​(តាកែវ)៖ ​លោក​ទេស​រដ្ឋមន្រ្តី ​យឹម ​ណុល​ឡា ​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្សប្រជាជន​កម្ពុជា ​អនុប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្តតាកែវ ​និង​ជា​សហប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ស្រុក​ព្រៃកប្បាស ​ខេត្តតាកែវ ​បាន​ក្រើនរំលឹក​ដល់​ប្រធាន​ក្រុម​បក្ស ​និង​អនុប្រធាន​ក្រុម​បក្ស​ទាំងអស់​នៃ​ឃុំ​ព្រៃកប្បាស​ត្រូវ​បន្ត​បម្រើប្រជាជន​ឲ្យអស់​ពីចិត្ត​ថ្លើម​។​

​លោក​បន្ត​ទៀត​ថា ​គោលបំណង​ជាចម្បង​របស់​គណបក្សប្រជាជន​កម្ពុជា​គឺ​ធ្វើឲ្យ​ប្រជាជន​មាន​ជីវភាព​កាន់តែ​រីកចម្រើន​ល្អ​ប្រសើរ​ជាលំដាប់​។ ​រាជរដ្ឋាភិបាល​កម្ពុជាក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើឲ្យ​សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​ជាបន្តបន្ទាប់​។​

ជាក់ស្តែង​ក្នុង​ដំណើរ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ក្នុង​ឆ្នាំ២០១៦ ​កម្ពុជា​ធានា​បាន​នូវ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច ​ដោយ​ក្នុង​នោះ​កំណើន​សេដ្ឋកិច្ច​មាន​កំណើន៧​% ​អតិផរណា​រក្សា​បាន​កម្រិតទាប​ជាង៥​% ​អត្រា​ប្តូរ​ប្រាក់​មាន​ស្ថិរភាព​ក្នុងរង្វង់​ជាង ​៤ពាន់​រៀល​បន្តិច​ក្នុង ​១ដុល្លារ​អាមេរិក ​ផលិតផល​សរុប​ក្នុង​ស្រុក​ជាមធ្យម​សម្រាប់​មនុស្ស​ម្នា​ក់ៗ​កើន​ពី ​៧៦០ដុល្លារ​អាមេរិក ​ក្នុង​ឆ្នាំ២០០៨ ​ដល់១៣០០ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០១៦​។ ​នៅ​ឆ្នាំ២០១៧នេះ ​កម្ពុជា​បាន​ចាកចេញ​ពី​ចំណាត់ថ្នាក់​ជា​ប្រទេស​ចំណូល​ទាប​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតទាប ​និង​សម្រេច​ឲ្យបាន​នូវ​គោលដៅ​ជាតិ​ដែល​មានបំណង​ប្រែក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​ខ្ពស់​នៅ​ឆ្នាំ២០៣០ ​និង​ជា​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ២០៥០​។

លោក ​យឹម ​ណុល​ឡា ​ថ្លែង​ដូច្នេះ ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រធាន​ក្រុម​បក្ស ​និង​អនុប្រធាន​ក្រុម​បក្ស​ជាង៤០០នាក់ ​នៅ​ឃុំ​ព្រៃកប្បាស ​ស្រុក​ព្រៃកប្បាស ​ខេត្តតាកែវ ​នា​រសៀល​ថ្ងៃទី២៣ ​ខែមេសា ​ឆ្នាំ២០១៧ ​ដោយមាន​ការចូលរួម​ពី ​លោក ​កែវ ​រ៉េ​មី ​អនុប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ស្រុក​ព្រៃកប្បាស ​លោក ​ហង្ស ​ម៉ើន ​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ឃុំ​ព្រៃកប្បាស ​និង​ក្រុមការងារ​ថ្នាក់​ឃុំ ​ស្រុក ​និង​ថ្នាក់​ខេត្ត​ផង​ដែរ​។​

​​លោក​ទេស​រដ្ឋមន្រ្តី ​យឹម ​ណុល​ឡា ​បាន​ជម្រាប​ជូន​ប្រធាន​ក្រុម​បក្ស ​និង​អនុប្រធាន​ក្រុម​បក្ស​ទាំងអស់​ពីសា​រៈសំ​ខាន់​នៃ​ការបោះឆ្នោត​ឃុំ​-​សង្កាត់ ​ព្រោះ​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ជា​អង្គ​បោះឆ្នោត​អ​សាកល​ក្នុង​ការ​ជ្រើសរើស​សមាជិកព្រឹទ្ធសភា ​និង​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ស្រុក ​ខណ្ឌ ​ហើយ​មេឃុំ​-​ចៅសង្កាត់​ជា​អ្នកតែង​តាំង​មេភូមិ ​និង​អនុប្រធាន​ភូមិ​។​

ដូច្នេះ​ភារកិច្ច​ចំពោះមុខ​របស់​ប្រធាន​ក្រុម​បក្ស ​និង​អនុប្រធាន​ក្រុម​បក្ស​ត្រូវ​ថែរក្សា​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​ឲ្យ​មាន​រឹងមាំ​នៅ​គ្រប់​កាលៈទេសៈ ​និង​គ្រប់​ស្ថានភាព ​ត្រូវ​គាំទ្រ​បេក្ខជន​របស់​បក្ស​យើង​។ ​សមាជិក​បក្ស​ម្នា​ក់ៗ​ជា​សន្លឹកឆ្នោត​មួយ​សន្លឹក​របស់​បក្ស​ពិតប្រាកដ​។ ​ព្រម​ជាមួយ​នោះ​ខិតខំ​ចលនា​ឲ្យ​គ្រួសារ​មាន ​ប្រពន្ធ​ឬ​ប្តី ​ឪពុក​ម្តាយ​បង្កើត ​ឪពុក​ម្តាយក្មេក ​កូនចៅ ​និង​បងប្អូន​ឲ្យ​បោះឆ្នោត​ជូន​គណបក្សប្រជាជន​កម្ពុជា​នា​ថ្ងៃទី០៤ ​ខែមិថុនា ​ឆ្នាំ២០១៧ខាងមុខនេះ​៕