(ភ្នំពេញ)៖ លោក ឌី រត្ន័ខេមរុណ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ប្រចាំខណ្ឌមានជ័យ និង ជាអភិបាលរងខណ្ឌមានជ័យ  បានរអំពាវនាវជាសាធារណៈ ដល់បងប្អូនពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន សូមមេត្តាបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះ បាតុភូតធម្មជាតិនានា ដូចជាភ្លៀងលាយលំជាមួយខ្យល់កន្ត្រាក់ខ្លាំង ផ្គរ រន្ទះ។

 លោក ឌី រត្ន័ខេមរុណ បានបន្តថា បាតុភូតធម្មជាតិនេះ កំពុងកើតមាន និងគំរាមកំហែងខ្លាំងដល់ពលរដ្ឋក្នុងប្រទេសកម្ពុជា ក្នុងកំឡុងប៉ុន្មានថ្ងៃមកនេះ មិនថា តាមបណ្តាខណ្ឌក្នុងរាជធានី ឬ តាមបណ្តាឃុំស្រុក ក្នុងខេត្តនីមួយៗឡើយ ។

ការអំពាវនាវរបស់លោកប្រធានអនុសាខា បានធ្វើឡើង ក្នុងពិធីចែកនូវអំណោយមនុស្សធម៌របស់សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចែកជូនដល់ពលរដ្ឋទីទ័លក្រមនុស្សចាស់គ្មានទីពឹងចំនួន ៥០គ្រួសារ ដែលរស់នៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៧នេះ ។

លោក  ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានលើកឡើងថា ប៉ុន្មានថ្ងៃមកនេះ ខណៈភ្លៀងកក់ខែ លាយលំជាមួយខ្យល់កន្ត្រាក់បោកបក់រលំបណ្តាលអោយមានមនុស្សស្លាប់ សត្វងាប់ និងខូចខាតទាំងលំនៅឋាន ទ្រព្យសម្បត្តិជាច្រើន ។ ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ នៅមិនទាន់មានមនុស្សណាម្នាក់ត្រូវរងរបួស ឬ ប៉ះពាល់ដល់អាយុជីវិតដូចករណីដែលបានកើតឡើងនៅតាមបណ្តាខេត្តឡើយ គ្រាន់តែក្នុងនោះ លំនៅដ្ឋានពលរដ្ឋខ្លាំងត្រូវទឹកជន់លិច ឬ ប៉ើងដំបូលផ្ទះខូចខាតបន្តិចបន្តួចប៉ុណ្ណោះ កាលពីវេលាម្សិលមិញ ក្រោយពេលមានភ្លៀងមួយមេធំលាយលំខ្យល់កន្ត្រាក់ខ្លាំង ជាក់ស្តែងធ្វេីអោយមានការខាតបង់មួយចំនួន​តូចក្នុងរាជធានីភ្នំពេញ ។

ឆ្លៀតក្នុងឱកាសនេះ លោកប្រធានអនុសាខាខណ្ឌបាន ផ្ញើក្តីនឹករលឹកពី សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំង ៥០គ្រួសារផងដែរ ។ ថ្វីត្បិតតែពេលនេះសម្តេចមិនមានវត្តមាននៅទីនេះពិតប្រាកដមែន ប៉ុន្តែចិត្តរបស់សម្តេចតែងឋិតនៅក្បែរបងប្អូនជានិច្ច ដែលលោកតែងតែក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទអោយធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើប្រជាពលរដ្ឋក្រីក្រលំបាក តោកយ៉ាក ចាស់ជរា អ្នកកើតជំងឺរុាំរៃ និង ជាពិសេសជនមានផ្ទុកមេរោគអេដស៍ គឺមិនត្រូវមើលរំលងជាដាច់ខាត ព្រោះសុខទុក្ខរបស់ពលរដ្ឋកម្ពុជា គឺជាសុខទុក្ខរបស់សម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដូចគ្នា ។

សូមបញ្ជាក់ថា អំណោយដែលបានចែកជូនក្នុងមួយគ្រួសារៗ ទទួលបាន មី១កេស ទឹកសុទ្ធ ១កេស ទឹកត្រី១ កេស អង្ករ១ប៉ាវ ទម្ងន់៥០គីឡូក្រាម និង ថវិការក្នុង១គ្រួសារ ២ម៉ឺនរៀលផងដែរ ។ ជាមួយគ្នានេះ លោក ឌី រ័ត្នខេមរុណ ក៏បានប្រគេនថវិកា ១០០ដុល្លារចូលរួមជួសជុលព្រះវិហារវត្តសន្សំកុសល ដែលរងនូវការឆាបឆេះដោយរលំទាន កន្លងមកនេះ៕