(ភ្នំពេញ)៖ ក្នុងជំនួបរវាងលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយក្រុមបេសកកម្ម​​កម្មវិធីក្នុងប្រទេសឆ្នាំ ២០១៧ (2017 Country Programming Mission) នៃធនាគារអភិវឌ្ឍន៍អាសុី ADB ដឹកនាំដោយលោក Samiuela Tukuafu ប្រធានធនាគារអភិវឌ្ឍអាសុីប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង ដៃគូសន្ទនា បានផ្តោតការយកចិត្តទុកដាក់ជាសំខាន់ពីគម្រោងដែលក្រសួងឧស្សាហកម្ម និងសិប្បកម្ម កំពុងអនុវត្ត និងបណ្តាគម្រោងនានា ដែលគ្រោងស្នើសុំនាពេលអនាគត ទាក់ទងនឹងវិស័យផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា។

 ក្នុងឱកាសនោះ ADB បានលើកឡើងពីផែនការកម្មវិធីក្នុងប្រទេសរបស់ខ្លួនសម្រាប់អនុវត្តនៅកម្ពុជា រួមមាន ៖
-ឆ្នាំ២០១៧ គ្រោងនឹងចុះកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងទឹកស្អាត និងអនាម័យខេត្ត ដែលមានទំហំថវិការឥណទានរបស់ADB ចំនួន ៥០ លានដុល្លាអាមេរិក
-ឆ្នាំ២០១៧ គម្រោងអភិវឌ្ឍដៃគូរវាងរដ្ឋ និងឯកជន (PPP)
-ឆ្នាំ២០១៨ គម្រោងជំនួយបច្ចេកទេស ដែលមានថវិកា ជាជំនួយឥតសំណងប្រមាណ ១,៥ លានដុល្លារអាមេរិកសម្រាប់សិក្សារៀបចំគម្រោងទឹកស្អាត និងអនាម័យដំណាក់កាលទី២
-ឆ្នាំ២០២០ គ្រោងនឹងអនុម័តគម្រោងទឹកស្អាត និងអនាម័យខេត្តជំហ៊ានទី២ ដែលមានថវិកា របស់ADB ចំនួន ៥០ លានដុល្លារអាមេរិក។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសាទរនូវគម្រោងបេសកកម្មកម្មវិធី របស់ធនាគារអភិវឌ្ឍន៍អាសុី ADB និងស្នើុឲ្យADB ផ្តល់សារៈសំខាន់ចំពោះគម្រោងអភិវឌ្ឃន៍ជាអាទិភាពមួយចំនួន រួមមានៈ
-រោងចក្រទឹកស្អាតនៅខេត្តស្ទឹងត្រែង ដែលបច្ចុប្បន្ននៅប្រើបំពង់បណ្តាញចាស់តាំងពីជំនាន់បារាំង កំពុងមានបញ្ហាធ្លាយលេចជាច្រើនកន្លែង ដែលតម្រូវឲ្យមានការផ្លាស់ប្តូរថ្មី និងកែតម្រូវប្រព័ន្ធដទៃទៀត
-គម្រោងផ្គត់ផ្គង់ពង្រីកវិសាលភាពទឹកស្អាត នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលជាទីប្រជុំជនជាប់ព្រំដែន មានសកម្មភាព​ពាណិជ្ជកម្មមមាញឹក ជាពិសេសជាតំបន់សេដ្ឋកិច្ចពិសេស ប្រមូលផ្តុំដោយរោងចក្រ សហគ្រាស និងកម្មករ និង
-គម្រោងពង្រីកសេវាគ្របដណ្តប់បណ្តាញផ្គត់ផ្គង់ទឹកស្អាត នៅខេត្តសៀមរាប ដែលជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់របស់ពិភពលោក៕