(កំពង់ធំ)៖ ចាហួយដូង ទឹកដោះគោជូ ខូចគុណភាព នាំចេញពីប្រទេសវៀតណាម និងថៃ ដែលក្រុមអាជីវករយកដាក់លក់ នៅផ្សារបារាយណ៍ ធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងនោះ ត្រូវបានមន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានរកឃើញ និងប្រមូលយកទៅដុតកម្ទេចចោល។

ការរកឃើញទំនិញខូចគុណភាពទាំងនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ ពេលមន្រ្តីកាំកុង ត្រូល សហការជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី បានបន្តចុះពិនិត្យ ផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅក្នុងផ្សារបារាយណ៍ ស្ថិតនៅភូមិក្រសាំងជ័យ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីចូលរួមលើកកម្ពស់សុខភាព និងសុវត្ថិភាពចំណីអាហារ តាមការណែនាំពីថ្នាក់ដឹកនាំ។

មន្រ្តី​កាំកុងត្រូល​ខេត្តកំពង់ធំ ​បាន​ឲ្យដឹង​ថា ​បន្ទាប់ពី​ចុះ​ត្រួតពិនិត្យ ​ក្រុមការងារ​បាន​រក​ឃើញ​ផលិតផល​ជាច្រើន ​ដែល​ខូចគុណភាព ​ដូចជា៖ ​ចាហួយ​ដូង​ម៉ាក ​Thanh ​Binh ​ចំនួន១០កញ្ចប់ ​ផលិត​នៅ​វៀតណាម​, ​ទឹកដោះ​គោ​ជូ ​រូប​គោ ​ចំណុះ២០០ml ​ចំនួន៤កំប៉ុង ​ផលិត​នៅ​កម្ពុជា​, ​ទឹកដោះ​គោ​ជូ ​ម៉ាក ​Omaga ​ចំណុះ៨៥ ​ml ​ផលិត​នៅ​ប្រទេស​ថៃ ​, ​។ ​បន្ទាប់ពី​រក​ឃើញ​ទំនិញ​ខូចគុណភាព​ទាំងនេះ ​ក្រុមការងារ​ទាំងអស់​បាន​ធ្វើ​កំណត់ហេតុ ​និង​ដកហូត​យក​ទៅ​ដុត​កម្ទេច​ចោល​ផង​ដែរ ​។ ​មន្រ្តី​កាំកុងត្រូល​បាន​ឲ្យដឹង​ថា ​បន្ទាប់ពី​ចុះ​អង្កេត​ទំនិញ​នៅ​ផ្សារ​បារាយណ៍​រួចមក ​ក្រុមការងារ​ក៏បាន​ចុះទៅ​ពិនិត្យ ​ស្តង់​អំបិល ​ដែល​ថៅកែ​ភាគច្រើន ​នាំ​យក​មក​ពី​ខេត្ត ​និង​ប្រទេស​ថៃ ​ដើម្បី​លក់​នៅ​ផ្សារ​បារាយណ៍​នេះ ​ឃើញថា ​លទ្ធផល​គឺ​ល្អ ​ដោយ​អំបិល​ទាំងនោះ ​សុទ្ធតែ​មាន​អ៊ី​យូ​ត​ទាំងអស់ ​។

ក្រុមកាងារក៏បានចែកផ្សាយ នូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹង ពីផលវិបាកដែលបណ្តាល​មកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

ទន្ទឹម​នឹង​នេះ​ក្រុមការងារ​បាន​ណែនាំ​ដល់​អាជីវករ ​ឲ្យ​ចៀស​វៀង​ពី​ការប្រើ​ប្រាស់​សារធាតុគីមី​បន្ថែម ​ទៅលើ​ផលិតផល​ម្ហូបអាហារ ​ឬ​ការកែច្នៃ​ម្ហូបអាហារ ​ដែល​ធ្វើឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព ​និង​បាន​ណែនាំ​អាជីវករ​ឲ្យ​យល់ដឹង​ពីអ​នា​ម័យ ​ការរៀបចំ​ទំនិញ​លក់ដូរ ​ឲ្យ​មាន​សណ្តាប់​ធ្នាប់​ទៅ ​តាម​ប្រភេទ​ទំនិញ​ហូបចុក ​និង​ទំនិញ​ប្រើ​ប្រាស់​ផ្សេង​ៗ ​ដាក់​ដាច់​ដោយ​ឡែ​កៗ​ពីគ្នា ​ចៀស​វៀង​នូវ​ការ​ដាក់​តាំង​លក់ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ​កំប៉ុង​កំ​ពិត ​ប៉ោង ​ច្រេះ​ស៊ី​ស ​និង​ទំនិញ​ដែល​មាន​សារធាតុគីមី​ហាមឃាត់​។

មន្រ្តីកាំកុងត្រូលបានបញ្ជាក់ថា ក្រោមការណែនាំពីសំណាក់ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមផ្ទះ តាមទីផ្សារ ពិសេសទំនិញនាំចូលតាមមាត់ច្រកទ្វារព្រំដែន ដើម្បីចូលរួមចំណែកលើការការពារសុវត្ថិភាព ចំណីអាហារដល់ប្រជាពលរដ្ឋ៕