(សៀមរាប)៖ លោក ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងតំណាងស្ថានទូតបារាំង ក្នុងនាមសហប្រធានគណៈកម្មការដឹកនាំ និងតាមដានគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមការងារចម្រុះ នៃអាជ្ញាធរជាតិអប្សរា និងអ្នកជំនាញសាលាបារាំងចុងបូព៌ា ចុះទៅពិនិត្យការងារជួសជុលប្រាសាទមេបុណ្យខាងលិច ដើម្បីតាមដានវឌ្ឍនភាពការងារ និងរួមគ្នាដោះស្រាយឧបសគ្គផ្សេងៗ ដែលក្រុមការងារបច្ចេកទេសជួបប្រទះ។

លោកអគ្គនាយក ស៊ុំ ម៉ាប់ បានថ្លែងយ៉ាងដូច្នេះថា «ប្រាសាទមេបុណ្យខាងលិចត្រូវបានអភិរក្សជួសជុល និងស្តារឡើងវិញ ដោយគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរា និងរដ្ឋាភិបាលបារាំង តាមរយៈសាលាបារាំងចុងបូព៌ា ចាប់ផ្តើមពីឆ្នាំ២០១២មក ដែលគ្រោងនឹងបញ្ចប់ នៅឆ្នាំ២០១៩»។ សហប្រធាននៃគណៈកម្មការដឹកនាំ និងតាមដានគម្រោងជួសជុលនេះ តែងជួបជុំគ្នា២ដងក្នុងមួយឆ្នាំ ដើម្បីតាមដានវឌ្ឍនភាពការងារ និងរួមគ្នាដោះស្រាយឧបសគ្គផ្សេងៗ ដែលក្រុមការងារបច្ចេកទេសជួបប្រទះ ក្នុងដំណើរការរបស់ខ្លួន។

លោក ហង់ ពៅ អគ្គនាយករង និងជាសហប្រធាននៃគម្រោងជួសជុលនេះ បានបញ្ជាក់ថា ជំនួបពិភាក្សារវាងសហប្រធានគណៈកម្មការព្រឹកនេះ ផ្តោតសំខាន់លើការវិវត្តនៃការជួសជុល និងរួមគ្នាដោះស្រាយការលំបាកផ្សេងៗ ដូចជា ការដឹកជញ្ជូនថ្មទៅកាន់ការដ្ឋានជាដើម។ ជាការកត់សម្គាល់ សហប្រធានគណៈកម្មការ មានការពេញចិត្តនឹងដំណើរការជួសជុលនេះ ដែលប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក។

សូមជម្រាបថា ប្រាសាទមេបុណ្យខាងលិច ជាប្រាសាទបុរាណរបស់ខ្មែរ មានទីតាំងស្ថិតនៅលើដីទួលមួយកន្លែង ចំកណ្តាលបារាយណ៍ខាងលិច។ ប្រាសាទនេះ ត្រូវបានស្ថាបនាឡើង នៅអំឡុងពាក់កណ្តាលសតវត្សទី១១ នៃគ្រិស្តសករាជ ក្នុងរាជ្យព្រះបាទឧទយាទិត្យវរ្ម័នទី២ ឧទ្ទិសថ្វាយព្រះវិស្ណុ នៃព្រហ្មញ្ញសាសនា មានលក្ខណៈប្លែកពិសេស ដោយហេតុថា សំណង់ប្រាសាទផ្សំឡើងដោយកំពែងមួយជាន់ ធ្វើអំពីថ្មភក់ ហ៊ុមព័ទ្ធស្រះទឹកធំមួយ ដែលគេជីកនៅលើដីទួលនោះ។

តាមរយៈការធ្វើកំណាយ នៅឆ្នាំ១៩៣៩ គេបានរកឃើញរូបបដិមាជាព្រះវិស្ណុកំពុងផ្ទុំមួយព្រះអង្គ ដែលសព្វថ្ងៃតម្កល់ទុកនៅសារមន្ទីរជាតិភ្នំពេញ៕