(មណ្ឌល​គិ​រី)៖ ​ក្មេងស្រី ​គ​-​ថ្លង់​ម្នាក់ ​ត្រូវ​បាន​ជនសង្ស័យ​នាំ​យក​ទៅ​ក្នុង​ព្រៃ​ក្បែរ​ភូមិ​រំលោភ​បានសម្រេច ​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ ​នៅក្នុង​ភូមិ​ពូ​តាង ​ឃុំ​ពូ​ជ្រៃ ​ស្រុក​ពេជ្រា​ដា ​ខេត្តមណ្ឌលគិរី ​បន្ទាប់ពី​មានរឿង​រ៉ាវ​បែបនេះ ​ឪពុក​ម្តាយ​ក្មេងស្រី​រងគ្រោះ​ខំ​រត់​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ខាងលើ​ឲ្យ​ជួយ​ចាប់​ជនល្មើស ​បែរជា​មេ​ប៉ុស្តិ៍ ​និង​លោក​អធិការ ​ស្រុក​ពេជ្រា​ដា ​មិន​ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ​ទៅវិញ​។​

​មហាជន ​និង​ក្រុម​គ្រួសារ​ក្មេងស្រី​រងគ្រោះ ​នៅ​រង់ចាំ​មើល​ចំណាត់​ថា​តើ​លោក ​យ៉ាន់ ​សាណី ​នាយ​ប៉ុស្តិ៍​ពូ​ជ្រៃ ​និង​លោក ​សៅ ​សុ​វណ្ណ​រឹ​ទ្ធ ​អធិការ​ស្រុក​ពេជ្រា​ដា ​មាន​សមត្ថភាព ​ឬ​អសមត្ថភាព​ចាត់ការ​រឿង​នេះ​ដែរ​ឬទេ ​ព្រោះ​ក្មេងស្រី​រងគ្រោះ​នូវ​អំពើ​រំលោភ​នោះ​ត្រូវ​បាន​នគរបាល​ការិយាល័យ​ជំនាញ ​ប្រឆាំង​ការ​ជួញដូរ ​និង​ការពារ​អនីតិជន ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បីឲ្យ ​ក្រុម​វេជ្ជបណ្ឌិត​ធ្វើ​កោសល​វិ​ច្ច័​យ្យ​ជា​លទ្ធផល​បង្ហាញថា ​ពិតជា​មានការ​រំលោភ​បានសម្រេច​ពិតប្រាកដ​មែន​។

ទោះបីមានភស្តុតាងច្បាស់យ៉ាងនេះក្តី សមត្ថកិច្ចនៅមូលដ្ឋានមានលោកមេប៉ុស្តិ៍ និងលោកអធិការស្រុក មិនខ្ចីអើពើធ្វើការឃាត់ខ្លួនជនបង្កនោះឡើយ។

លោក ​សូត ​រត្ថា ​និង​អ្នកស្រី ​ឆេង ​ធឿន ​ជា​ឪពុក​ម្តាយ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ​សូត ​ស្រី​នី​ត ​អាយុ១៧ឆ្នាំ ​បាន​ឲ្យដឹង​នៅ​ថ្ងៃទី២៤ ​ខែមេសា ​ឆ្នាំ២០១៧នេះ​ថា ​នៅ​ថ្ងៃកើត​ហេតុ​គឺ​ថ្ងៃទី១៧ ​ខែមេសា ​ឆ្នាំ២០១៧ ​កូនស្រី​របស់​គាត់​ត្រូវ​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ​រិន ​បូរ៉ា ​អាយុ២១ឆ្នាំ ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ​ខណៈ​ដែល​ពួកគាត់​មិន​នៅផ្ទះ​ជនល្មើស​ខាងលើ​បាន​នាំ​កូនស្រី​គាត់​ចូល​ទៅ​ក្នុង​ព្រៃ​ក្រោយ​ភូមិ ​រំលោភ​បានសម្រេច​នៅ​ថ្ងៃបន្ទាប់ ​រូប​គាត់​ទាំងពីរ​នាក់​ប្តី​និង​ប្រពន្ធ​នាំគ្នា​ទៅ​ប្តឹង​លោក​មេ​ប៉ុស្តិ៍​ពូ​ជ្រៃ ​ប៉ុន្តែ​នគរបាល​នៅ​ប៉ុស្តិ៍​នេះ​មិន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នោះ​ឡើយ​។​ ​មិន​តែប៉ុណ្ណោះ​លោក ​សៅ ​សុ​វណ្ណ​រឹ​ទ្ធ ​អធិការ​ស្រុក​​ពេជ្រា​ដា ​បញ្ជា​មក​លោក​មេ​ប៉ុស្តិ៍ ​ពូ​ជ្រៃ ​ថា​មិន​ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ​ទៅវិញ​ដោយ ​សំអាង​ថា​គ្មាន​ភស្តុតាង​ច្បាស់លាស់​។​

