(ភ្នំពេញ)៖ ករណីក្រុមលោក ទា គឹមសុទ្ធ ដែលគេស្គាល់ថា អតីតជានាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប ហើយក្រោយមករត់ការយកបានតំណែងជា ប្រធានមន្ទីរកសិកម្មខេត្តនេះដដែល បាននាំគ្នាទៅដើរលេងកំសាន្ត នៅតំបន់អភិរក្សធម្មជាតិ គតិបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បឹងពារាំង ហើយយកសំណាញ់រហូតដល់ទៅ៥វង់ បង់យកត្រីតាមចិត្ត ពេលខាងសហគមន៏ ទៅហាមឃាត់ធ្វើអោយក្រុមគាត់ខឹង ហើយខណៈជិះទូកត្រឡប់មកវិញ ក៏ទាញកាំភ្លើងអាកាបាញ់រះ អស់ជិត១០គ្រាប់ ជាការគំរាមទៅដល់ខាងសហគមន៏នោះ។

ឥឡូវរឿងរ៉ាវខាងលើទើបបែកធ្លាយ បន្ទាប់ពីខាងសមត្ថកិច្ច ធ្វើលិខិតអញ្ជើញរូបលោក អោយចូលខ្លួនទៅបំភ្លឺ​កាលពីថ្ងៃចន្ទ​ម្សិលមិញ តែលោកមិនបានចូលខ្លួន តាមការកោះដោយលើកហេតុផលថា ជាប់បេសកកម្មនៅភ្នំពេញទៅបំភ្លឺមិនទាន់។

ករណីបាញ់គំរាមខាងសហគមន៏ តំបន់អភិរក្សធនធានធម្មជាតិបឹងពារាំងខាងលើនេះ ត្រូវបានគេអះអាងថា កើតឡើងតាំងពី​ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧កន្លងទៅ ដែលជាថ្ងៃចូលឆ្នាំបង្ហើយមកម្ល៉េះ តែរឿងនេះមានគេព្យាយាមលាក់ព័ត៌មាន ទើបនឹងបែកធ្លាយកាលពីម្សិលមិញ ខណៈអធិការនគរបាលក្រុងសៀមរាប បានចេញលិខិតកោះហៅលោក ទា គឹមសុទ្ធ ទៅបំភ្លឺ តែលោកមិនបានចូលខ្លួនតាមការកោះនោះទេ។

តាមសេចក្ដីរាយការណ៏ពីមន្ត្រីសហគមន៏ បានអោយដឹងថាកាលពីថ្ងៃចូលឆ្នាំបង្ហើយ ពួកគាត់បានឃើញលោក ទា គឹមសុទ្ធ និងមិត្តភក្ដិ ប្រមាណជិត១០នាក់ នាំគ្នាជិះទូកទៅផឹកសុីកំសាន្ត នៅតំបន់អភិរក្សបឹងពារាំង ដែលជាកន្លែងអភិរក្សពូជត្រី និងសត្វស្លាប​ដែលមានទីតាំងនៅមាត់បឹងទន្លេសាប ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមាន​យកសំណាញ់​ចំនួន៥វង់​ ទៅបង់យកត្រីផងដែរ។

ខណៈកំពុងបង់សំណាញ់នោះ ខាងមន្ត្រីសហគមន៏ខាងលើ បានទៅធ្វើការហាមឃាត់ ព្រោះតំបន់ខាងលើជាកន្លែង​អភិរក្សពូជត្រី ហាម នេសាទដោយប្រើឧបករណ៏គ្រប់ប្រភេទ។ ពេលមន្ត្រីសហគមន៏ទៅហាមឃាត់ដូច្នេះ បានធ្វើអោយក្រុមរបស់លោកទា គឹមសុទ្ធ មានការ ខឹងសម្បារ ព្រោះគ្រាន់តែបង់សំណាញ់ក៏មិនបាន មិនតែប៉ុណ្ណោះ​ហាក់ដូចជាមើលងាយ ក្រុមរបស់ពួកគេពេក បើនិយាយពីតួនាទីប្រធាន មន្ទីរកសិកម្មបច្ចុប្បន្នគ្រប់គ្រងលើសហគមន៏ លើមន្ត្រីជលផលទៅទៀតឯណោះ។

