទដ្ឋាន និងយន្តការនានា ដែលបានកំពុងដាក់ឲ្យអនុវត្ត។

បន្ថែមពីលើនេះ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ក៏បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនរួមមាន៖

១៖ ត្រូវខិតខំជំរុញការអនុវត្តសនុសញ្ញាអន្តរជាតិនានា ដែលកម្ពុជាបានផ្តល់សច្ចាប័នរួច ឲ្យទទួលបានលទ្ធផលល្អប្រសើរ។

២៖ ត្រូវខិតខំជំរុញការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីប្រែក្លាយពីឯកសារដែលមានក្រដាស ឲ្យទៅជាសកម្មភាពជាក់ស្តែងដើម្បីជួយទៅដល់បងប្អូនជនពិការ។

៣៖ ត្រូវចិតខំជំរុញរៀបចំឯកសារធនធានមនុស្ស ជាពិសេសគ្រូបង្រៀន សាស្រ្តចារ្យ ឲ្យមានសមត្ថភាពក្នុង​ការបណ្តុះបណ្តាលជនខ្សោយសតិបញ្ញា ចាប់តាំងពីថ្នាក់បឋមសិក្សារហូតដល់ឧត្តមសិក្សា ក្នុងទិសដៅផ្តល់ឱកាសឲ្យ​បងប្អូនខ្សោយសតិបញ្ញា ទទួលបានសិទ្ធិស្មើគ្នា ក្នុងវិស័យអប់រំ ជាពិសេសអាចមានឱកាសប្រកបការងារ​ទៅតាមលក្ខណៈវិនិច្ឆ័យ ដូចដែលបានកំណត់ទៅតាមប្រភេទការងារ។

៤៖ ត្រូវបន្តជំរុញក្រសួង ស្ថាប័ន និងផ្នែកឯកជន ឲ្យទទួលបានជនពិការចូលបម្រើការងារតាមអត្រាកំណត់ ដើម្បីបងប្អូនប្រជាពលរដ្ឋ មានឱកាសបំពេញការងារសំដៅដល់ការកាត់បន្ថយការលំបាក និងលើកកម្ពស់ការរស់នៅឲ្យកាន់តែប្រសើរឡើង។

បច្ចប្បន្ននេះ សុខុមាលភាពរបស់ជនពិការត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន ជាក់ស្តែងនៅក្នុង ឆ្នាំ២០១៦ កន្លងទៅ ក្រសួង ស្ថាប័នចំនួន​៤៣ បានជ្រើសរើសជនពិការចូលមប្រើការងារមានចំនួន ២,៥៥៧នាក់ ក្នុងនោះ មានជនពិការ កម្រិតធ្ងន់ចំនួន៩៥៣នាក់ គិតសរុបទាំងអស់មានចំនួន ៣,៥២៩នាក់ ស្មើ១.៧២ភាគរយ។

នៅឆ្នាំ២០១៦នេះដែរ ក្រោយពីការស្ទង់ស្ថិតិជនពិការ ដែលបានចូលបម្រើការងារក្នុងវិស័យឯកជន ចំនួន១៩ យើងឃើញ មានជនពិការចំនួន ២១២៤នាក់ ដែលកំពុងបម្រើការងារគិតជាភាគរយ ៥.៥៣ភាគរយ។

សរុបជារួម មានជនពិការដែលកំពុងបម្រើការងារទាំងក្នុងក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន មានចំនួនសរុបទាំងអស់ ៤,៧០០នាក់ គិតជាភាគរយ គឺស្មើ៧.២៥ភាគរយ៕