(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សារវាង លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយប្រតិភូក្រុមហ៊ុន​ចិនចំនួនពីរ គឺក្រុមហ៊ុន Shanghai Mechanical Power Engineering Co.Ltd និងក្រុមហ៊ុន Shanghai Micro Purification Technology Co.Ltd នារសៀលថ្ងៃទី ២៥ ខែ មេសា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង បានផ្តោតការ យកចិត្តទុកដាក់ក្នុងកិច្ចសហ​ប្រតិបត្តិការ ដើម្បីឈានទៅចុះកិច្ចព្រមព្រៀង លើអនុស្សារណៈយោគយល់គ្នា ស្តីពីការអភិវឌ្ឍន៍លើវិស័យទឹកស្អាត នៅកម្ពុជា តាមរយៈការបង្កើតឲ្យមានមជ្ឈមណ្ឌល​បណ្តុះបណ្តាល និងស្រាវជ្រាវ វិស័យទឹកស្អាតកម្ពុជា-ចិន ក្នុងគោលបំណងទាញ បានអត្ថប្រយោជន៍ចំនួន ០៥ ចំណុច គឺ៖

១-មានលទ្ធភាពប្រមូល​ ធនធានពីដៃគូ
២-អភិវឌ្ឍបច្ចេកទេស និងការផ្ទេរបច្ចេកវិទ្យា
៣-អភិវឌ្ឍនិងស្វែងយល់​ពីផលិតផល ក៏ដូចជា ឧបករណ៌សម្ភារៈនានា ដែលបម្រើឲ្យការផលិតទឹកស្អាត
៤-មាន ប្រភពហិរញ្ញវត្ថុ តាមរយៈការបង្កើតមូលនិធិ របស់មជ្ឈមណ្ឌលដោយខ្លួនឯង និង
៥-ងាយស្រួលគ្រប់គ្រង ផ្នែកគោលនយោបាយ ពីព្រោះមជ្ឈមណ្ឌលនេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្មជាអាណាព្យា​បាលផ្ទាល់។

លោក ឆាយ អ៉ីងឡុង ជាប្រធានប្រតិភូក្រុមហ៊ុនចិន បានបញ្ជាក់នូវជំហររឹងមាំ ក្នុងកិច្ចសហការឲបានប្រសើរ ជាមួយក្រ​សួង ក្នុងការអភិវឌ្ឍន៍វិស័យទឹកស្អាត នៅកម្ពុជា ក្នុងទិសដៅជួយលើបីចំណុចជាសំខាន់ គឺ​ បច្ចេកទេស ហិរញ្ញវត្ថុ និងវិនិយោគ។ លោកបានបញ្ជាក់បន្ថែមថា គំនិតវិនិយោគជាដំបូង គឺ​ ផលិតទុយោទឹក តម្លើងម៉ាស៊ីនផលិតក្លរ​ពីអំបិល និងបន្តបន្ទាប់ទៀត គឺការបង្កើតរោងចក្រផលិតផលិត​ផលផ្សេងៗ សម្រាប់បម្រើឲ្យវិស័យទឹកស្អាត។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានចាត់ទុកគម្រោងកិច្ចសហប្រតិបត្តិការ បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល ស្រាវជ្រាវលើវិស័យទឹកស្អាត មានសារៈសំខាន់ណាស់ និងស្នើឲ្យភាគី​ទាំងពីរខិតខំសម្រេច ក្នុងកំរិតជំនាញ ដើម្បីឈានទៅដល់ការចុះកិច្ចព្រមព្រៀង លើអនុស្សារណៈយោគយល់គ្នា ឲ្យបានកាន់តែឆាប់ ពីព្រោះមជ្ឈមណ្ឌលនេះ នឹងក្លាយជាថ្នាល​បណ្តុះបណ្តាល ជាទីតាំងស្រាវជ្រាវ និងការផ្ទេរបច្ចេកវិទ្យា ដ៏មានសារៈសំខាន់បំផុតសម្រាប់កម្ពុជា លើវិស័យទឹកស្អាត។

ចំពោះការអញ្ជើញ​របស់ភាគីចិន ឲ្យលោកដឹកនាំប្រតិភូជំនាញ របស់ក្រសួងអញ្ជើញទៅទស្សនៈកិច្ច នៅទីក្រុងសៀងហៃ ដើម្បីស្វែងយល់ពីវិស័យផលិត​ទឹកស្អាតនោះ លោកបានឯកភាពតាម​សំណើរ ក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យនេះកាន់តែប្រសើរឡើង៕