(មណ្ឌលគិរី)៖ ជុំវិញករណីអយុត្តិធម៌មួយ បានកើតឡើងលើនារីគថ្លង់ម្នាក់ រស់នៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលត្រូវជនល្មោភកាមចាប់រំលោភ ហើយគ្រួសារនាងបានរត់ទៅប្ដឹងលោកមេប៉ុស្ដិ៍ពូជ្រៃ និងអធិការនគរបាលស្រុកពេជ្រាដា ឲ្យជួយអន្តរាគមន៍ឲ្យកូនស្រីរបស់ពួកគាត់ តែបែរជាអស់លោកអ្នកមានសមត្ថកិច្ចទាំងនោះ ធ្វើព្រងើយកន្តៀយ មិនអើពើសូម្បូតែបន្តិចទៅវិញ។

រឿងរ៉ាវបានលេចឮដល់ លោកអភិបាលខេត្តមណ្ឌលគិរី ស្វាយ សំអ៊ាង នៅប៉ុន្មានថ្ងៃក្រោយ ហើយលោកបានធ្វើការព្រមានធ្ងន់ៗ និងបញ្ជាយ៉ាងដាច់ណាត់ទៅកម្លាំងសមត្ថកិច្ចទាំងនោះ មានលោកនាយនគរបាលប៉ុស្តិ៍ពូជ្រៃ យ៉ាន់ សាណី និងលោក សៅ សុវណ្ណរិទ្ធ អធិការនគរស្រុកពេជ្រាដា  ឲ្យចេញអន្តរាគមន៍ភ្លាម មិនត្រូវទុកឲ្យប្រជាពលរដ្ឋដេកសម្រក់ទឹកភ្នែកដូចនេះទេ។ រហូតដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ ទើបកម្លាំងសមត្ថកិច្ចតាមចាប់បញ្ជូនខ្លួនជនសង្ស័យ។

ថ្លែងក្នុងអង្គប្រជុំនាព្រឹកមិញនេះ លោកអភិបាលខេត្តបានឲ្យដឹងថា «មន្រ្តីនគរបាលនៅមូលដ្ឋាន មានប៉ុស្តិ៍រដ្ឋបាល និងអធិការនគរបាលស្រុក គឺជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់បម្រើសេវាប្រជាពលរដ្ឋ មិនមែនពេលប្រជាពលរដ្ឋមានទុក្ខហើយ មកប្តឹងបែរជាមន្រ្តីទាំងនោះ ធ្វើព្រងើយមិនចាត់ចាត់ការជូនគាត់នោះឡើយ។ ករណីរំលោភមួយ នៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មកលើក្មេងស្រីគថ្លង់ ក្នុងគ្រួសារក្រីក្រពេលដែលក្រុមគ្រួសារមកប្តឹងមន្រ្តីនគរបាលប៉ុស្តិ៍ពូជ្រៃ និងអធិការបែរជាមិនចាត់ការ អាហ្នឹងមូលហេតុអីបានជាមិនចាត់ការឱ្យគ្រួសាររងគ្រោះ ព្រោះវាជាបទល្មើសជាក់ស្តែង វាបានកើតឡើងតាំងពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ មកដល់ថ្ងៃនេះជិត១០ថ្ងៃទៅហើយ ទុកឱ្យគ្រួសាររងគ្រោះដេកសម្រក់ទឹកភ្នែកថា នគរបាលមិនរកយុត្តិធម៌ឱ្យ»

សូមជម្រាបថា នារីរងគ្រោះមានឈ្មោះ ស សន អាយុ១៧ឆ្នាំ ពិការគថ្លង់ ត្រូវបានក្រុមគ្រួសារស្គាល់អត្តសញ្ញាណ ឈ្មោះ រិន បូរ៉ា អាយុ២១ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ជាអ្នករំលោភ។ ម្តាយក្មេងរងគ្រោះបានរៀបរាប់ប្រាប់ថា បានជាជនល្មើសមានឱកាសល្អចាប់កូនស្រីគាត់ យកទៅរំលោភក្នុងព្រៃខាងក្រោយភូមិ បានសម្រចបែបនេះ ដោយសារពួកគាត់ចេញទៅស៊ីឈ្នួលគេទុកកូនស្រីឱ្យនៅចាំផ្ទះ៕