(ភ្នំពេញ)៖ សាលាអន្ដរជាតិ South Bridge International School Cambodia (SISC) ត្រូវបានបើសម្ពោធជា​ផ្លូវការហើយ ដែលជាសាលាផ្ដល់ការអប់រំ ជាលក្ខណៈអន្ដរជាតិលើកម្មវិធីសិក្សាពីរភាសា (Bi- lingual Programme) ព្រមទាំង​ផ្ដោតសំខាន់ទៅលើគុណភាពជាចំបង ពិធីសម្ពោធនេះធ្វើឡើងក្រោមអធិបតីភាព​ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃសាលាអន្តរជាតិ South Bridge នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ។

លោក ហង់​ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានសើ្នសូមឲ្យមាតាបិតាទាំងអស់នៅកម្ពុជា យក​ចិត្ត​ទុកដាក់ឲ្យខ្ពស់​បំផុតក្នុងការបណ្ដុះបណ្ដាល​កូនរបស់ខ្លួនតាំងពីពួកគេនៅក្មេង ដោយបណ្ដុះបណ្ដាលចាប់ពីថ្នាក់​មតេយ្យសិក្សា រហូតដល់ថ្នាក់បញ្ចប់ការសិក្សា។

ការថ្លែងស្នើ​បែបនេះ របស់លោករដ្ឋមន្ដ្រី ក្រសួងអប់រំ យុវជន និងកីឡា ធ្វើឡើងនាឱកាសដែលលោក​បានចូលរួមសម្ពោធជាផ្លូវការ ​សាលាអន្ដរជាតិ South Bridge របស់អ្នកឧកញ៉ា គិត ម៉េង នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧។ ដោយមានការចូលរួមពីសំណាក់ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុម​ប្រឹក្សាភិបាល នៃសាលាអន្ដរជាតិ South Bridge លោកស្រី ម៉ៅ ចំណាន មាតាបិតាសិស្ស និងសិស្សានុសិស្ស ព្រមទាំងភ្ញៀវ​កិត្តិយស យ៉ាងច្រើនកុះករ។

លោក ហង់ ជួនណារ៉ុន បានថ្លែងឲ្យដឹងថា «នៅពេលបច្ចុប្បន្ននេះ មាតាបិតាយល់ពីសារៈសំខាន់ នៃការអប់រំកូន ការអប់រំនេះទាមទារ​នូវការបណ្ដុះបណ្ដាល ពីក្រោមមក ដើម្បីជាមូលដ្ឋានគ្រឹះ​ដ៏សំខាន់ ហើយខ្ញុំស្នើ​សូមឲ្យមាតាបិតា​យកចិត្តទុកដាក់ បណ្ដុះកូន​តាំងពីក្មេងឡើងទៅ ដោយបណ្ដុះបណ្ដាល​តាំង​ពីមតេយ្យសិក្សា បឋមសិក្សា ដើម្បីឲ្យពួកគាត់មានបំនិន​ គ្រប់ជ្រុងជ្រោយ»។

លោកថ្លែងបន្ដទៀតថា «ចំពោះការបង្កើត​សាលា South Bridge នេះឡើង ដើម្បីផ្ដល់ឱកាសឲ្យផ្នែកឯកជន ចូលរួមផ្ដល់សេវា​ប្រកបដោយគុណភាព ហើយក្រសួង ក៏មានគោលដៅក្នុងការពង្រឹង​គុណភាពអប់រំ នេះគឺជាឱកាសមួយ ដើម្បីឲ្យកុមារ​​មាតាបិតាកម្ពុជា បញ្ជូនកូនមករៀននៅទីនេះ ជាជាងបញ្ជូនកូនទៅរៀន​នៅបរទេស ហើយនេះ គឺជាផ្នែកមួយក្នុងការកាត់បន្ថយចំណាយ ក៏ដូចជាផ្ដល់ឱកាសកាន់តែច្រើន ឲ្យសិស្សានុសិស្សទទួលបានការអប់រំ មួយប្រកបដោយគុណភាព»។

