(ភ្នំពេញ)៖ ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី ហៅកាត់ថា «BIDC» បានរៀបចំក្មវិធីប្រគល់រង្វាន់ធំ រថយន្ត Ford Fiesta 2016 មួយគ្រឿង មានតម្លៃប្រមាណ​៣ម៉ឺនដុល្លារ និងរង្វាន់ផ្សេងៗជាច្រើនទៀត ជូនដល់អតិថិជន ដែលបានជឿទុកចិត្ត ដាក់ប្រាក់សន្សំ បញ្ញើ នៅក្នុងធនាគារ​ ដែលជាកម្មវិធីថ្លែង​អំណរគុណ និងលើកទឹកចិត្តដល់អតិថិជន ​។ ​ពិធីប្រគល់រង្វាន់នេះ ត្រូវបានធ្វើឡើង នាស្នាក់ការកណ្ដាលធនាគារ «BIDC»​ តាមបណ្ដាយផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌចំការមន នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ។

លោក ចាន់ ណាំយ៉ាង អគ្គនាយករងធនាគារ «BIDC» បានថ្លែងឲ្យដឹងថា ដោយសារតែមានជំនឿទុកចិត្ត និងគាំទ្រ​ពីសំណាក់អតិថិជន កាលពីខែធ្នូឆ្នាំ​២០១៦ ធនាគារ «BIDC» បានរៀបចំដាក់ឲ្យដំណើរការ កម្មវិធីដាក់ប្រាក់សន្សំឈ្នះរង្វាន់ ហៅកាត់ថា «កម្មវិធីដាក់ប្រាក់សន្សំឈ្នះរង្វាន់ធំ!» អមជាមួយនឹងកម្មវិធីប្រូម៉ូសិនផ្សេងៗ ដើម្បីទាក់ទាញអតិថិជន ឲ្យចូលរួមដាក់ប្រាក់សន្សំនៅ «BIDC»។ កម្មវិធីនេះ ត្រូវបានបញ្ចប់តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ហើយរង្វាន់ទាំង២០ រង្វាន់ នៃកម្មវិធីត្រូវបានទៅ​លើ អតិថិជន​ដែលមានសំណាងជាងគេ ចំនួន១២រូប ក្នុងនោះ អតិថិមានសំណាងជាងគេបង្អស់ ឈ្នះនូវរថយន្ត Ford Fiesta មួយគ្រឿង មានតម្លៃប្រមាណ៣ម៉ឺនដុល្លារ។

អគ្គនាយករងធនាគារ «BIDC» ដដែលរូបនេះ បានបន្តទៀតថា កម្មវិធីប្រគល់រង្វាន់ធំ និងរង្វាន់ផ្សេងៗទៀត ដោយផ្ទាល់ដៃនៅថ្ងៃនេះ គឺដើម្បីថ្លែងអំណរគុណ ដល់អតិថិជនទាំងអស់ ដែលបានជឿទុកចិត្ត គាំទ្រជ្រើសរើស ប្រើប្រាស់សេវាកម្មប្រាក់សន្សំ របស់ធនាគារ «BIDC»។ ធនាគារ «BIDC» នឹងបន្តរៀបចំកម្មវិធីចាប់រង្វាន់​ផ្សងសំណាងនេះ ជាបន្តបន្ទាប់ទៀត ក្នុងគោលបំណងផ្ដល់ឱកាស ចែករំលែកឱកាស ព្រមទាំងរួមដំណើរជាមួយនឹងភាពជោគជ័យ របស់អតិថិជន។

ដោយឡែក អ្នកស្រី សុខ ចាន់លី មានមុខរបរជាបុគ្គលិកក្រុមហ៊ុន ដែលជាអតិថិជន មានសំណាងត្រូវរង្វាន់ធំ រថយន្ត Ford Fiesta មួយគ្រឿង បានសម្ដែងក្ដីរំភើបរីករាយយ៉ាងខ្លាំង ខណៈដែលអ្នកស្រីមិននឹកស្មានថា បានឈ្នះរង្វាន់ធំបែបនេះឡើយ។ ពីដំបូងអ្នកស្រីមិនបានជឿ លើការចាប់ឆ្នោតត្រូវរង្វាន់អ្វីទេ ប៉ុន្តែពេលក្រុមហ៊ុនខល​បញ្ជាក់ប្រាប់ ជាច្រើនដង ទើបអ្នកស្រីជឿ។ ពេលនេះ អ្នកស្រីបានឃើញជាក់ស្ដែង ហើយពិតជាជឿ និងទុកចិត្តលើធនាគារ​«BIDC» ថា ពិតជាមានរង្វាន់ប្រាកដមែន ខណៈដែលអ្នកស្រី បានដាក់ប្រាក់សន្សំក្នុងធនាគារនេះ ជាច្រើនឆ្នាំមកហើយ។

សូមបញ្ជាក់ថា ​«កម្មវិធីដាក់ប្រាក់​សន្សំឈ្នះរង្វាន់ធំ!» ផ្ដល់ជូននូវអត្រាកាប្រាក់រហូតដល់ ៥.៧៥% និងមានរង្វាន់សរុបជាទឹកប្រាក់៤២,០០០ដុល្លារ។ ក្នុងនោះលក្ខខណ្ឌ គឺគ្រាន់តែអតិថិជន ដាក់ប្រាក់បញ្ញើចាប់ពី៣០០ដុល្លារ​ឡើងទៅ នឹងទទួលបានលេខកូដ​ផ្សងសំណាង០១ ដើម្បីចូលរួមផ្សងសំណាង។ រង្វាន់ពិសេសទាំងអស់ រួមមាន Ford Fiesta មួយគ្រឿង, ម៉ូតូហុងដា Click125i ចំនួន០១រង្វាន់, ទូរសព្ទ iPhone8​​ Plus​128G ចំនួន៣រង្វាន់, ទូរទស្សន៍ Samsong UHD Smart TV 43' ចំនួន៥រង្វាន់, និងរង្វាន់លើកទឹកចិត្ត ទូរទឹកកក Hitachi 203L Inverter ចំនួន១០រង្វាន់ ដែលសរុបជាទឹកប្រាក់មាន​ចំនួនរហូតដល់ទៅ ៤២,០០០​ ដុល្លារអាមេរិក៕