(ភ្នំពេញ)៖ វៀតណាម បានបង្ហាញការដឹងគុណដ៏ជ្រាលជ្រៅចំពោះការគាំទ្រ និងការឧបត្ថម្ភនានារបស់ព្រះបរមរតនកោដ្ឋ ព្រះវររាជបីតាជាតិខ្មែរ សម្តេចព្រះ នរោត្តម សីហនុ ក្នុងបុព្វហេតុតស៊ូដើម្បីឯករាជ្យជាតិកាលពីអតីតកាលរបស់ពួកគេ។ វៀតណាម ក៏បានអរគុណដល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំដទៃទៀត ដែលបានផ្តល់ការគាំទ្រសម្រាប់ការអភិវឌ្ឍរបស់ប្រទេសវៀតណាមនាពេលបច្ចុប្បន្ន។

សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា-វៀតណាម ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ៊្វុក នៅកម្ពុជា ដែលក្រសួងការបរទេសចេញផ្សាយជាសាធារណៈនៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា «ភាគីវៀតណាម បានសង្កត់ធ្ងន់ថា វៀតណាម បានវាយតម្លៃខ្ពស់ចំពោះមនោសញ្ចេតនា ដ៏ជ្រាលជ្រៅការគាំទ្រដ៏មានតម្លៃ និងជំនួឧបត្ថម្ភនានារបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះវររាជបីតា នៃព្រះរាជាណាចក្រកម្ពុជា ព្រះបរមរតនកោដ្ឋ, ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ដែលបានផ្តល់ជូនប្រជាជនវៀតណាម ក្នុងបុព្វហេតុតស៊ូដើម្បីឯករាជ្យជាតិ កាលពីអតីតកាល ក៏ដូចជាការកសាង និងការអភិវឌ្ឍជាតិនាពេលបច្ចុប្បន្ន»

សូមបញ្ជាក់ថា កម្ពុជា និងវៀតណាម ជាប្រទេសភូមិផងរបងជាប់គ្នា មានប្រវត្តិនៃទំនាក់ទំនងទាំងផ្អែមល្ហែម និងជូរចត់។ តាមរយៈប្រវត្តិ សាស្រ្ត បានគូសបញ្ជាក់ថា សម្តេច នរោត្តម សីហនុ ជាមេដឹកនាំកម្ពុជាមួយរូប បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបញ្ចប់សង្រ្គាមរវាងវៀតណាមខាងជើង និងខាងត្បូង រហូតឈានដល់ការបង្រួបបង្រួមជាវៀតណាមតែមួយមកដល់ពេលបច្ចុប្បន្ន តាមរយៈការផ្តល់ទឹកដី និងផ្លូវសម្រាប់ការដឹកជញ្ជូនស្បៀង និងសព្វាវុធរបស់កងទ័ពវៀតណាមខាងជើង ដើម្បីប្រយុទ្ធតតាំងជាមួយវៀតណាមខាងត្បូង គាំទ្រដោយសហរដ្ឋអាមេរិក។

វៀតណាម ក៏បានចូលរួមចំណែកជួយដល់កម្ពុជា ឲ្យរំដោះប្រទេសជាតិចេញពីរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ផងដែរ។ កម្ពុជា តែងតែបានរំលឹកពីគុណូបការៈរបស់វៀតណាម ដែលបានជួយរំដោះប្រទេសកម្ពុជា។

ដោយឡែកវៀតណាម គេមិនសូវជាបានឃើញបង្ហាញសារអរគុណដល់កម្ពុជា ដែលបានរួមចំណែកជួយពួកគេកាលពីអតីតកាលនោះឡើយ។ ការចេញមកថ្លែងអំណរគុណរបស់វៀតណាម ចំពោះការជួយជ្រោមជ្រែងរបស់កម្ពុជានាពេលនេះ គឺជារឿងមួយដ៏កម្រ ហើយក៏ធ្វើឲ្យមានការភ្ញាក់ផ្អើលច្រើនពីក្រុមអ្នកប្រវត្តិសាស្រ្ត និងអ្នកតាមដាននៃប្រវត្តិទំនាក់ទំនងកម្ពុជា-វៀតណាមផងដែរ៕