(ភ្នំពេញ)៖ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការតម្រង់ទិសមន្រ្តីរាជការក្របខណ្ឌថ្មី នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ លោក គង់ សូលីដា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងទេសចរណ៍ បានថ្លែងថា នៅឆ្នាំ២០២០ កម្ពុជាត្រូវបានកម្លាំងពលកម្មបម្រើការក្នុងវិស័យទេសចរណ៍ប្រមាណ ១លាននាក់ សម្រាប់បំពេញតម្រូវការសេវាកម្ម និងការងារជាច្រើនទៀត ជូនទេសចរអន្តរជាតិយ៉ាងតិច ៧លាននាក់ និងទេសចរក្នុងស្រុករាប់លាននាក់ទៀត។

លោកថ្លែងយ៉ាងដូច្នេះថា «ជាទិសដៅយុទ្ធសាស្រ្ត នៅឆ្នាំ២០២០ ក្រសួងទេសចរណ៍នឹងខិតខំទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឲ្យបានយ៉ាងតិច ៧លាននាក់ និងត្រូវបង្កើតការងារឲ្យបានប្រមាណ ១លាននាក់ ហើយផ្ដល់នូវប្រាក់ចំណូលចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ ឲ្យបានប្រមាណ ៥,០០០លានដុល្លារ»។

លោកអគ្គនាយកបានបន្តថា ដើម្បីសម្រេចបានគោលដៅទាំងនេះ ក្រសួងទេសចរណ៍បានដាក់ចេញផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ ២០១២-២០២០ ផ្ដោតលើការងារអទិភាពចំនួន ៥ចំណុច រួមមាន៖
១៖ បង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ និងការទាក់ទាញវិនិយោគិនពីបរទេស
២៖ ពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ (សេវាមួយ ស្ដង់ដារមួយ)
៣៖ បណ្ដុះបណ្ដាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ (បុគ្គលិកម្នាក់ ជំនាញមួយ)
៤៖ បង្កើនការឃោសនាផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅក្រៅប្រទេស និងជំរុញទេសចរក្នុងស្រុក
៥៖ បន្តអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការរៀបចំរចនាសម្ព័ន្ធថ្មីរបស់ក្រសួងទេសចរណ៍ ឲ្យបានសមស្រប។

លោកបានប្រាប់សិក្ខាកាមថ្មីថា កាលណាប្រទេសមានសុខសន្តិភាព វិស័យទេសចរណ៍ និងវិស័យដទៃទៀតនឹងមានការរីចម្រើន ភ្ញៀវទេសចរអន្តរជាតិក៏នឹងមកទស្សនាកាន់តែច្រើនឡើងដែរ ជាក់ស្ដែង តាំងពីឆ្នាំ១៩៩៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ១១ម៉ឺននាក់, នៅឆ្នាំ១៩៩៨ ទទួលបាន២៨ម៉ឺននាក់, ឆ្នាំ២០០៣ ទទួលបាន៧០ម៉ឺននាក់, ឆ្នាំ២០០៨ ទទួលបាន២លាននាក់, ឆ្នាំ២០១៣ ទទួលបាន៤.៥លាននាក់, ឆ្នាំ២០១៥ ទទួលបាន៤.៧លាននាក់។ ដោយឡែក ឆ្នាំ២០១៦កន្លងមកនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៥លាននាក់ ក្នុងកំណើន ៥% ហើយវិស័យទេសចរណ៍បានបង្កើតការងារដោយផ្ទាល់ជាង ៦០ម៉ឺននាក់ បាននាំមកនូវចំណូលជូនជាតិប្រមាណ ៣,៤០០លានដុល្លារ និងរួមចំណែកប្រមាណ ១២% នៃផលិតផលក្នុងស្រុកសរុប (GDP)។

គិតត្រឹមឆ្នាំ២០១៧ មន្រ្តីរាជការដែលបម្រើការក្នុងវិស័យទេសចរណ៍ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានចំនួន ១,១៦៤នាក់   ខណៈឆ្នាំ២០១៦ ក្រសួងបានជ្រើសរើសមន្រ្តីក្របខណ្ឌថ្មីចំនួន ១០១នាក់ ដែលត្រូវធ្វើការបណ្ដុះបណ្ដាលនាពេលនេះ។

សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលស្ដីពី ការតម្រង់ទិសមន្រ្តីរាជការក្របខណ្ឌថ្មីនេះ ប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥-២៦-២៧-២៨ ខែមេសា ឆ្នាំ២០១៧ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលមានមន្រ្តីក្របខណ្ឌថ្មីចូលរួមចំនួន ១០០នាក់ ក្នុងនោះមកពីទីស្ដីការក្រសួងទេសចរណ៍ចំនួន ៣៤នាក់ និងមកពីមន្ទីរទេសចរណ៍រាជធានី-ខេត្តចំនួន ៦៦នាក់ បង្ហាត់ដោយលោកគ្រូ អ្នកគ្រូជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃនាយកដ្ឋានធនធានមនុស្ស និងនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅដែលមានបទពិសោធន៍ការងារយូរឆ្នាំ៕