(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សេង ផល្លី បានថ្លែងឲ្យដឹងថា សិស្សនាយនគរបាល និងសិស្សនាយនគរបាលរងទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវទស្សនៈរៀនឲ្យចេះ មិនមែនរៀនឲ្យចប់ ឬមិនមែនរៀនដើម្បីបង្រ្គប់កិច្ចនោះទេ។ លោក សេង ផល្លី ក៏បានផ្តល់អនុសាសន៍ដែរថា សិស្សនាយនគរបាល និងសិស្សនាយនគរបាលរងទាំងអស់ ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ គោរពវិន័យឲ្យបានល្អខ្ជាប់ខ្ជួន ព្រោះបណ្ឌិត្យសភានគរបាលកម្ពុជា មិនមានការលើកលែងឯអនុគ្រោះឡើយ ចំពោះសិស្ស ដែលមិនបានគោរពវិន័យ និងមិនបានបំពេញគ្រប់លក្ខខណ្ឌនានា ក្នុងការទទួលបានវិញ្ញាបនបត្រ និងត្រូវបានប្រកាសតាំងស៊ប់ទេ។

ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ សេង ផល្លី បានធ្វើឡើងនៅក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល» សម្រាប់សិស្សនាយនគរបាល​និងសិស្សនាយនគរបាលរង នៅបណ្ឌិត្យសភានគរបាលកម្ពុជា ទូទាំងប្រទេសលើកទី២ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧។

នាយឧត្តមសេនីយ៍ សេង ផល្លី បានបន្ថែមថា ប្អូនៗ មិនទាន់ក្លាយជាមន្រ្តីនគរបាលនៅឡើយទេ ហេតុនេះ វគ្គនេះមានគោលបំណងបណ្តុះបណ្តាលបេក្ខជនជ័យលាភីទាំងអស់ ឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីក្លាយជាមន្រ្តីនគរបាលពិតប្រាកដ មុនចេញទៅបំពេញការងារ។

លោក សេង ផល្លី បានលើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវ គោលនយោបាយកំណែទម្រង់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងបរិបទសកលភាវូបនីយកម្ម និងការធ្វើសមាហរណកម្មកម្ពុជា នៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។

លោកបានបន្ថែមថា ដើម្បីឈានទៅសម្រេចបាននូវគោលនយោបាយនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ចេញនូវផែនការអភិវឌ្ឍធនធានមនុស្ស និងផែនការជ្រើសរើសមន្រ្តីនគរបាលបន្តវេន ក្នុងន័យនេះ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឲ្យក្រសួងមហាផ្ទៃ ជ្រើសរើសមន្រ្តីនគរបាលក្របខណ្ឌថ្មី តាមរយៈការប្រឡងប្រជែងជាបន្តបន្ទាប់ ដើម្បីបន្តវេនកងកម្លាំងនគរបាលជាតិ និងបំពេញបន្ថែម​តាមតម្រូវការនៃអង្គភាពប្រើប្រាស់កងកម្លាំងនគរបាលជាតិ ទាំងក្នុងក្របខណ្ឌរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

គួរបញ្ជាក់ថា នៅឆ្នាំ២០១៦កន្លងទៅនេះ ក្រសួងមហាផ្ទៃ បានជ្រើសរើសមន្រ្តីនគរបាលក្របខណ្ឌថ្មីជាង៤០០០នាក់ តាមរយៈការប្រឡងប្រជែង។ យោងតាមគោលការណ៍ដែលបានចែងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ ដោយឡែកនៃក្របខណ្ឌ មន្រ្តីនគរបាលជាតិកម្ពុជា បេក្ខជនទាំងពីរភេទ ដែលបានប្រឡងជាប់ជាស្ថាពរទាំងអស់ចាំបាច់ត្រូវតែ ឆ្លងកាត់វគ្គ បណ្តុះបណ្តាល កម្រិតបឋមវិជ្ចាជីវៈ នគរបាល មុនពេលប្រកាសតាំងស៊ប់ ក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិ៕