(តាកែវ)៖ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអំពាវនាវឲ្យ នាយទាហាន, ពលទាហាន និងក្រុមគ្រូសារទាហាន ទៅបោះឆ្នោតឲ្យ បានគ្រប់គ្នា ដោយបោះឆ្នោតគាំទ្រCPP ដើម្បីថែរក្សាសន្តិភាព និងមានការអភិវឌ្ឍន៏ប្រទេសតទៅទៀត។

ការលើកឡើងរបស់ លោក ឡាយ វណ្ណៈ បានធ្វើឡើងខណៈលោកអញ្ជើញជួបសំណេះសំណាលជាមួយ ទាហាន នាយទាហានរង ពលទាហាន និងគ្រួសារកងទ័ពចំនួន ២២០នាក់ ព្រមទាំងសម្ភោធសមិទ្ធផលនានា ក្នុងកងវរសេនាតូច ១១៣ ស្ថិតនៅ ក្នុងភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧។

ក្នុង​ឱកាស​នោះ ​អភិបាលខេត្ត​តាកែវ ​បាន​ថ្លែងអំណរគុណ ​ដល់​នាយទាហាន ​នាយទាហានរង ​និង​ពលទាហាន​ទាំងអស់ ​ដែល​ដែល​ជា​វីរជន​​ដ៏​ពិតប្រាកដ ​ដែល​បាន​លះបង់​សាច់​ស្រស់ ​ឈាម​ស្រស់​ចូលរួម​រំដោះទឹកដី ​ពី​របប​ប្រល័យ ​ពូជសាសន៍ ​និង​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ការពារ​នូវ​ការ​វិលត្រឡប់​មកវិញ​នូវ​របប​ដ៏​យង់ឃ្នង​នេះ ​ព្រមទាំង​ថែរក្សា​សុខ​សន្តិភាព ​ស្ថេរ​ភាព​នយោបាយ ​សណ្តាប់​ធ្នាប់​សង្គម ​រហូត​មានការ​អភិវឌ្ឍន៍ ​ដល់​សព្វថ្ងៃ​។

លោក ​ឡាយ ​វណ្ណៈ ​បាន​បន្ត​ថា ​ជា​ធម្មតា​មន្ត្រី​រាជការ ​ធ្វើពិធី​សំណេះសំណាល​នេះ ​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ​ប្រពៃណី ​ជាតិ ​ប៉ុន្តែ​កងកម្លាំង​ប្រដាប់​អាវុធ ​របស់​យើង ​តែងតែ​ធ្វើ​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ ​ពីព្រោះ​ថា​នៅ​អំឡុង​ពេល ​ដែលគេ​ត្រៀម ​អប​អ​រសាទ​ពិធីបុណ្យ​ចូលឆ្នាំ​នោះ ​កងកម្លាំង​យើង ​ក៏​ត្រូវ​ត្រៀម​រៀបចំ ​ថែរក្សា​សន្តិសុខ ​សុវត្ថិភាព ​សណ្តាប់​ធ្នាប់​សង្គម​ជូន ​បងប្អូន​ប្រជាពលរដ្ឋ​យើង​។

នៅក្នុងពិធីនោះ លោក ឡាយ វណ្ណៈ ក៏បានឧបត្ថម្ភដល់យោធិន ចូលនិវត្តន៍ចំនួន១០រូប នូវថវិកាម្នាក់២០ម៉ឺនរៀលផងដែរ៕