(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ​ឯក ​មនោ​សែន ​អនុប្រធាន​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ​និង​ជា​ប្រធាន​នាយកដ្ឋាន​បណ្តុះបណ្តាល ​បាន​ផ្តល់​អនុសាសន៍​ចំនួន ​៥ចំណុច ​ដល់​សិស្ស​នាយ​នគរបាល ​នាយ​នគរបាល​រង​គ្រប់រូប ​ដើម្បី​យក​ទៅ​ធ្វើជា​ប្រទីប​អភិវឌ្ឍ​សមត្ថភាព​ក្នុង​ការ​បំពេញការងារ​បម្រើ​ប្រជាពលរដ្ឋ​។

លោក ឯក មនោសែន បានលើកឡើងបែបនេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល «កម្រិតបឋមវិជ្ជាជីវៈនគរបាល» ចំនួន ២១២នាក់ ក្នុងនោះមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ១៤៥នាក់ នាយកដ្ឋានសន្តិសុខផ្ទៃក្នុង១៤នាក់ នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ១៤នាក់ និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកទេសវិទ្យា ៣៩នាក់។

អនុសាសន៍ទាំង ៥ចំណុចនោះរួមមាន៖

១៖ យកចិត្តទុកដាក់សិក្សារៀនសូត្រ ដោយស័្វយសិក្សា និងទ្រីស្តី និងការអនុវត្តជាក់ស្តែង

២៖ មានវត្តមានគ្រប់ពេលសិក្សា និងពេលប្រជុំជួរ និងគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន និងហាមដាច់ខាត ចំពោះការប្រព្រឹត្តសកម្មភាពខុសច្បាប់នានា

៣៖ ត្រូវគោរពឲ្យបានដាច់ខាតរាល់បទបញ្ញត្តិ ដែលបានចែងក្នុងបទបញ្ជាផ្ទៃក្នុង

៤៖ ប្រកាន់ខ្ជាប់នូវទស្សនៈ «រៀនចេះ មិនមែនរៀនចប់» គុណភាពមិនអាចសម្របសម្រូលបានឡើយ

៥៖ ពេលត្រលប់ទៅបម្រើការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបថការងារថ្មី ជាមន្រ្តីនគរបាល ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសីលធម៌ និងការទទួលខុសត្រូវលើការងារ មានភាពស្មោះត្រង់ ដើម្បីឲ្យថ្នាក់ដឹកនាំផ្តល់ជំនឿទុកចិត្តលើខ្លួន។

សូម​បញ្ជាក់​ថា ​សម្តេច​ក្រឡាហោម ​ស ​ខេង ​ឧបនាយក​រដ្ឋមន្រ្តី ​និង​ជារ​ដ្ឋ​មន្រ្តី​ក្រសួងមហាផ្ទៃ ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ​បាន​ដាក់ចេញ​ផែនការ​យុទ្ធ​សាស្រ្ត​រយៈពេល០៥ឆ្នាំ ​(២០១៥​-​២០១៩) ​និង​កម្មវិធី​កំណែទម្រង់​លើ​ការងារ​សំ​ខាន់​ៗ​មួយចំនួន​ស្របតាម​ទិសដៅ​របស់ក្រ​សួង​មហាផ្ទៃ ​និង​គោលដៅ​នយោបាយ​កំណែទម្រង់​កងកម្លាំង​ប្រដាប់​អាវុធ​របស់​រាជរដ្ឋាភិបាល ​ដែល​មាន​សម្តេច​តេជោ ​ហ៊ុន ​សែន​ជានា​យក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​៕