​តាំងពី​កើតហេតុ ​រហូតមកដល់​ថ្ងៃនេះ​មាន​រយៈពេល​ជាង​មួយ​សប្តាហ៍​ហើយ ​គេ​ពុំ​ទាន់​ឃើញ​សមត្ថកិច្ច​នគរបាល​នៅ​មូលដ្ឋាន​នោះ​ផ្ទាល់ ​មាន​លោកនាយ​ប៉ុស្តិ៍ ​យ៉ាន់ ​សាណី ​លោក ​សៅ ​សុ​វណ្ណ​រឹ​ទ្ធ ​អធិការ​ស្រុក​ពេជ្រា​ដា ​បាន​បណ្តែតបណ្តោយ​ឲ្យ​ជនល្មើស​នៅ​មាន​សេរីភាព​យ៉ាង​រំភើយ ​គ្មាន​ការ​រំខាន​ពី​សមត្ថកិច្ច​នៅ​ទីនោះ​ឡើយ​។

ពួកគាត់​ជា​ឪពុក​ម្តាយ​ក្មេងស្រី​រងគ្រោះ ​បាន​ត្រឹម​អង្គុយ​សម្រក់​ទឹកភ្នែក​ជាង​មួយ​សប្តាហ៍​មក​ហើយដោយ​សារ ​លោក​មេ​ប៉ុស្តិ៍​និង​លោក​អធិការ​ស្រុក​មិន​ជួយ​រក​យុត្តិ​ធ៌ ​ដល់​ក្រុម​គ្រួសារ​គាត់​កំពុង​ជួប​បញ្ហា​បែបនេះ​។​

​ក្រុម​គ្រួសារ​មួយ​នេះ ​បាន​ធ្វើការ​សំណូមពរ​ដល់ ​លោក ​តូច ​យ៉ុន ​ស្នងការ​ខេត្តមណ្ឌលគិរី ​សូម​មេត្តា​ជួយ​រក​យុត្តិ​ធ៌ដ​លក្រុម​គ្រួសារ​គាត់​ផង ​ជាពិសេស​កូនស្រី​គាត់​ដែល​កំពុង​ជួប​នៅ​វិបត្តិ​ផ្លូវ​ចិ​ត្ត​ដ៍​ធ្ងន់ធ្ងរ ​និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​មក​លើ​ជន​បង្ក​ឲ្យបាន​ឆាប់រហ័ស​ផង​ដែរ​។​

​យ៉ាងណាមិញ ​លោក ​យ៉ាន់ ​សាណី ​មេ​ប៉ុស្តិ៍​ពូ​ជ្រៃ ​បាន​ឲ្យដឹង​នៅ​រសៀល​ថ្ងៃទី២៤ ​ខែមេសា​នេះ​ថា ​កំពុងធ្វើការ​ស្រាវជ្រាវ​លើ​ករណីនេះ​ហើយ​។​

​ចំណែក ​លោក ​សៅ ​សុ​វណ្ណ​រឹ​ទ្ធ ​អធិការ​ស្រុក​ពេជ្រា​ដា ​បាន​បញ្ជាក់​ថា ​មិន​ឃាត់ខ្លួន​ព្រោះ​វា​មិន​នៅ​ឲ្យ​ប៉ូលី​ស ​ឃាត់ខ្លួន​ផង​ហ្នឹង​! ​លោក​អធិការ​បាន​បន្ត​យ៉ាង​ខ្លី​ថា ​ឡូវ​សំណុំរឿង​នេះ​បាន​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​អស់ហើយ​៕