(ភ្នំពេញ)៖ ជុំវិញករណីតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និងលោក ឡុង រី ត្រូវបានតំណាង​អយ្យការអម​សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅដើម្បីធ្វើជាសាក្សី នៃសំណុំរឿងបន្លំចូលខ្លួនពន្ធនាគារ​របស់លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី, ត្រូវបាន លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លើកឡើងថា ករណីចូលបំភ្លឺនេះគណបក្សសង្រ្គោះជាតិ បានទុកសិទ្ធិឱ្យតំណាងរាស្រ្តទាំងពីរ ជាអ្នកសម្រេចថា តើត្រូវចូល​ឆ្លើយបំភ្លឺនៅតុលាការ ឬយ៉ាងណា។

ឆ្លើយតបភ្លាមៗលើករណីនេះ ត្រូវបានលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចនារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ថា តុលាការអាចកោះហៅតំណាងរាស្ត្របាន ហើយបើ​មិនចូល​នៅថ្ងៃកោះហៅក្នុងនាមជាសាក្សី នោះជាបទល្មើសជាក់ស្តែង «បទបដិសេធក្នុងការចូលខ្លួន»!

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងប្រាប់យ៉ាងដូច្នេះថា៖ «យោងតាមរដ្ឋធម្មនុញ្ញ​នៃព្រះរាជា​ណាចក្រកម្ពុជា និងច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ ពុំមានចែងហាមឃាត់មិនឲ្យមានការកោះហៅ តំណាងរាស្ត្រពី​ស្ថាប័នតុលាការនោះទេ ! ជនណាក៏ដោយដែលមិនបានចូលខ្លួនតាមកាលបរិច្ឆេទ កោះហៅរបស់ស្ថាប័ន តុលាការក្នុងនាមជាសាក្សី នោះជាអំពើល្មើសជាក់ស្តែងដែលមានចែងក្នុងមាត្រា ៥៣៨ «បទបដិសេធក្នុងការចូលខ្លួន» នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា!

«ហេតុនេះតំណាងរាស្ត្រដែលមិនចូលខ្លួនតាមកាលបរិច្ឆេទនៃការកោះហៅរបស់ស្ថាប័នតុលាការនោះ មានន័យថា កំពុងប្រព្រឹត្តបទល្មើសជាក់ស្តែងពាក់ព័ន្ធនឹងមាត្រា៥៣៨ បទបដិសេធក្នុងការចូលខ្លួន នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ! អភ័យឯកសិទ្ធិសភាមិនអាចការពារតំណាងរាស្ត្រពីការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួន ក្នុងករណីប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែង បើយោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ» នេះបើយោងតាមការអះអាងបន្ថែមពីសំណាក់អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃអង្គារ៍នេះ។

ការឆ្លើយតបភ្លាមៗនេះធ្វើឡើងបន្ទាប់ពី លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់បណ្តាញ​ព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះថា ករណីលោកស្រី មូរ សុខហួរ និងលោក ឡុង រី ជាតំណាងរាស្រ្ត និងជាមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ក្នុងនាមជាសាក្សីលើសំណុំរឿង លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ចូលបំភ្លឺ ឬមិនចូលបំភ្លឺ គឺគណបក្សសង្រ្គោះជាតិផ្តល់សិទ្ធិផ្តាច់មុខឲ្យសាម៉ីខ្លួនជាអ្នកសម្រេច និងដើម្បីពិភាក្សាជាមួយមេធាវី។

លោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បើតាមការឲ្យដឹងពីសាម៉ីខ្លួនកន្លងមកគឺ ខ្ញុំបានជួប និងទទួលបានព័ត៌មានពីគាត់ យើងទុកសិទ្ធិជាការសម្រេច របស់លោកជំទាវ មូរ សុខហួរ និងឯកឧត្តម ឡុង រី ជាអ្នកសម្រចនិងកំពុងពិគ្រោះយោបល់ជាមួយមេធាវីរបស់គាត់។ តែព័ត៌មានដែលខ្ញុំបានទទួលពីគាត់ ជាគោលការណ៍គឺគាត់ នឹងចូលរួមក្នុងការឆ្លើយបំភ្លឺ»

សូមជំរាបថា តំណាងរាស្រ្ត ឡុង រី ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅឱ្យចូលបំភ្លឺក្នុងនាមជាសាក្សី នៅថ្ងៃទី២៧ ខែមេសា រីឯលោកស្រី មូរ សុខហួរ តំណាងរាស្រ្តខេត្តបាត់ដំបង នឹងត្រូវចូលខ្លួននៅក្នុងនាមសាក្សីដែរ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧។ ចំណែកជនសង្ស័យ ជុន ច័ន្ទបុត្រ ត្រូវបានតុលាការរាជធានីភ្នំពេញ កោះហៅឲ្យចូលខ្លួន ពាក់ព័ន្ធករណីភូតកុហក និងបន្លំខ្លួនចូលពន្ធនាគារប្រព្រឹត្តឡើងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៧ កន្លងទៅ៕