ក្រោយគេមិនអោយនេសាទ គេឃើញក្រុមរបស់លោក ទា គឹមសុទ្ធ ក៏បបួលគ្នាជិះទូកត្រឡប់ទៅវិញ តែដោយសារខឹងរឿង ខាងសហគមន៏ហាមបង់សំណាញ់ ស្រាប់តែមានមនុស្សម្នាក់ដែលជិះ នៅលើទូកជាមួយលោកទា គឹមសុទ្ធ បានទាញកាំភ្លើង​អាការបាញ់រះឡើង លើអស់ប្រមាណ៦ទៅ៧គ្រាប់ ធ្វើអោយខាងសហគមន៏ និង សត្វស្លាបនៅទីនោះផ្អើលរត់ និងហើព្រោងព្រាត។

ក្នុងនោះករណីនេះ ខាងសហគមន៏ក៏បានរាយការណ៏ ទៅសមត្ថកិច្ចចុះមកធ្វើការស្រាវ ជ្រាវធ្វើរបាយការណ៏ផងដែរ ដោយរក​ឃើញសំបកគ្រាប់កាំភ្លើងអាកាចំនួន៤គ្រាប់នៅលើទូក។ ពាក់ព័ន្ធករណីនេះ លោកគង់ មង្គល ប្រធានសមាគម សហគមន៏​ទេសចរណ៏ វប្បធម៌ និងធម្មជាតិបឹងពារាំង បានអះអាងប្រាប់អ្នកកាសែត ចុះផ្សាយព្រឹកមិញថា អ្នកបាញ់គឺជាមនុស្ស​ដែលជិះនៅលើទូកជាមួយលោក ទា​ គឹមសុទ្ធ ដោយសារគាត់ខឹងពេលទៅកំសាន្ត ក៏យកសំណាញ់ ទៅបង់យកត្រី ហើយខាងសហគមន៏ទៅហាមឃាត់ តែក្រុមគាត់ក៏នៅតែបង់ដដែរ ទើបធ្វើអោយមានប៉ះពារពាក្យសំដីគ្នា ហើយពេលត្រឡប់ ទៅវិញ តាមសាក្សីអះអាងគឺអ្នកជិះនៅលើទូក ជាមួយគាត់ពាក់អាវដៃវែងក្រឡាជាអ្នកបាញ់។

ប៉ុន្តែលោក ទា គឹមសុទ្ធ បានអះអាងប្រាប់អ្នកកាសែតដដែរថា រូបលោកមិនបានដឹងថា អ្នកណាជាអ្នកបាញ់នោះទេ ព្រោះបាញ់នៅកណ្ដាលទន្លេឯណោះ ហើយជិះទូកខុសគ្នា។ ពាក់ព័ន្ធករណីនេះ មន្ត្រីសហគមន៏ នៅតំបន់អភិរក្ស​បឹងពារាំងបានលើកឡើងថា សមត្ថកិច្ចគួរតែបើកធ្វើការសើុបអង្កេត រកមុខអ្នកបាញ់អោយ ឃើញដើម្បីកសាងសំណុំរឿង​បញ្ជូនទៅតុលាការអនុវត្តតាមច្បាប់ អោយខាងតែបាន ព្រោះនៅតំបន់ខាងលើ ក្រៅពីសមត្ថកិច្ច គ្មានភារកិច្ចចាំបាច់ គេមិនអោយយកឧបករណ៏នេសាទ និងអាវុធចូលនោះទេ ដោយសារជាតំបន់អភិរក្សទាំងត្រី ទាំងសត្វស្លាប៕

លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ដែលមានរឿងអាស្រូវបក្ខពួកបាញ់បោះសេរី ព្រោះខឹងគេ​មិនអោយបង់សំណាញ់