លោកបានបញ្ជាក់បន្ថែម​ទៀតថា ការបង្រៀននៅសាលា ដែលមានស្ដង់ដារអន្ដរជាតិនេះ នឹងធ្វើការឲ្យសិស្សានុសិស្ស មានគំនិតទូលំ​ទូលាយបន្ថែមទៀត។ លោកថា «ខ្ញុំសូមថ្លែងអំណរគុណ ដល់សាលា South Bridge ដែលបានបញ្ជូលកម្មវិធីសិក្សារបស់យុវជន និងកីឡា ដូច្នេះយើងរៀន​ទាំងកម្មវិធីភាសាបរទេស និងរៀនទាំងកម្មវិធី​ ភាសាខែ្មរ»។

ជាមួយគ្នានេះដែរលោក Raymond Yager អគ្គនាយកប្រតិបត្តិនៃសាលាអន្ដរជាតិ South Bridge បានថ្លែងឲ្យដឹងថា «យើង​មានមោទនភាពយ៉ាងខ្លាំងដែល សាលាអន្ដរជាតិ South Bridge ត្រូវបានសម្ពោធជាផ្លូវការក្នុងថ្ងៃនេះ។ សាលាអន្ដរជាតិ South Bridge ផ្ដោតលើកម្មវិធីសិក្សាដែលទទួលស្គាល់ជាលក្ខណៈអន្ដរជាតិ ដែលយើងបានទទួល​អាជ្ញាប័ណ្ណពី​ចក្រភពអង់គ្លេស។ កម្មវិធីសិក្សានេះត្រូវបានរៀបចំឡើងដោយធានាឲ្យបាននូវការសិក្សា យ៉ាងម៉ត់ចត់ ក្នុងគោលបំណង​ចូលរួមអភិវឌ្ឍសិស្សានុសិស្ស ដើម្បីក្លាយទៅជាបុគ្គលដែលប្រកបដោយសម្បជញ្ញៈ បុគ្គលដែលចេះដោះស្រាយ​បញ្ហាបានព្រមជាមួយនឹងស្ដង់ដារនៃវិជ្ជាជីវៈ ហើយនឹងក្លាយជាអនាគតអ្នកដឹកនាំតាមជំនាញដែលពួកគេជ្រើសរើស»។

សូមបញ្ជាក់ថា សាលាអន្ដរជាតិ South Bridge គឺជាសាលាដែលផ្ដល់ការអប់រំ លក្ខណៈអន្ដរជាតិផ្ដោត​លើកម្មវិធីសិក្សា ពីភា​សារ (Bi- lingual Programme) ដែលអាចទទួលសិស្ស រហូតដល់២៥០០នាក់។ សាលាអន្ដរជាតិនេះ បានចាប់ផ្ដើមបើកទ្វារ ទទួល​សិស្សតាំងពីខែមករា ឆ្នាំ២០១៧ ចាប់ពីកម្រិតទារកដ្ឋាន រហូតដល់ថ្នាក់ទី៦ ដែលមានទីតាំងស្ថិត នៅអាគារលេខ៥៦៧ ផ្លូវ ប៉ូឡារីស បុរីប៉េងហួត បឹងស្នោរ ខណ្ឌច្បារអំពៅ តាមបណ្ដោយផ្លូវជាតិលេខ១ រាជធានីភ្នំពេញ។

សម្រាប់ឆ្នាំសិក្សា ២០១៧-២០១៨ បានចាប់ផ្ដើមបវេសនការ​នៅខែមិថុនានេះ ហើយនឹងបើកទទួលសិស្ស រហូតដល់ថ្នាក់អនុវិទ្យាល័យ រីឯថ្នាក់វិទ្យាល័យ នឹងបើកនៅឆ្នាំសិក្សាបន្ទាប់៕