(ភ្នំពេញ)៖ ប្រធានសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ លោក ទី រ៉ូនី នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ បានដឹកនាំកម្លាំង​មន្រ្តីកាំ​កុងត្រូល  ​សហការជាមួយមន្រ្តីនាយកដ្ឋានការពារអ្នកប្រើប្រាស់ នៃអគ្គនាយកដ្ឋានកាំកុងត្រូល ចុះត្រួតពិនិត្យប្រេងឥន្ទនៈ នៅតាមសា្ថនីយ៍មួយចំនួន តាមបណ្តោយផ្លូវលេខ២០១១ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោក ទី រ៉ូនី បានបញ្ជាក់ថា ជាលទ្ធផលក្នុងការចុះត្រួតពិនិត្យឃើញថា គុណភាពកម្រិតអុកតានប្រេងសាំងធម្មតា និងប្រេងសាំងស៊ុបពែ បង្ហាញថា មានកម្រិតអុកតានសមស្របតាមស្តង់ដា ដែលមន្ត្រីកាំកុងត្រូលបានកំណត់។

បន្ទាប់មក លោកប្រធានសាខា បានធ្វើការណែនាំឲ្យម្ចាស់ស្ថានីយ៍ឈប់លក់ប្រេងសាំងគ្រប់ប្រភេទ ដែលមានអុកតានមិនត្រឹមត្រូវតាមកម្រិតស្តង់ដា និងអំពាវនាវដល់ម្ចាស់ស្ថានីយ៍ទាំងឡាយ ចូលរួមគោរពតាមការណែនាំរបស់មន្ត្រីជំនាញ៕