(បន្ទាយមានជ័យ)៖ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទំនិញ ផលិតផល ដែលដាក់ទឹកលក់នៅផ្សារអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កម្លាំងកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ក្រោមការសម្របសម្រួលពី លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងមានការបញ្ជាផ្ទាល់ពី លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្ត បានរឹបអូសទំនិញខូចគុណភាពជាច្រើន ដើម្បីទុកយកទៅកម្ទេចចោលនៅពេលក្រោយ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក ហុង លៀង អនុប្រធានសាខាទទួលបន្ទុកការិយាល័យប្រមូលចំណូល និងទីផ្សារ នៃសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ហើយលោកបានថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះថា ទំនិញទាំងនោះរួមមាន៖ ចាហ៊ួយ១២កែវ ទឹកក្រូចដប៦០ដប ទឹកគូលែនកំប៉ុង១២កំប៉ុង ទឹកក្រូចកំប៉ុង១៤កំប៉ុង ទឹកដោះគោក្រដាស៤ប្រអប់ និងត្រីខ៦កំប៉ុង ដែលផលិតផលទាំងនេះ សុទ្ធសឹងតែនាំចូលពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិ។

ខណៈនោះ ក្រុមមន្រ្តីចម្រុះខាងលើ បានដើរណែនាំដល់អាជីវករ និងអតិថិជនអ្នកទិញ ពីបញ្ហានៃការប្រើប្រាស់ ការបរិភោគ និងការលក់ដូររបស់របរខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ជាដើម ព្រមទាំងបានបិទរូបសញ្ញាណែនាំអប់រំពីបញ្ហានេះ នៅតាមទីមួយចំនួនក្នុងផ្សារអូរ៣ជាន់នោះផងដែរ៕